December 18, 2024

Language:

​កិច្ចប្រជុំ​ស្តីពី​ស្ថានភាព​យន្ត​ការ​ឆ្លើយតប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ​ (​CAM​C​E​R​T​) ​និង​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (C​y​be​r​security​)

រាជធានី​ភ្នំពេញ​៖​ ​នា​ព្រឹក​ថ្ងៃពុធ​ ​១​០​រោច​ ​ខែ​ផល្គុន​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៨​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង ឯកឧត្តម ត្រាំ អុីវតឹក  ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ស្ថានភាព​យន្ត​ការ​ឆ្លើយតប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ​ (​Cam​bo​d​i​a​ ​Computer​ ​Emergency​ ​Response​ ​Team​ – ​CAM​C​E​R​T​) ​និង​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (C​y​be​r​security​) ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​មានប្រសាសន៍ថា​ ​បច្ចុប្បន្ននេះ​ វិ​ស័​យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​) ​និង​វិ​ស័យ​ឌី​ជី​ថល​ ​កាន់តែ​រីក​ចម្រើន​ឡើង​ ​ហើយ​យើង​នឹង​ឈាន​ទៅ​អនុវត្តន៍​នូវ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ជំរុញ​នូវ​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​ការប្រើប្រាស់​នូវ​អុី​ន​ធឺ​ណិ​ត​នៃ​វត្ថុ​ (​I​o​T​) ​និង​ការចូលរួម​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ដែល​ជំរុញ​នូវ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​.​០​ ​។​ ​ដូច្នេះ​ ​សន្តិសុខ​ព័ត៌មាន​ ​គឺជា​បញ្ហា​មួយ​ដ៏​មាន​សារៈសំខាន់​ណាស់​ ​ប្រសិនបើ​យើង​មិន​ម្ចាស់ការ​លើ​បញ្ហា​នេះ​បានទេ​ ​ការ​ជំរុញ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​និង​ ​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​គឺ​ប្រាកដជា​ជួប​នូវ​បញ្ហា​ប្រឈម​ជាមិនខាន​។​ ​លើស​ពីនេះទៅ​ទៀត​ ​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​ពិសេស​ពាណិជ្ជកម្ម​អេឡិ​ក​ត្រូនិ​ក​ ​និង​ការ​ទូទាត់​អន​ឡា​ញ​ ​ពុំទាន់​បាន​ដំណើរការ​ទៅ​ដោយ​រលូន​នៅឡើយ​ ​ដែល​អាច​បណ្តាលមកពី​ការ​ព្រួយ​បារ​ម្មណ៍​ខ្លាច​មាន​ការវាយប្រហារ​ពី​អុី​ន​ធឺ​ណិ​ត​ ​និង​ការ​ជ្រៀតចូល​លួច​យក​ព័ត៌មាន​ជាដើម​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​សកម្មភាព​ពាណិជ្ជកម្ម​អេឡិ​ក​ត្រូនិ​ក​នៅ​មាន​ទំហំ​តូច​នៅឡើយ​។​ ​ហេតុដូច្នេះ​ ​ពេល​ដែល​យើង​ត្រូវ​ការពង្រីក​ ​គឺ​យើង​ចាំបាច់​ត្រូវតែ​ពង្រឹង​នូវ​បញ្ហា​សន្តិសុខ​ ​និង​សុវត្ថិភាព​អុី​ន​ធឺ​ណិ​ត​ទាំង​ផ្នែក​បច្ចេកទេស​ ​បទដ្ឋាន​គតិយុត្ត​ ​និង​ធនធានមនុស្ស​។​

​ទន្ទឹម​នឹង​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ត​ទៀត​ថា​ ​ប្រទេស​នៅ​ក្នុង​តំបន់​ ​ក៏ដូចជា​នៅ​លើ​សកលលោក​ ​គឺ​ចាប់ផ្តើម​ដំបូង​តែងតែ​បង្កើត​នូវ​យន្ត​ការ​ឆ្លើយតប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ​ (C​E​R​T​/C​SIR​T​) ​ស្ទើរគ្រប់​ប្រទេស​ ​ប៉ុន្តែ​តាមរយៈ​យន្ត​ការ​នេះ​ ​ការងារ​គឺ​នៅ​មាន​ក​ម្រិ​ត​ទាប​នៅឡើយ​ ​ដោយ​គ្រាន់តែ​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​ឧ​ប្ប​ទេ​វេ​ហ​តុ​សន្តិសុខ​អុី​ន​ធឺ​ណិ​ត​តែប៉ុណ្ណោះ​។​ ​ដើម្បី​ដោះស្រាយបញ្ហា​ចំពោះមុខ​ ​ដែល​បណ្តាលមកពី​ការ​កើន​ឡើង​នូវ​ការវាយប្រហារ​ពីសំណាក់​ឧក្រិដ្ឋជន​បច្ចេកវិទ្យា​កាន់តែ​មាន​លក្ខណៈ​ធំ​ទៅ​ៗ​ ​និង​ស្មុគ​ស្មាញ​ផង​នោះ​ ​ការ​គ្រប់គ្រង​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​មាន​លក្ខណៈ​ថ្នាក់​ជាតិ​ត្រូវតែ​បង្កើត​ឡើង​ ​ដោយ​ក្នុង​នោះ​គឺ​ត្រូវ​ពង្រីក​នូវ​វិសាលភាព​អោយ​ទូលំទូលាយ​ជាង​នេះ​ទៀត​ ​ដោយធ្វើ​ការរៀបចំ​ច្បាប់​ ​គោល​នយោបាយ​ ​និង​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ ​។​

ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បញ្ជាក់​ថា​ ​ដើម្បី​ជំរុញ​អោយ​វិ​ស័យ​ឌី​ជី​ថល​ ​កាន់តែ​មានការ​រីក​ចម្រើន​ ​ទូលំទូលាយ​ ​សម្រាប់​ប្រើ​គ្រប់​វិ​ស័យ​ទាំងអស់​ជាពិសេស​ ​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​រដ្ឋាភិបាល​ឌី​ជី​ថល​ ​យើង​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​មាន​ភាព​ម្ចាស់ការ​លើ​បញ្ហា​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​៕

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.