December 21, 2024

Language:

ព្រឹត្តិការណ៍ប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគន៍ និងព័ត៌មានថ្នាក់តំបន់ “Singapore Cyber Conquest” លើកទី១២ នៅទីក្រុងសឹង្ហបុរី

សិង្ហបុរី​៖ នា​ថ្ងៃទី១៩​ ខែតុលា​ ឆ្នាំ២០២២​ លោក​ ចាន់ ភក្ត្រា​ អនុប្រធានការិយាល័យ​ នៃ​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ (MPTC​) បាន​ដឹកនាំ​និស្សិត​ចំនួន​ពីរ​រូប​ទៅ​ចូលរួម​  ព្រឹត្តិ​ការណ៍​ប្រកួតប្រជែង​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​លើក​ទី​ ១២​ (12​th​ Cyber​ Conquest​) នៅ​ទីក្រុង​សិង្ហបុរី​ ស្រប​ពេល​ជាមួយនឹង ​ព្រឹត្តិ​ការណ៍​ Singapore​ International​ Cyber​ Week​ 2022។

នេះ​គឺជា​លើក​ទី៣​ ហើយដែល​ភាគី​សឹង្ហ​បុរី​បើកឲ្យ​មានការ​ចូលរួម​ពីសំណាក់​និស្សិត​មក​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ (១០ប្រទេស​) ប្រកួតប្រជែង​ជាមួយនឹង​និស្សិត​មក​ពី​គ្រឹះស្ថាន​បណ្តុះបណ្តាល​នានា​របស់​សឹង្ហ​បុរី​។ នៅក្នុង​ឆ្នាំ២០២២នេះ​ មាន​ក្រុម​ទាំងអស់​ចំនួន​ ៣០​ ធ្វើការ​ប្រកួតប្រជែង​គ្នា​ជា​លក្ខណៈ​ Capture​ The​ Flag​ (CTF​) ទៅលើ​ប្រធានបទ​វាយប្រហារ​ និង​ការពារ​ (Red​ and​ Blue​ Team​ Type​) ដោយ​បេក្ខជន​ត្រូវ​ពឹងផ្អែក​ទៅលើ​ចំណេះដឹង​ដើម្បី​ស្វែងរក​ចំនុច​ខ្សោយ​នៃ​ប្រព័ន្ធ​ ហើយនិង​ត្រួតពិនិត្យ​ ជួសជុល​ចំនុច​ខ្សោយ​នៃ​ប្រព័ន្ធ​តាមរយៈ​សេ​ណា​រី​យោ​នៃ​ការ​វាយ​ប្រហារ​ផ្សេង​ៗ ដែល​កំពុងតែ​កើតមាន​នា​ពេល​បច្ចុប្បន្ន​នេះ​ ដើម្បី​ឱ្យ​បេក្ខជន​យល់ដឹង​អំពី​ការ​ការពារ​ឱ្យ​បាន​ទាន់ពេល​វេលា​ទៅលើ​ការវាយប្រហារ​ជាក់ស្តែង​។ ការប្រកួត​នេះ​ផង​ដែរ​ក្រុម​នី​មួយ​ៗមាន​សមាជិក​ចំនួន​ពីរ​រូប​ ហើយ​ម្នាក់​ដើរតួ​ជា​ Red​ Team​ ត្រូវ​មាន​សមត្ថភាព​ក្នុង​ការស្វែងរក​ចំនុច​ខ្សោយ​របស់​ប្រព័ន្ធ​/បណ្តាញ​ (System​/Network​) ។ល។ រី​ឯម្នាក់ទៀត​ដើរតួ​ជា​ Blue​ Team​ ត្រូវ​មាន​សមត្ថភាព​ក្នុង​ការ​ត្រួតពិនិត្យ​ចរាចរណ៍​ទិន្នន័យ​បណ្តាញ​ វិភាគ​ទៅលើ​ log​ file​, ហើយ​និង​បញ្ជូល​វិធីការ​ពារ​នៅ​លើ​ជញ្ជាំងភ្លើង​ (firewall​), SIEM​ (Security​ Information​ and​ Event​ Management​) ។ល។

គួរ​បញ្ជាក់​ថា​ និស្សិត​ពីរ​រូប​ដែល​បាន​ទៅ​ចូលរួម​ព្រឹត្តិ​ការណ៍​ប្រកួតប្រជែង​ខាងលើ​នេះ​ គឺ​ធ្លាប់ចូលរួម​ ក្នុង​ព្រឹត្តិ​ការណ៍​ Cambodia CTF Challenge 2022 ក្នុង​ស្រុក ដែល​រៀបចំឡើង​ដោយ​ Sala Cyber  និងក្រុមហ៊ុន Technovage ក្រោមការគាំទ្រដោយក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ និង​បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ។

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.