December 22, 2024

Language:

ឯកសារភ្ជាប់ចំនួន ៤ ដែលអាចបង្កគ្រោះថ្នាក់

១.ព័ត៌មានទូទៅ

សារឥតបានការរាប់ពាន់លានត្រូវបានផ្ញើទៅកាន់អ្នកប្រើប្រាស់សារអេឡិកត្រូនិកជារៀងរាល់ថ្ងៃ ភាគច្រើនគឺជាការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានលក្ខណៈរំខាន តែមិនបង្កជាគ្រោះថ្នាក់នោះទេ ប៉ុន្តែពេលខ្លះក៏អាចមានឯកសារភ្ជាប់ដែលអាចបង្កប់ជាមួយមេរោគកុំព្យូទ័រផងដែរ។ ដើម្បីឱ្យអ្នកប្រើប្រាស់បើកឯកសារភ្ជាប់ដែលមានមេរោគ ឯកសារភ្ជាប់នោះត្រូវបានដាក់ឈ្មោះដែលមើលទៅគួរឱ្យចាប់អារម្មណ៍និងមានសារៈសំខាន់ ដូចជា ឯកសារទាក់ទងនឹងការងារ ការផ្តល់ជូនពិសេស ឬការផ្តល់កាតរង្វាន់ផ្សេងៗ ដែលមានរូបសញ្ញាក្រុមហ៊ុនល្បីៗ។

អ្នកដែលចម្លងមេរោគកុំព្យូទ័រ​ អាចលាក់ឯកសារមេរោគតាមបច្ចេកទេសផ្សេងៗ ប្រសិនបើអ្នកមិនមានការប្រុងប្រយ័ត្នឬមិនបានធ្វើការស្កេនរកមរោគជាមុននៅលើឯកសារភ្ជាប់ដែលបានផ្ញើមកនោះទេ អ្នកអាចងាយនឹងឆ្លងមេរោគកុំព្យូទ័រ ហើយបើមេរោគនោះជាប្រភេទ “worm” គឺមេរោគនោះអាចឆ្លងដោយស្វ័យប្រវត្តិទៅកាន់កុំព្យូទ័រផ្សេងៗនៅក្នុងប្រព័ន្ធបណ្តាញផងដែរ។ នៅក្នុងអត្ថបទនេះការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រសូមធ្វើការណែនាំអំពីរបៀបស្វែងរកមេរោគកុំព្យូទ័រ ដែលលាក់ខ្លួននៅក្នុងឯកសារដូចខាងក្រោម៖

២. ឯកសារ ZIP និង RAR archive

ចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចបង្កប់មេរោគកុំព្យូទ័រនៅក្នុងប្រភេទឯកសារ ZIP និង​ RAR archive ឧទាហរណ៍ករណី៖ ឯកសារ ZIP មានចំនងជើងថា “Love_You0891” ត្រូវបានអ្នកវាប្រហារប្រើដើម្បីចែកចាយមេរោគចាប់ជំរិត (ransomware) មានឈ្មោះថា “GandCrab” ដែលមេរោគនេះអាចធ្វើកូដនីយកម្ម (encrypt) នៅលើឯកសាររបស់អ្នក ដោយអ្នកមិនអាចបើកប្រើប្រាស់ឯកសារទាំងនោះឡើយ។ ករណីមួយទៀតគឺ មេរោគប្រភេទ​ Trojan មានឈ្មោះថា Qbot បង្កប់ក្នុងឯកសារប្រភេទ ZIP មេរោគនេះអាចធ្វើការលួចទិន្នន័យរបស់អ្នកប្រើប្រាស់។

៣. ឯកសារ Microsoft Office

ឯកសារ Microsoft Office ដែលមានដូចជាឯកសារ Word (DOC, DOCX), Excel spreadsheets (XLS, XLSX, XLSM) និង PowerPoint វាគឺជាគោលដៅដ៏ពេញនិយមមួយរបស់ចោរព័ត៌មានវិទ្យា ឬហេកគ័រ។
ឯកសារទាំងនេះក៏អាចបង្កប់ជាមួយកូដមេរោគកុំព្យូទ័របានផងដែរ ហើយនៅពេលឯកសារនោះត្រូវបានបើក កូដមេរោគអាចទាញយកមេរោគកុំព្យូទ័រ (malware) ផ្សេងៗទៀត ដើម្បីគ្រប់គ្រងលើប្រព័ន្ធរងគ្រោះ។

ភាគច្រើនឯកសារភ្ជាប់ទាំងនេះគឺមានគោដៅទៅលើបុគ្គលិកការិយាល័យ ដោយក្លែងបន្លំឯកសារទាំងនោះក្រោមទ្រង់ជាឯកសារ កិច្ចសន្យា វិក័យប័ត្រ ជូនដំណឹងអំពីការបង់ពន្ធ ឬសារបន្ទាន់ពីអ្នកគ្រប់គ្រងជាន់ខ្ពស់ណាមួយ ក្នុងគោលបំណងទាក់ទាញឱ្យជនរងគ្រោះបើកឯកសារទាំងនោះ។

៤. ឯកសារ PDF

ឯកសារ PDF ក៏អាចបង្កប់មេរោគកុំព្យូទ័របានដែរ ដោយចោរព័ត៌មានវិទ្យា ឬហេកគ័រ បញ្ជូលកូដមេរោគ ភ្ជាប់ជាមួយឯកសារ ឬបញ្ជូលតំណភ្ជាប់ ដើម្បីបោកបញ្ជោតជនរងគ្រោះឱ្យចុចបើកចូលទៅកាន់វេបសាយក្លែងក្លាយ ឬវេបសាយដែលមានផ្ទុកមេរោគជាដើម ដើម្បីចម្លងមេរោគចូលក្នុងកុំព្យូទ័ររបស់ជនរងគ្រោះ។

 ៥. ឯកសារ ISO

បើប្រៀបធៀបជាមួយឯកសារដែលអាចបង្កប់មរោគដែលបានរៀបរាប់ខាងលើនេះ ឯកសារប្រភេទ ISO គឺមិនសូវពេញនិយមទេសម្រាប់ចោរព័ត៌មានវិទ្យា ឬហេកគ័រ ក្នុងការចម្លងមេរោគ តែទោះយ៉ាងណាឯកសារនេះគឺអាចប្រើប្រាស់បង្កប់មេរោគកុំព្យូទ័របានផងដែរ។ ចោរព័ត៌មានវិទ្យា ឬហេកគ័រអាចរៀបចំបញ្ជូលកម្មវិធីផ្សេងៗដែលពេញនិយមសម្រាប់អ្នកប្រើប្រាស់ទូទៅក្នុងទម្រង់ជាឯកសារ ISO ដើម្បីទាក់ទាញអ្នកប្រើប្រាស់ឱ្យអាចទាញយក និងប្រើប្រាស់ដោយឥតគិតថ្លៃ តែជាក់ស្តែងកម្មវិធីទាំងនោះជាកម្មវិធីតម្រូវឱ្យមានការទិញអាជ្ញាបណ្ណដើម្បីអាចប្រើប្រាស់បាន។

៦. វិធីដោះស្រាយឯកសារភ្ជាប់ដែលមានគ្រោះថ្នាក់

ខាងក្រោមនេះជាឧត្តមានុវត្តន៍ល្អសម្រាប់អ្នកប្រើប្រាស់អាចអនុវត្តតាមដើម្បីការពារពីការឆ្លងមេរោគតាមរយៈឯកសារដែលមានផ្ទុកមេរោគ៖

  • កុំបើកសារអ៊ីមែលគួរឱ្យសង្ស័យ ដែលទទួលបានពីអាសយដ្ឋានដែលអ្នកមិនស្គាល់ប្រភពច្បាស់លាស់។ ហើយប្រសិនបើអ្នកឆ្ងល់ថាហេតុអ្វីសារនោះត្រូវបានផ្ញើមកកាន់អ្នក នេះជាតម្រុយមួយដែលអ្នកដឹងខ្លួនថាសារនោះគួរឱ្យសង្ស័យហើយអ្នកមិនគួរចុចឬបើសារនោះទេ។
  • ប្រសិនបើការងាររបស់អ្នកទាក់ទងនឹងការឆ្លើយឆ្លងជាមួយមនុស្សមិនស្គាល់ សូមធ្វើការពិនិត្យមើលលើ អាសយដ្ឋានសារអ៊ីមែល ឈ្មោះ និងឯកសារភ្ជាប់ ដែលបានផ្ញើមកដោយប្រុងប្រយ័ត្ន។ បើមើលទៅគួរឱ្យសង្ស័យ អ្នកមិនគួរបើកសារ ឬឯកសារភ្ជាប់នោះទេ។
  • បើមិនចាំបាច់សូមបិទមុខងារ Macro នៅក្នុងកម្មវិធីផ្សេងៗដូចជា Microsoft Office ជាដើម ព្រោះរាល់ឯកសារទាំងនោះអាចបង្កប់ជាមួយកូដមេរោគ Macro ហើយកូដមេរោគនេះនឹងដំណើរការនៅពេលអ្នកបើកឯកសារភ្ជាប់ដែលទទួលបានឬប្រសិនបើអ្នកចុចបើកឯកសារហើយឃើញពាក្យថា “allow/enable macro” ដើម្បីអាចបើកមើលឯកសារនោះបាន អ្នកមិនត្រូវចុចពាក្យ “Allow ឬ enable” នោះទេ ព្រោះវាអាចជាឯកសារបង្កប់មរោគ។
  • ប្រុងប្រយ័ត្នជាមួយនឹងអាសយដ្ឋានតំណភ្ជាប់ដែលមាននៅក្នុងឯកសារដែលទទួលបាន ប្រសិនបើអ្នកយល់ថា មិនមានហេតុផលណាមួយដែលអ្នកត្រូវធ្វើតាមការណែនាំឱ្យចុចបើកតំណភ្ជាប់ សូមកុំចុច។ ប្រសិនបើអ្នកចាំបាច់ថាត្រូវបើកទៅកាន់តំណភ្ជាប់ អ្នកគួរវាយបញ្ចូលអាសយដ្ឋាននោះតាមរយៈកម្មវិធី browser ដោយផ្ទាល់ដៃវិញ ព្រោះថាការចុចលើតំណភ្ជាប់អាចនាំអ្នកទៅកាន់វេបសាយផ្សេងទៀត ដែលមិនមែនជា វេបសាយដែលបង្ហាញក្នុងឯកសារភ្ជាប់។
  • គួរប្រើប្រាស់កម្មវិធីសុវត្ថិភាពដែលអាចទុកចិត្តបាន ដែលអាចជូនដំណឹងអំពីឯកសារគ្រោះថ្នាក់មានបង្កប់មេរោគ និងរាំងខ្ទប់(block) ឯកសារទាំងនោះមិនឱ្យមេរោគដំណើរការបាន និងប្រភេទកម្មវិធីសុវត្ថិភាពដែលអាចជូនដំណឹងអ្នកនៅពេលអ្នកបើកចូលទៅកាន់វេបសាយដែលគួរឱ្យសង្ស័យថាមានផ្ទុកមេរោគ ឬវេបសាយដែលមានផ្ទុកមេរោគ។

៧. ឯកសារពាក់ព័ន្ធ

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.