រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានរៀបចំសិក្ខាសាលាស្តីពី “និន្នាការ និងបច្ចេកវិទ្យា ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន” ក្រោមអធិបតីភាព ឯកឧត្ដម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានការចូលរួមពី ឯកឧត្ដម ហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្ដម លោក លោកស្រី មន្ត្រីរាជការក្រសួង ព្រមទាំងអ្នកសារព័ត៌មាននានា។
សិក្ខាសាលានេះបានរៀបចំឡើងក្រោមភាពជាដៃគូររវាងវិទ្យាស្ថានជាតិនីបទីក (NIPTICT) ជាមួយសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយដល់ប្រព័ន្ធផ្សព្វផ្សាយនានាដូចជា កាសែត វិទ្យុ ទូរទស្សន៍ ទស្សនាវដ្តី គេហទំព័រ និងបណ្តាញសង្គម ។ល។ ដើម្បីស្វែងយល់ពីនិន្នាការទៅអនាគតនៃការអភិវឌ្ឍរបស់បច្ចេកវិទ្យាថ្មីៗ ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ជាពិសេស ដើម្បីលើកកម្ពស់ការប្រើប្រាស់ “វាក្យស័ព្ទ” ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឲ្យបានត្រឹមត្រូវស្របទៅតាមអត្ថន័យបច្ចេកទេស ក្នុងពេលធ្វើការរាយការណ៍អំពី សិក្ខាសាលា វេទិកា ឬព្រឹត្តិការណ៍នានា ដែលទាក់ទងនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
នៅក្នុងសិក្ខាសាលានោះដែរ លោក អ៊ូ ផាន់ណារិទ្ធ (OU Phannarith) ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន បានធ្វើបទបង្ហាញមួយស្តីអំពី “បដិវត្តន៍នៃការគំរាមគំហែងតាមប្រព័ន្ធអ៊ិនធឺណិត – តើយើងត្រៀមខ្លួនរួចហើយឬនៅ? (Cyber Threat Revolution – Are we ready?)” ។
ប្រធានបទខាងលើនេះគឺមានគោលបំណងផ្តល់ជាចំណេះដឹង ទៅដល់អ្នកចូលរួមអំពីការគំរាមគំហែងនានាដែលកើតមានឡើងពីអតីតកាលរហូតមកដល់ពេលបច្ចុប្បន្ន។ ការប្រើប្រាស់បច្ចេកវិទ្យាមានការកើនឡើងជាលំដាប់ ស្របគ្នាទៅនឹងភាពងាយស្រួលក្នុងការទទួលបាននូវលទ្ធភាព (កម្មវិធី និងបច្ចេកទេស) សម្រាប់ជាយន្តការនៃការវាយប្រហារ បានធ្វើឲ្យវាមានការលំបាកណាស់ក្នុងការទប់ស្កាត់បើប្រៀបធៀបទៅនឹងអតីតកាល (១០ឆ្នាំមុន)។ ក្នុងពេលបច្ចុប្បន្ននេះ វត្ថុនានាចាប់ផ្តើមភ្ជាប់ទៅនឹងអ៊ិនធឺណិត មានដូចជា នាឡិការដៃ និងឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះជាដើម។
ទាញយកបទបង្ហាញទីនេះ >> 2018-CyberThreats-Evolution-Distribute