រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ មន្ត្រីនៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(MPTC) ចំនួន០២ (ពីរ)រូប ១/លោក គឹម អាន (KIM ANN) និង ២/លោក សុខ សុវណ្ណ (SOK SOVAN) បានចូលរួមធ្វើជាគ្រូបង្គោលក្នុងវគ្គបណ្តុះបណ្តាលស្តីអំពី “ការប្រកួតប្រជែងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន – Cybersecurity Competition CTF Bootcamp” ដល់សាធារណៈជនប្រមាណជា ៦៣រូប នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Institute of Technology of Cambodia)។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងស្របពេលជាមួយនឹងព្រឹត្តិការណ៍ BarCamp ASEAN 2019 ក្រោមប្រធានបទ “Together Towards a Digital Future”។
គោលបំណងនៃវគ្គបណ្តុះបណ្តាលខាងលើនេះគឺដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធទៅនឹងការប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងពត៌មានដោយផ្តោតសំខាន់ទៅលើបច្ចេកទេសចាំបាច់នានា ដែលត្រូវការក្នុងពេលប្រកួតនៅក្នុងស្រុក និងក្នុងតំបន់។ ប្រធានបទចំបងៗមួយចំនួនដូចខាងក្រោមត្រូវបានលើកយកមកបង្ហាញរួមជាមួយការបង្ហាញផ្ទាល់ (hand-on demo)
- ការណែនាំអំពីការប្រកួតប្រជែងលក្ខណៈប្រភេទ Capture The Flag (CTF)
- ប្រភេទនៃការប្រកួតប្រជែង និងប្រភេទសំនួរ (Challenges)
- ការត្រៀមខ្លួន និងការពង្រឹងសមត្ថភាព មុននឹងឈានទៅចូលរួមការប្រកួតផ្សេងៗ
- ណែនាំអំពីការប្រកួតប្រជែងនៅកម្ពុជាដែលបានរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រួមមាន
Cambodia Cyber Contest និង Cambodia Cyber Champion និងការប្រកួតប្រជែងនៅថ្នាក់តំបន់ក្នុងកម្រិតអាស៊ានរួមមាន Singapore Cyber Conquest និងអាស៊ាន-ជប៉ុន Cyber SEA Game - ការបង្ហាត់បង្ហាញអំពីនីតិវិធី និងកម្មវិធីដែលត្រូវប្រើប្រាស់សម្រាប់ដោះស្រាយប្រភេទសំណួរផ្សេងៗ រួមមានសំណួរបែបវាយប្រហារ និងបែបការពារ និងវិភាគរកភស្តុតាង (Forensics) ដែលបានដាក់ចេញក្នុងការប្រកួតនៅកម្ពុជាកាលពីពេលកន្លងទៅនេះ។
ក្នុងនោះផងដែរលោក គឹម អាន បានជម្រាបជូនថានេះ គឺជាការចាប់ផ្តើមមួយ ហើយនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នឹងរៀបចំវគ្គបណ្តុះបណ្តាលអំពីការប្រកួតនាពេលខាងមុខបន្ថែមទៀតទៅដល់សិស្ស-និស្សិត ដើម្បីជាការជំរុញ និងអភិវឌ្ឍវិស័យសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ស្របពេលដែលកម្ពុជាដើរឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល និងត្រៀមខ្លួនដើម្បីចាប់យកបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ផងដែរ៕
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.