១. ព័ត៌មានទូទៅ
ភាពខុសគ្នាចម្បងរវាងការគ្រប់គ្រងផ្ទៃវាយប្រហារ និងការគ្រប់គ្រងចំណុចខ្សោយស្ថិតនៅក្នុងវិសាលភាព៖ ការគ្រប់គ្រងចំណុចខ្សោយពិនិត្យលើធនធានឌីជីថលដែលគេបានចុះបញ្ជី ខណៈពេលការគ្រប់គ្រងផ្ទៃវាយប្រហារធ្វើការសន្មតថា អ្នកមានធនធានមិនបានចុះបញ្ជី និងចាប់ផ្តើមពីការស្វែងរកធនធានឌីជីថលដែលមាន។
២. ការគ្រប់គ្រងចំណុចខ្សោយ
ការគ្រប់គ្រងចំណុចខ្សោយ (Vulnerability Management, VM) ក្នុងកម្រិតសាមញ្ញបំផុត ជាការប្រើប្រាស់ឧបករណ៍ស្វ័យប្រវត្តិដើម្បីកំណត់អត្តសញ្ញាណ កំណត់អាទិភាព និងរាយការណ៍អំពីបញ្ហាសុវត្ថិភាពនិងចំណុចខ្សោយនៅក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់អ្នក។ ការគ្រប់គ្រងចំណុចខ្សោយមានប្រើឧបករណ៍ស្កេនស្វ័យប្រវត្តិដើម្បីស្កេនទៀងទាត់តាមកាលវិភាគលើធនធានឌីជីថលក្នុងចន្លោះ IP address ដែលគេបានកំណត់ ដើម្បីរកមើលចំណុចខ្សោយសម្រាប់ជួសជុល លុបបំបាត់ ឬកាត់បន្ថយហានិភ័យដែលអាចកើតមាន។ កម្រិតធ្ងន់ធ្ងរនៃចំណុចខ្សោយទាំងនេះភាគច្រើនត្រូវបានវាស់វែងដោយប្រព័ន្ធដាក់ពិន្ទុដូចជា ប្រព័ន្ធ Common Vulnerability Scoring System (CVSS) និងការគណនាហា-និភ័យសម្រាប់ប្រព័ន្ធរបស់អ្នកផ្ទាល់ជាដើម។ ឧបករណ៍ស្កេនរកចំណុចខ្សោយភាគច្រើនមានការត្រួតពិនិត្យស្វ័យប្រវត្តិជាច្រើនដែល តាមរយៈការប្រមូលព័ត៌មានអំពីប្រព័ន្ធរបស់អ្នក អាចកំណត់អត្តសញ្ញាណចន្លោះប្រហោងសុវត្ថិភាពដែលអាចត្រូវបានប្រើប្រាស់ដោយអ្នកវាយប្រហារដើម្បីលួចព័ត៌មានសម្ងាត់ ទទួលបានសិទ្ធិចូលប្រើប្រព័ន្ធរបស់អ្នកដោយគ្មានការអនុញ្ញាតឬរំខានដល់អាជីវកម្មរបស់អ្នក។ ដំណើរការគ្រប់គ្រងចំណុចខ្សោយរួមមាន៖
- ការស្កេនរកចំណុចខ្សោយ
- ការវាយតម្លៃហានិភ័យនៃចំណុចខ្សោយដែលរកឃើញ
- ការកំណត់អាទិភាព និងជួសជុលចំណុចខ្សោយ
- ការត្រួតពិនិត្យជាប្រចាំ។
៣. ការគ្រប់គ្រងផ្ទៃវាយប្រហារ
ការគ្រប់គ្រងផ្ទៃវាយប្រហារ (Attack Surface Management, ASM) រួមមានការស្វែងរកធនធានឌីជីថល ហើយកាត់បន្ថយហានិភ័យពីការលួចចូលដោយហេកគ័រ។ ជាមួយនឹង ASM ធនធានឌីជីថលដែលគេស្គាល់ឬមិនស្គាល់ទាំងអស់ (ក្នុងទីកន្លែងផ្ទាល់ មជ្ឈដ្ឋានក្លោដ ក្រុមហ៊ុនបុត្រសម្ព័ន្ធ ភាគីទីបី ឬមជ្ឈដ្ឋានដៃគូ) ត្រូវបានរកឃើញពីគំហើញរបស់អ្នកវាយប្រហារពីខាងក្រៅស្ថាប័ន។ ដូច្នេះ ផ្នែកសំខាន់មួយនៃការគ្រប់គ្រងផ្ទៃវាយប្រហារគឺកាត់បន្ថយការប្រឈមមុខនឹងចំណុចខ្សោយដែលអាចកើតមាននាពេលអនាគត ដោយកាត់បន្ថយសេវាកម្មនិងធនធានមិនចាំបាច់ចេញពីអ៊ីនធឺណិត។
ដំណើរការគ្រប់គ្រងផ្ទៃវាយប្រហាររួមមាន៖
- ស្វែងរក និងចុះបញ្ជីធនធានឌីជីថលរបស់អ្នកទាំងអស់
- ធានាឱ្យមានភាពមើលឃើញ និងបង្កើតកំណត់ត្រានៃអ្វីដែលមាន
- ស្កេនរកចំណុចខ្សោយ
- បង្កើតដំណើរការស្វ័យប្រវត្តិ ដើម្បីឱ្យប្រើប្រាស់បានដោយអ្នកបង្កើតហេដ្ឋារចនាសម្ព័ន្ធនានា
- ត្រួតពិនិត្យជាប្រចាំ ជាពិសេសនៅពេលដែលហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មថ្មីៗត្រូវបានដាក់បញ្ចូលប្រព័ន្ធ។
៤. តើការគ្រប់គ្រងផ្ទៃវាយប្រហារខុសគ្នាពីការគ្រប់គ្រងចំណុចខ្សោយយ៉ាងដូចម្តេច?
ការគ្រប់គ្រងចំណុចខ្សោយគឺជាដំណើរការកំណត់អត្តសញ្ញាណនិងកំណត់អាទិភាពចំណុចខ្សោយនៅក្នុងហេដ្ឋា-រចនាសម្ព័ន្ធ និងកម្មវិធីអាយធីរបស់អ្នក។ ការគ្រប់គ្រងផ្ទៃវាយប្រហារដំណើរការមួយជំហានបន្ថែមទៀតដោយកំណត់អត្តសញ្ញាណ និងវិភាគផ្ទៃវាយប្រហារដែលអ្នកមានដូចជារាល់ឧបករណ៍ ចំណុចចូល និងសេវាកម្មដែលបង្ហាញឱ្យឃើញពេលស្កេន ដែលអ្នកវាយប្រហារអាចប្រើដើម្បីចូលប្រើប្រព័ន្ធឬទិន្នន័យរបស់អ្នក។
៥. ឯកសារពាក់ព័ន្ធ
- – https://thehackernews.com/2024/04/attack-surface-management-vs.html