December 18, 2024

Language:

ការប្រើប្រាស់អ៊ីមែលប្រកបដោយសុវត្ថិភាព

១. ព័ត៌មានទូទៅ

នៅក្នុងយុគ្គសម័យឌីជីថលគ្រប់អាជីវកម្ម និងបុគ្គលគ្រប់រូបគឺត្រូវពឹងផ្អែកលើអ៊ីមែលសម្រាប់ការប្រាស្រ័យទាក់ទងគ្នានិងប្រកបការងារផ្សេងៗ វាមានក៏មានសារៈសំខាន់ក្នុងការការពារព័ត៌មានដែលមាននៅក្នុងអ៊ីមែលដើម្បីប្រឆាំងនឹងការគំរាមកំហែងផ្សេងៗ ពីចោរព័ត៌មានវិទ្យា។ អ៊ីមែលគឺជាសារអេឡិកត្រូនិកដ៏ពេញនិយមបំផុតមួយ ដែលក្រុមចោរព័ត៌មានវិទ្យាធ្វើការប៉ុនប៉ងឆបោក ឬចែកចាយមេរោគកុំព្យូទ័រ (virus) ជាពិសេសតាមរយៈឯកសារភ្ជាប់ជាមួយអ៊ីមែល។

២. ការគំរាមកំហែងសន្តិសុខចំពោះសារអ៊ីមែល

  • ការវាយប្រហារតាមរយៈឯកសារភ្ជាប់គឺជាវិធីសាស្ត្រមួយដែលចោរព័ត៌មានវិទ្យាប្រើជាញឹកញាប់បំផុត ដូច្នេះសូមកុំបើកឯកសារភ្ជាប់ពីប្រភពដែលមិនស្គាល់ និងបើកឯកសារភ្ជាប់ដោយមិនបានស្កេនជាមួយកម្មវីធីកម្ចាត់មេរោគកុំព្យូទ័រជាមុន។
  • សារ​ឥត​បាន​ការ (Spam) ត្រូវបានគេស្គាល់ថាជាសារដែលឥតប្រយោជន៍ (junk emails)។ សារឥតប្រយោជន៍ ទាំងនេះត្រូវបានផ្ញើដោយក្រុមហ៊ុនទីផ្សារតាមអ៊ីនធឺណិត និងវេបសាយដែលបានលួចឈ្មោះ
    អ៊ីមែល ដោះដូរឬ លក់អាសយដ្ឋានអ៊ីមែល។
  • ប្រភេទសារ “Chain letters” ដែលមានខ្លឹមសារព័ត៌មានមិនពិត និងក្លែងក្លាយហើយក៏អាចដាក់បង្កប់ជាមួយ មេរោគកុំព្យូទ័រ សារប្រភេទនេះអាចស្នើសុំឱ្យអ្នកធ្វើការបញ្ជូនសារនេះបន្តទៅកាន់អាសយដ្ឋានអ៊ីមែលផ្សេងទៀត ទាំងនេះសារទាំងនេះភាគច្រើនគឺជាសារបោកបញ្ឆោត។
  • ការលួចបន្លំ (Phishing) សំដៅទៅលើដំណើរការនៃការប៉ុនប៉ងលួចយកព័ត៌មានសំខាន់ៗ ដូចជាពាក្យសម្ងាត់ ឬព័ត៌មានគណនីធនាគារ ដោយបន្លំខ្លួនថាខ្លួនមកពីខាងធនាគារ ឬអ្នកផ្តល់សេវាកម្មផ្សេងទៀត។

៣. នៅពេលអ្នកទទួលបានសារអ៊ីមែល

  • ត្រូវយកចិត្តទុកដាក់លើឯកសារភ្ជាប់នៅលើអ៊ីមែលដោយប្រុងប្រយ័ត្ន ជាពិសេសឯកសារភ្ជាប់ដែលមានប្រភេទឯកសារដូចជា .exe .bat ឬ .com ជាដើម
  • ត្រូវប្រាកដថាកម្មវិធីប្រឆាំងមេរោគរបស់អ្នកបានធ្វើការអាប់ដេត ហើយនិងធ្វើការស្កេនរាល់ឯកសារភ្ជាប់មុនពេលដែលបើក
  • កុំបើកអ៊ីមែលឬឯកសារភ្ជាប់ណាមួយដែលទទួលពីអ្នកផ្ញើដែលមិនស្គាល់
  • កុំបើក កុំបញ្ជូនបន្ត ឬឆ្លើយតបសារអ៊ីមែលដែលគួរអោយសង្ស័យដែលមានខ្លឹមសារដូជា “ពិនិត្យមើលឯកសារដែលភ្ជាប់មកជាមួយ” “មើលឯកសារសំរាប់ព័ត៌មានលំអិត” ឬ “ពិនិត្យឯកសារឡើងវិញ” ពីព្រោះតែភាគច្រើនឯកសារនោះបង្កប់មេរោគកុំព្យូទ័រ
  • កុំចុចលើតំណភ្ជាប់ណាដែលអ្នកមិនធ្លាប់ស្គាល់ ព្រោះវាអាចជាអ៊ីមែលក្លែងបន្លំ
  • ចូរមានការយល់ដឹងអំពីសញ្ញាណនៃអ៊ីមែលបោកប្រាស់ដែលមានខ្លឹមសារផ្ញើមកដូចជា: មិនមានការសរសេរឈ្មោះរបស់អ្នក ការស្នើសុំព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានហិរញ្ញវត្ថុរបស់អ្នក សួររកលេខសំងាត់របស់អ្នក ឬស្នើសុំឱ្យអ្នកកំណត់លេខសំងាត់ជាថ្មីឡើងវិញ ការស្នើសុំឱ្យអ្នកបញ្ជូនអ៊ីមែលបន្តទៅអ្នកប្រើប្រាស់ផ្សេងទៀត

៤. នៅពេលអ្នកផ្ញើសារអ៊ីមែល

  • កុំបញ្ជូនសារប្រភេទ Chain letters ទៅអ្នកមិនស្គាល់ ឬទៅអ្នកផ្សេង។
  • កុំផ្ញើអ៊ីមែលដោយកំហឹងព្រោះអាចមានផលវិបាកទៅលើផ្នែកច្បាប់។
  • ត្រួតពិនិត្យត្រង់ចំណុចអ្នកទទួល “To:” មុនពេលចុចផ្ញើ ដើម្បីផ្ទៀងផ្ទាត់កុំឱ្យមានការផ្ញើខុសអ្នកទទួល ហើយក៏ត្រូវប្រយ័ត្ននៅពេលអ្នកចុចលើកពាក្យឆ្លើយតប ត្រូវពិនិត្យមើលឱ្យបានច្បាស់ថាអ្នកចង់ ឆ្លើយតបទៅកាន់អាសយដ្ឋានទាំងអស់ ដោយចុចលើពាក្យ “Reply to all” ឬចង់ផ្ញើទៅតែអ្នកដែលផ្ញើមក ដោយចុចលើពាក្យ “Reply” ។
  • កុំផ្ញើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចជាព័ត៌មានលំអិតកាតឥណទានតាមរយៈសារអ៊ីមែល។

៥. ចូរចងចាំថា

  • អ៊ីមែលដែលអ្នកផ្ញើចេញ តំណាងឱ្យរូបអ្នក
  • ប្រើប្រាស់ពាក្យពេជន៍ឱ្យបានសមរម្យនៅពេលផ្ញើអ៊ីមែលទៅកាន់អ្នកដទៃ
  • មិនត្រូវប្រើអាសយដ្ឋានអ៊ីមែលកន្លែងការងាររបស់អ្នក សម្រាប់កិច្ចការផ្ទាល់ខ្លួននោះទេ
  • រាយការណ៍អំពីការបន្លំ / អ៊ីមែលដែលគួរឱ្យសង្ស័យទៅក្រុមឬផ្នែកគ្រប់គ្រង់ព័ត៌មានវិទ្យា នៃអង្គភាព/ស្ថាប័នរបស់អ្នក ដើម្បីឱ្យពួកគេចាត់វិធានការ។

៦.​ ឯកសារពាក់ព័ន្ធ

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.