រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែកក្ដដា ឆ្នាំ២០២៣ នៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន» ដែលបានសហការរៀបចំជាមួយក្លឹបអ្នកការសែតកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៥ ខែកក្កដា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា លោក ពុយ គាប្រធានក្លឹបអ្នកកាសែតកម្ពុជា និងសិក្ខាកាមជាអ្នកសារព័ត៍មានចំនួន ៥៦នាក់ (ស្រី ២០នាក់)។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមជូនដល់សមាជិកក្លឹបអ្នកកាសែតកម្ពុជា អំពីកម្មវិធីទូរសព្ទសម្រាប់ជួយការងារ ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម និងសុវត្ថិភាពទាំងលើឧបករណ៍ និងលើប្រព័ន្ធអ៊ីនធឺណិត ដើម្បីឱ្យពួកគាត់អាចប្រកបវិជ្ជាជីវៈរបស់ខ្លួនកាន់តែមានប្រសិទ្ធភាពខ្ពស់ឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យាឌីជីថលនៅលើគ្រប់វិស័យ ជាពិសេសចូលរួមក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
វគ្គបណ្ដុះបណ្ដាលនេះមានបទបង្ហាញពីលោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដោយផ្តោតលើប្រធានបទស្តីពី “សន្តិសុខសាយប័រសម្រាប់អ្នកទាំងអស់គ្នា”
ប្រភពពី: ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍