១.តើបច្ចេកវិទ្យា blockchain គឺជាអ្វី?
បច្ចេកវិទ្យា Blockchain គឺជាយន្តការមូលដ្ឋានទិន្នន័យកម្រិតខ្ពស់ដែលអាចឱ្យមានការចែករំលែកព័ត៌មាន ប្រកប ដោយតម្លាភាពនៅក្នុងបណ្តាញអាជីវកម្ម។ មូលដ្ឋានទិន្នន័យ blockchain ផ្ទុកទិន្នន័យនៅក្នុងទម្រង់ជាប្លុកៗដែលត្រូវបានតភ្ជាប់គ្នាជាខ្សែសង្វាក់មួយ។ ទិន្នន័យទាំងនោះមានភាពស៊ីសង្វាក់គ្នាតាមរយៈប្រវត្តិនៃប្រត្តិការព្រោះវាមិនអាចត្រូវបានកែប្រែឬលុបដោយគ្មានការអនុញ្ញាតពីបណ្តាញឡើយ។ អ្នកអាចប្រើបច្ចេកវិទ្យា blockchain ដើម្បីបង្កើតបញ្ជីកំណត់ត្រាដែលមិនអាចកែប្រែឬលុបបានសម្រាប់តាមដានការបញ្ជាទិញ ការទូទាត់ ការគ្រប់គ្រងគណនីនិងប្រតិបត្តិការផ្សេងៗទៀត។ ប្រព័ន្ធ blockchain មានយន្តការសម្រាប់ការពារការបញ្ចូលប្រតិបត្តិការផ្ទេរដោយមិនមានការអនុញ្ញាត និងយន្តការបង្កើតភាពស៊ីសង្វាក់គ្នាវវាងកំណត់ហេតុប្រតិបត្តិការផ្ទេរដែលត្រូវបានផ្ទុកក្នុងប្លុក។
២.ហេតុអ្វីបានជា blockchain មានសារៈសំខាន់?
បច្ចេកវិទ្យាមូលដ្ឋានទិន្នន័យធម្មតាមានបញ្ហាប្រឈមជាច្រើនទាក់ទងនឹងកំណត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ។ ឧទាហរណ៍ ក្នុងការលក់អចលនទ្រព្យ នៅពេលដែលលុយត្រូវបានផ្ទេររួច កម្មសិទ្ធិអចលនទ្រព្យត្រូវផ្ទេរពីអ្នកលក់ទៅឱ្យអ្នកទិញ។ ទាំងអ្នកទិញនិងអ្នកលក់អាចធ្វើកំណត់ត្រាប្រតិបត្តិការផ្ទេរនេះដោយឡែកពីគ្នា ប៉ុន្តែប្រភពនីមួយៗមិនគួរឱ្យជឿទុកចិត្តបានឡើយ។ ភាគីលក់អាចអះអាងថាពួកគេមិនបានទទួលប្រាក់ទោះបីពួកគេទទួលបានរួចក៏ដោយ ហើយភាគីទិញអាចប្រកែកថាពួកគេបានបង់ប្រាក់រួចហើយទោះបីពួកគេមិនទាន់បានបង់ប្រាក់ក៏ដោយ។
ដើម្បីចៀសវាងបញ្ហាផ្លូវច្បាប់ដែលអាចកើតមានឡើង ភាគីទិញនិងភាគីលក់ត្រូវរកភាគីទីបីដែលគេជឿទុកចិត្តបានដើម្បីធ្វើជាសាក្សីនិងបញ្ជាក់ថាប្រតិបត្តិការផ្ទេរនេះមានសុពលភាពត្រឹមត្រូវ។ វត្តមានរបស់អាជ្ញាធរកណ្តាលនេះមិនត្រឹមតែធ្វើឱ្យមានភាពស្មុគស្មាញដល់ប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវចំណុចខ្សោយរួមតែមួយផងដែរ។ ប្រសិនបើមូលដ្ឋានទិន្នន័យកណ្តាលមានបញ្ហា ភាគីទាំងពីរក៏ទទួលរងផលប៉ះពាល់ដែរ។
Blockchain អាចកាត់បន្ថយបញ្ហានេះបានដោយបង្កើតនូវប្រព័ន្ធវិមជ្ឈការសម្រាប់កត់ត្រានូវប្រតិបត្តិការដោយមិនអាចកែប្រែបាន។ នៅក្នុងករណីប្រតិបត្តិការអចលនទ្រព្យនេះ ប្រព័ន្ធ blockchain បង្កើតបញ្ជីកំណត់ត្រាមួយសម្រាប់អ្នកទិញ និងមួយសម្រាប់អ្នកលក់។ រាល់ប្រតិបត្តិការផ្ទេរទាំងអស់ត្រូវតែមានការយល់ព្រមដោយភាគីទាំងពីរ ហើយត្រូវបានរក្សាទុកដោយស្វ័យប្រវត្តិនៅក្នុងបញ្ជីកំណត់ត្រារបស់ភាគីទាំងពីរភ្លាមៗជាក់ស្ដែង។ ការកែប្រែកំណត់ត្រាប្រតិបត្តិការផ្ទេរដោយភាគីមួយដោយមិនមានការអនុញ្ញាតពីភាគីមួយទៀតនឹងធ្វើឱ្យខូចបញ្ជីកំណត់ត្រាទាំងមូល។ លក្ខណៈសម្បត្តិពិសេសនៃបច្ចេកវិទ្យា blockchain ទាំងនេះបាននាំឱ្យមានការប្រើប្រាស់បច្ចេកវិទ្យានេះនៅក្នុងវិស័យផ្សេងៗ រួមទាំងការបង្កើតរូបិយប័ណ្ណឌីជីថលដូចជា Bitcoin ជាដើម។
៣.តើបណ្តាញ blockchain មានប្រភេទអ្វីខ្លះ?
បណ្តាញ blockchain សាធារណៈ
Blockchain សាធារណៈអនុញ្ញាតឱ្យមនុស្សគ្រប់រូបចូលរួមប្រើប្រាស់បាន។ សមាជិកទាំងអស់នៃ blockchain សាធារណៈមានសិទ្ធិស្មើគ្នាក្នុងការអាន កែសម្រួល និងធ្វើឱ្យ blockchain មានសុពលភាព។ មនុស្សភាគច្រើនប្រើ blockchain សាធារណៈដើម្បីផ្លាស់ប្តូរ និងបង្កើតរូបិយប័ណ្ណគ្រីបតូដូចជា Bitcoin, Ethereum និង Litecoin ជាដើម។
បណ្តាញ blockchain ឯកជន
Blockchain ឯកជនជាបណ្តាញដែលត្រូវបានគ្រប់គ្រងដោយស្ថាប័នតែមួយ។ ស្ថាប័ននេះមានសិទ្ធកំណត់សមាជិកនិងសិទ្ធិរបស់សមាជិក។ Blockchain ឯកជនមានលក្ខណៈវិមជ្ឈការដោយផ្នែកប៉ុណ្ណោះ ព្រោះវាមានអ្នកគ្រប់គ្រងកណ្ដាលរួមមួយ។ ឧទាហរណ៍នៃ blockchain ឯកជនមួយគឺ Ripple ដែលជាបណ្តាញទិញដូររូបិយប័ណ្ណគ្រីបតូសម្រាប់អាជីវកម្ម។
បណ្តាញ blockchain កូនកាត់
Blockchains កូនកាត់ផ្សំឡើងដោយធាតុពីបណ្តាញឯកជននិងបណ្ដាញសាធារណៈ។ ក្រុមហ៊ុនអាចបង្កើតប្រព័ន្ធឯកជនដើម្បីដំណើរការជាមួយប្រព័ន្ធសាធារណៈ។ ក្នុងការធ្វើបែបនេះ គេអាចគ្រប់គ្រងការចូលប្រើទិន្នន័យមួយចំនួន និងអនុញ្ញាតឱ្យទិន្នន័យផ្សេងទៀតអាចប្រើបានជាសាធារណៈ។ គេប្រើកិច្ចសន្យាឆ្លាតវៃដើម្បីឱ្យសមាជិកក្នុងប្រព័ន្ធសាធារណៈពិនិត្យមើលប្រតិបត្តិការផ្ទេរក្នុងប្រព័ន្ធឯកជន។ ឧទាហរណ៍ ធនាគារអាចប្រើបណ្ដាញ blockchain កូនកាត់ដោយប្រើប្រព័ន្ធសាធារណៈសម្រាប់ដំណើរការផ្ទេររូបិយប័ណ្ណឌីជីថលសាធារណៈ និងរក្សារូបិយប័ណ្ណដែលជាកម្មសិទ្ធិរបស់ធនាគារក្នុងប្រព័ន្ធឯកជន។
បណ្ដាញ Blockchain សហគមន៍
បណ្ដាញ blockchain ប្រភេទសហគមន៍ត្រូវបានគ្រប់គ្រងដោយក្រុមនៃស្ថាប័នឬក្រុមហ៊ុនដែលត្រូវបានជ្រើសតាំងជាមុន។ សមាជិកនៃក្រុមគ្រប់គ្រងនេះចែករំលែកនឹងគ្នានូវទំនួលខុសត្រូវថែទាំបណ្ដាញនិងការកំណត់សិទ្ធិចូលប្រើទិន្នន័យ។ វិស័យដែលនិយមប្រើបណ្ដាញ blockchain ប្រភេទសហគមន៍ភាគច្រើនជាវិស័យដែលមានស្ថាប័នឬក្រុមហ៊ុនមានគោលដៅរួមនិងទទួលបានផលចំណេញច្រើនពីការចែករំលែកទំនួលខុសត្រូវ។ ឧទាហរណ៍បណ្ដាញ blockchain ប្រភេទសហគមន៍មួយឈ្មោះថា Global Shipping Business Network Consortium គឺជាបណ្ដាញមិនស្វែងរកផលចំណេញដែលមានគោលដៅធ្វើបរិវត្តកម្មឌីជីថលលើវិស័យដឹកជញ្ជូននិងបង្កើនកិច្ចសហការរវាងក្រុមហ៊ុនដឹកជញ្ជូនផ្លូវសមុទ្រ។
៤.តើបច្ចេកវិទ្យា blockchain មានអត្ថប្រយោជន៍អ្វីខ្លះ?
បច្ចេកវិទ្យា Blockchain នាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ការគ្រប់គ្រងប្រតិបត្តិការផ្ទេរទ្រព្យសម្បត្តិ។
សុវត្ថិភាពកម្រិតខ្ពស់
ប្រព័ន្ធ Blockchain ផ្តល់នូវសុវត្ថិភាពកម្រិតខ្ពស់ និងមានការជឿទុកចិត្តដែលមានសារៈសំខាន់សម្រាប់ប្រតិបត្តិការផ្ទេរឌីជីថលទំនើបត្រូវការ។ ហានិភ័យក្នុងប្រតិបត្តិការផ្ទេរឌីជីថលមួយគឺការកែប្រែកម្មវិធីឱ្យបង្កើតរូបិយប័ណ្ណក្លែងក្លាយ។ ប៉ុន្តែបច្ចេកវិទ្យា blockchain ប្រើប្រាស់គោលការណ៍បី គឺ គោលការណ៍គ្រីបតូ គោលការណ៍វិមជ្ឈការ និងគោលការណ៍ការមូលមតិគ្នា ដើម្បីបង្កើតប្រព័ន្ធសូហ្វវែរដែលមានកម្រិតសុវត្ថិភាពខ្ពស់ មិនអាចកែប្រែបាន។ កម្មវិធី blockchain មិនអាចខូចដំណើរការដោយការវាយប្រហារលើចំណុចខ្សោយរួមតែមួយទេ ហើយកំណត់ត្រាប្រតិបត្តិការផ្ទេរមិនអាចត្រូវបានផ្លាស់ប្តូរដោយអ្នកប្រើប្រាស់តែម្នាក់បានទេ។
ប្រសិទ្ធផលខ្ពស់
ប្រតិបត្តិការផ្ទេររវាងអាជីវកម្មនិងអាជីវកម្មអាចចំណាយពេលច្រើននិងមានភាពរាំងស្ទះច្រើន ជាពិសេសនៅពេលត្រូវការអនុលោមតាមច្បាប់ និងមានការចូលរួមត្រួតពិនិត្យពីស្ថាប័នភាគីទីបី។ ប្រតិបត្តិការអាជីវកម្មប្រភេទនេះនឹងអាចមានល្បឿនលឿនជាងមុន និងប្រសិទ្ធផលខ្ពស់ជាងមុនដោយសារតម្លាភាពនិងកិច្ចសន្យាឆ្លាតវៃដែលមាននៅក្នុងបច្ចេកវិទ្យា blockchain។
ល្បឿនសវនកម្មលឿនជាងមុន
សហគ្រាសត្រូវការដំណើរការ ផ្លាស់ប្តូរ រក្សាទុក និងបង្កើតឡើងវិញនូវប្រតិបត្តិការផ្ទេរឌីជីថលដោយសុវត្ថិភាព និងមានលក្ខណៈងាយស្រួលសម្រាប់ដំណើរការសវនកម្ម។ កំណត់ត្រា Blockchain គឺមិនអាចផ្លាស់ប្តូរកាលបរិច្ឆេទបានទេ។ ដូចនេះ រាល់កំណត់ត្រា blockchain ទាំងអស់ត្រូវបានរៀបលំដាប់ដោយកាលបរិច្ឆេទ។ តម្លាភាពទិន្នន័យនេះធ្វើឱ្យដំណើរការសវនកម្មលឿនជាងមុន។
៥. ឯកសារពាក់ព័ន្ធ
- – https://aws.amazon.com/what-is/blockchain/