December 18, 2024

Language:

ស្វែងយល់អំពីបច្ចេកវិទ្យា Blockchain

១.តើបច្ចេកវិទ្យា blockchain គឺជាអ្វី?

បច្ចេកវិទ្យា Blockchain គឺជាយន្តការមូលដ្ឋានទិន្នន័យកម្រិតខ្ពស់ដែលអាចឱ្យមានការចែករំលែកព័ត៌មាន ប្រកប ដោយតម្លាភាពនៅក្នុងបណ្តាញអាជីវកម្ម។ មូលដ្ឋានទិន្នន័យ blockchain ផ្ទុកទិន្នន័យនៅក្នុងទម្រង់ជាប្លុកៗដែលត្រូវបានតភ្ជាប់គ្នាជាខ្សែសង្វាក់មួយ។ ទិន្នន័យទាំងនោះមានភាពស៊ីសង្វាក់គ្នាតាមរយៈប្រវត្តិនៃប្រត្តិការព្រោះវាមិនអាចត្រូវបានកែប្រែឬលុបដោយគ្មានការអនុញ្ញាតពីបណ្តាញឡើយ។  អ្នកអាចប្រើបច្ចេកវិទ្យា blockchain ដើម្បីបង្កើតបញ្ជីកំណត់ត្រាដែលមិនអាចកែប្រែឬលុបបានសម្រាប់តាមដានការបញ្ជាទិញ ការទូទាត់ ការគ្រប់គ្រងគណនីនិងប្រតិបត្តិការផ្សេងៗទៀត។ ប្រព័ន្ធ blockchain មានយន្តការសម្រាប់ការពារការបញ្ចូលប្រតិបត្តិការផ្ទេរដោយមិនមានការអនុញ្ញាត និងយន្តការបង្កើតភាពស៊ីសង្វាក់គ្នាវវាងកំណត់ហេតុប្រតិបត្តិការផ្ទេរដែលត្រូវបានផ្ទុកក្នុងប្លុក។

២.ហេតុអ្វីបានជា blockchain មានសារៈសំខាន់?

បច្ចេកវិទ្យាមូលដ្ឋានទិន្នន័យធម្មតាមានបញ្ហាប្រឈមជាច្រើនទាក់ទងនឹងកំណត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ។ ឧទាហរណ៍  ក្នុងការលក់អចលនទ្រព្យ នៅពេលដែលលុយត្រូវបានផ្ទេររួច កម្មសិទ្ធិអចលនទ្រព្យត្រូវផ្ទេរពីអ្នកលក់ទៅឱ្យអ្នកទិញ។  ទាំងអ្នកទិញនិងអ្នកលក់អាចធ្វើកំណត់ត្រាប្រតិបត្តិការផ្ទេរនេះដោយឡែកពីគ្នា ប៉ុន្តែប្រភពនីមួយៗមិនគួរឱ្យជឿទុកចិត្តបានឡើយ។ ភាគីលក់អាចអះអាងថាពួកគេមិនបានទទួលប្រាក់ទោះបីពួកគេទទួលបានរួចក៏ដោយ ហើយភាគីទិញអាចប្រកែកថាពួកគេបានបង់ប្រាក់រួចហើយទោះបីពួកគេមិនទាន់បានបង់ប្រាក់ក៏ដោយ។

ដើម្បីចៀសវាងបញ្ហាផ្លូវច្បាប់ដែលអាចកើតមានឡើង ភាគីទិញនិងភាគីលក់ត្រូវរកភាគីទីបីដែលគេជឿទុកចិត្តបានដើម្បីធ្វើជាសាក្សីនិងបញ្ជាក់ថាប្រតិបត្តិការផ្ទេរនេះមានសុពលភាពត្រឹមត្រូវ។ វត្តមានរបស់អាជ្ញាធរកណ្តាលនេះមិនត្រឹមតែធ្វើឱ្យមានភាពស្មុគស្មាញដល់ប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវចំណុចខ្សោយរួមតែមួយផងដែរ។ ប្រសិនបើមូលដ្ឋានទិន្នន័យកណ្តាលមានបញ្ហា ភាគីទាំងពីរក៏ទទួលរងផលប៉ះពាល់ដែរ។

Blockchain អាចកាត់បន្ថយបញ្ហានេះបានដោយបង្កើតនូវប្រព័ន្ធវិមជ្ឈការសម្រាប់កត់ត្រានូវប្រតិបត្តិការដោយមិនអាចកែប្រែបាន។ នៅក្នុងករណីប្រតិបត្តិការអចលនទ្រព្យនេះ ប្រព័ន្ធ blockchain បង្កើតបញ្ជីកំណត់ត្រាមួយសម្រាប់អ្នកទិញ និងមួយសម្រាប់អ្នកលក់។ រាល់ប្រតិបត្តិការផ្ទេរទាំងអស់ត្រូវតែមានការយល់ព្រមដោយភាគីទាំងពីរ ហើយត្រូវបានរក្សាទុកដោយស្វ័យប្រវត្តិនៅក្នុងបញ្ជីកំណត់ត្រារបស់ភាគីទាំងពីរភ្លាមៗជាក់ស្ដែង។ ការកែប្រែកំណត់ត្រាប្រតិបត្តិការផ្ទេរដោយភាគីមួយដោយមិនមានការអនុញ្ញាតពីភាគីមួយទៀតនឹងធ្វើឱ្យខូចបញ្ជីកំណត់ត្រាទាំងមូល។ លក្ខណៈសម្បត្តិពិសេសនៃបច្ចេកវិទ្យា blockchain ទាំងនេះបាននាំឱ្យមានការប្រើប្រាស់បច្ចេកវិទ្យានេះនៅក្នុងវិស័យផ្សេងៗ រួមទាំងការបង្កើតរូបិយប័ណ្ណឌីជីថលដូចជា Bitcoin ជាដើម។

៣.តើបណ្តាញ blockchain មានប្រភេទអ្វីខ្លះ?

បណ្តាញ blockchain សាធារណៈ

Blockchain សាធារណៈអនុញ្ញាតឱ្យមនុស្សគ្រប់រូបចូលរួមប្រើប្រាស់បាន។ សមាជិកទាំងអស់នៃ blockchain សាធារណៈមានសិទ្ធិស្មើគ្នាក្នុងការអាន កែសម្រួល និងធ្វើឱ្យ blockchain មានសុពលភាព។ មនុស្សភាគច្រើនប្រើ blockchain សាធារណៈដើម្បីផ្លាស់ប្តូរ និងបង្កើតរូបិយប័ណ្ណគ្រីបតូដូចជា Bitcoin, Ethereum និង Litecoin ជាដើម។

បណ្តាញ blockchain ឯកជន

Blockchain ឯកជនជាបណ្តាញដែលត្រូវបានគ្រប់គ្រងដោយស្ថាប័នតែមួយ។ ស្ថាប័ននេះមានសិទ្ធកំណត់សមាជិកនិងសិទ្ធិរបស់សមាជិក។ Blockchain ឯកជនមានលក្ខណៈវិមជ្ឈការដោយផ្នែកប៉ុណ្ណោះ ព្រោះវាមានអ្នកគ្រប់គ្រងកណ្ដាលរួមមួយ។ ឧទាហរណ៍នៃ blockchain ឯកជនមួយគឺ Ripple ដែលជាបណ្តាញទិញដូររូបិយប័ណ្ណគ្រីបតូសម្រាប់អាជីវកម្ម។

បណ្តាញ blockchain កូនកាត់

Blockchains កូនកាត់ផ្សំឡើងដោយធាតុពីបណ្តាញឯកជននិងបណ្ដាញសាធារណៈ។ ក្រុមហ៊ុនអាចបង្កើតប្រព័ន្ធឯកជនដើម្បីដំណើរការជាមួយប្រព័ន្ធសាធារណៈ។ ក្នុងការធ្វើបែបនេះ គេអាចគ្រប់គ្រងការចូលប្រើទិន្នន័យមួយចំនួន និងអនុញ្ញាតឱ្យទិន្នន័យផ្សេងទៀតអាចប្រើបានជាសាធារណៈ។ គេប្រើកិច្ចសន្យាឆ្លាតវៃដើម្បីឱ្យសមាជិកក្នុងប្រព័ន្ធសាធារណៈពិនិត្យមើលប្រតិបត្តិការផ្ទេរក្នុងប្រព័ន្ធឯកជន។ ឧទាហរណ៍ ធនាគារអាចប្រើបណ្ដាញ blockchain កូនកាត់ដោយប្រើប្រព័ន្ធសាធារណៈសម្រាប់ដំណើរការផ្ទេររូបិយប័ណ្ណឌីជីថលសាធារណៈ និងរក្សារូបិយប័ណ្ណដែលជាកម្មសិទ្ធិរបស់ធនាគារក្នុងប្រព័ន្ធឯកជន។

បណ្ដាញ Blockchain សហគមន៍

បណ្ដាញ blockchain ប្រភេទសហគមន៍ត្រូវបានគ្រប់គ្រងដោយក្រុមនៃស្ថាប័នឬក្រុមហ៊ុនដែលត្រូវបានជ្រើសតាំងជាមុន។ សមាជិកនៃក្រុមគ្រប់គ្រងនេះចែករំលែកនឹងគ្នានូវទំនួលខុសត្រូវថែទាំបណ្ដាញនិងការកំណត់សិទ្ធិចូលប្រើទិន្នន័យ។ វិស័យដែលនិយមប្រើបណ្ដាញ blockchain ប្រភេទសហគមន៍ភាគច្រើនជាវិស័យដែលមានស្ថាប័នឬក្រុមហ៊ុនមានគោលដៅរួមនិងទទួលបានផលចំណេញច្រើនពីការចែករំលែកទំនួលខុសត្រូវ។ ឧទាហរណ៍បណ្ដាញ blockchain ប្រភេទសហគមន៍មួយឈ្មោះថា Global Shipping Business Network Consortium គឺជាបណ្ដាញមិនស្វែងរកផលចំណេញដែលមានគោលដៅធ្វើបរិវត្តកម្មឌីជីថលលើវិស័យដឹកជញ្ជូននិងបង្កើនកិច្ចសហការរវាងក្រុមហ៊ុនដឹកជញ្ជូនផ្លូវសមុទ្រ។

៤.តើបច្ចេកវិទ្យា blockchain មានអត្ថប្រយោជន៍អ្វីខ្លះ?

បច្ចេកវិទ្យា Blockchain នាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ការគ្រប់គ្រងប្រតិបត្តិការផ្ទេរទ្រព្យសម្បត្តិ។

សុវត្ថិភាពកម្រិតខ្ពស់

ប្រព័ន្ធ Blockchain ផ្តល់នូវសុវត្ថិភាពកម្រិតខ្ពស់ និងមានការជឿទុកចិត្តដែលមានសារៈសំខាន់សម្រាប់ប្រតិបត្តិការផ្ទេរឌីជីថលទំនើបត្រូវការ។ ហានិភ័យក្នុងប្រតិបត្តិការផ្ទេរឌីជីថលមួយគឺការកែប្រែកម្មវិធីឱ្យបង្កើតរូបិយប័ណ្ណក្លែងក្លាយ។ ប៉ុន្តែបច្ចេកវិទ្យា blockchain ប្រើប្រាស់គោលការណ៍បី គឺ គោលការណ៍គ្រីបតូ គោលការណ៍វិមជ្ឈការ និងគោលការណ៍ការមូលមតិគ្នា ដើម្បីបង្កើតប្រព័ន្ធសូហ្វវែរដែលមានកម្រិតសុវត្ថិភាពខ្ពស់ មិនអាចកែប្រែបាន។ កម្មវិធី blockchain មិនអាចខូចដំណើរការដោយការវាយប្រហារលើចំណុចខ្សោយរួមតែមួយទេ ហើយកំណត់ត្រាប្រតិបត្តិការផ្ទេរមិនអាចត្រូវបានផ្លាស់ប្តូរដោយអ្នកប្រើប្រាស់តែម្នាក់បានទេ។

ប្រសិទ្ធផលខ្ពស់

ប្រតិបត្តិការផ្ទេររវាងអាជីវកម្មនិងអាជីវកម្មអាចចំណាយពេលច្រើននិងមានភាពរាំងស្ទះច្រើន ជាពិសេសនៅពេលត្រូវការអនុលោមតាមច្បាប់ និងមានការចូលរួមត្រួតពិនិត្យពីស្ថាប័នភាគីទីបី។ ប្រតិបត្តិការអាជីវកម្មប្រភេទនេះនឹងអាចមានល្បឿនលឿនជាងមុន និងប្រសិទ្ធផលខ្ពស់ជាងមុនដោយសារតម្លាភាពនិងកិច្ចសន្យាឆ្លាតវៃដែលមាននៅក្នុងបច្ចេកវិទ្យា blockchain។

ល្បឿនសវនកម្មលឿនជាងមុន

សហគ្រាសត្រូវការដំណើរការ ផ្លាស់ប្តូរ រក្សាទុក និងបង្កើតឡើងវិញនូវប្រតិបត្តិការផ្ទេរឌីជីថលដោយសុវត្ថិភាព និងមានលក្ខណៈងាយស្រួលសម្រាប់ដំណើរការសវនកម្ម។ កំណត់ត្រា Blockchain គឺមិនអាចផ្លាស់ប្តូរកាលបរិច្ឆេទបានទេ។ ដូចនេះ រាល់កំណត់ត្រា blockchain ទាំងអស់ត្រូវបានរៀបលំដាប់ដោយកាលបរិច្ឆេទ។ តម្លាភាពទិន្នន័យនេះធ្វើឱ្យដំណើរការសវនកម្មលឿនជាងមុន។

៥. ឯកសារពាក់ព័ន្ធ

  • –  https://aws.amazon.com/what-is/blockchain/
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.