November 17, 2024

Language:

សិក្ខាសាលាកម្រិតជាន់ខ្ពស់លើកទី៣ស្តីអំពី “គោលនយោបាយអន្តរជាតិលើសន្តិសុខអ៊ិនធឺណិត និងការទូតសម្រាប់ប្រទេសកម្ពុជា ឡាវ ភូមា និងវៀតណាម”

ខេត្តសៀមរាបៈ ចាប់ពីថ្ងៃព្រហស្បតិ៍ ១១រោច ដល់ថ្ងៃសុក្រ ១២រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៦-០៧ ខែកញ្ញា ឆ្នាំ២០១៨ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយនឹងមូលនិធី ICT4Peace បានរៀបចំសិក្ខាសាលាកម្រិតជាន់ខ្ពស់លើកទី៣ ស្តីអំពី “គោលនយោបាយអន្តរជាតិលើសន្តិសុខអ៊ិនធឺណិត និងការទូតសម្រាប់ប្រទេសកម្ពុជា ឡាវ ភូមា និងវៀតណាម (3rd Senior Level Workshop on International Cyber Security Policy and Diplomacy for CLMV Countries” នៅសណ្ឋាគារបុរីអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប។ សិក្ខាសាលានេះត្រូវបានបើកក្រោមអធិបតីភាព លោក នាង ម៉ៅ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលមានសិក្ខាកាមសរុបចំនួន៣៩រូប តំណាងមកពីប្រទេសកម្ពុជា ឡាវ ភូមា និង វៀតណាម និងរួមមានតំណាងក្រសួង-ស្ថាប័នរដ្ឋ ប្រតិបត្តិករទូរគមនាគមន៍/អ៊ិនធឺណិត សាកលវិទ្យាល័យ និងអង្គការជាតិ។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីគាំទ្រដល់កិច្ចសហប្រតិបត្តិការដែលកំពុងប្រព្រឹត្តទៅក្នុងចំណោមប្រទេស កម្ពុជា ឡាវ ភូមា និង វៀតណាម ក្នុងវិស័យសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងដើម្បីបង្កើនការយល់ដឹងអំពីតួនាទីរបស់ច្បាប់អន្តរជាតិ បទដ្ឋាននៃទំនួលខុសត្រូវនូវអាកប្បកិរិយារបស់រដ្ឋ និងវិធានការកសាងទំនុកចិត្តសម្រាប់សន្តិសុខក្នុងលំហរបច្ចេកវិទ្យា។

សិក្ខាសាលានេះមានគោលបំណងដើម្បី៖

– ផ្តល់ឲ្យសិក្ខាកាមទទួលបាននូវចំណេះដឹងពាក់ព័ន្ធទៅនឹងបរិបទនៃសន្តិសុខបច្ចេកវិទ្យា រួមទាំងហានិភ័យដែលអាចកើតមានឡើងក្នុងថ្នាក់តំបន់ និងសាកល

– ប្រទេសកម្ពុជា ឡាវ ភូមា និង វៀតណាម បានធ្វើបទបង្ហាញចែករំលែក និងផ្តោះផ្តូរយោបល់អំពីបញ្ហាប្រឈមនៃសន្តិសុខបច្ចេកវិទ្យាដែលកំពុងតែកើតមាន និងគោលនយោបាយនៃរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍វិស័យសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដែលក្នុងនេះកម្ពុជាក៏មានបញ្ហាប្រឈមដូចជា កង្វះខាតនូវច្បាប់ពាក់ព័ន្ធ ដើម្បីជួយគាំទ្រដល់វិស័យមួយនេះផងដែរ

– លើកឡើង និងពិភាក្សាគ្នាអំពីផែនការយុទ្ធសាស្រ្តនៃច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលបានចេញផ្សាយដោយ OSCE និង UN GGE ផ្តោតសំខាន់ដូចជា ១/ការកសាងទំនុកចិត្តថ្នាក់តំបន់ និងសាកល ដើម្បីកាត់បន្ថយហានិភ័យ និងជម្លោះដែលអាចផ្តើមពីការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ២/ការកសាងនិយាមក្បួនខ្នាត ច្បាប់ និងគោលការណ៍សម្រាប់ការទទួលខុសត្រូវនៃការប្រព្រឹត្តរបស់រដ្ឋ ៣/កិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំនួយនៅក្នុងសន្តិសុខ ICT និងការពង្រឹងសមត្ថភាព ៤/ការផ្លាស់ប្តូរព័ត៌មានអំពីហានិភ័យនៅកំរិតជាតិ និងអន្តរជាតិ រួមទាំងការការពារទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ (Critical Infrastructure) ៥/ការទប់ស្កាត់ និងការដោះស្រាយឧប្បទេវហេតុតាមរយៈយន្តការក្រុមឆ្លើយតបបញ្ហាបន្ទាន់ (CERT) ៦/ច្បាប់អន្តរជាតិត្រូវអនុវត្ត ក្នុងការប្រើប្រាស់ ICTs ៧/ការលើកទឹកចិត្តដល់វិស័យឯកជន សង្គមស៊ីវិល និងវិស័យអប់រំដើម្បីជម្រុញការប្រើប្រាស់ កាស្រាវជ្រាវ និងការអភិវឌ្ឍសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

– លើកឡើង និងតាមដានទៅលើសេចក្តីថ្លែងការណ៍របស់ប្រមុខរដ្ឋរដ្ឋាភិបាលនៃរដ្ឋសមាជិកអាស៊ានលើកឡើងកាលពីកិច្ចប្រជុំ ASEAN Summit លើកទី៣២ នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ដែលប្រធានអង្គប្រជុំបានស្នើសុំឱ្យរដ្ឋមន្ត្រីនៃរដ្ឋសមាជិកអាស៊ានរកយន្តការកំណត់នូវបទដ្ឋាននៃទំនួលខុសត្រូវ នូវអាកប្បកិរិយារបស់រដ្ឋ ក្នុងលំហបច្ចេកវិទ្យាដ៏ល្អមួយសម្រាប់អាស៊ានអាចយកមកអនុម័ត និងអនុវត្ត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើការការពារទិន្នន័យផ្ទាល់ខ្លួននៅក្នុងលំហបច្ចេកវិទ្យា សិក្ខាសាលាក៏លើកឡើងអំពីការអនុវត្តល្អៗ ក្នុងការកសាងយុទ្ធសាស្រ្ត និងច្បាប់ពាក់ព័ន្ធសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងផ្តល់ការអនុវត្តផ្ទាល់ដល់សិក្ខាកាមដើម្បីពិភក្សាជាក្រុមក្នុងកាបង្កើតនូវយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍន៍វិស័យសន្តិសុខបច្ចេកវិទ្យា

– កម្ពុជាបានលើកឡើងអំពីកិច្ចសហការក្នុងតំបន់ និងសកល ប៉ុន្តែកម្ពុជាមិនទាន់មានកិច្ចសហការល្អក្នុងកម្រិតជាតិនៅឡើយទេ ដូចជាវិស័យអប់រំ វិស័យឯកជន និងសង្គមស៊ីវិលដើម្បីរុញច្រាន និងអភិវឌ្ឍន៍សន្តិសុខបច្ចេកវិទ្យាស្របទៅតាមគោលនយោបាយដែលមានស្រាប់។

សរុបសេចក្តីមក សិក្ខាសាលាខាងលើនេះបានផ្តល់ជាចំណេះដឹងទូលំទូលាយស្តីអំពីស្ថានភាពបច្ចុប្បន្នពាក់ព័ន្ធនឹង Cybersecurity និង Cyber Diplomacy ដែលកំពុងតែជជែកគ្នាក្នុងតំបន់ និងសាកលហើយដើម្បីបង្កើតបណ្តាញរវាងអ្នកការទូត អ្នកធ្វើគោលនយោបាយ និងអ្នកដោះស្រាយបញ្ហាបច្ចេកទេស៕

oznor

cof

cof

oznor

oznor

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.