រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា គមនាគមន៍ និង ព័ត៌មាន បាន អញ្ជើញ ជា អធីបតី ក្នុង ពិធី បើក សិក្ខា សាលា “លំហាត់សមយុទ្ធឆ្លើយតបឧប្បទេវហេតុ សន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន Cyber Exercise – Cyber Angkor 2017 ” នៅទីស្តីការក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ។ សិក្ខាសាលាត្រូវបានរៀបចំឡើងដោយនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីមន្រ្តីជំនាញទទួលបន្ទុកផ្នែកព័ត៌មានវិទ្យា (CIOs) មកពីបណ្តាក្រសួង -ស្ថាប័ន រាជរដ្ឋាភិបាលប្រមាណជា ៦០រូប ។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីពង្រឹងសមត្ថភាពជំនាញ និងភាពរួចរាល់ក្នុងការឆ្លើយតបឧប្បទេវហេតុសន្តិសុខបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាននៅពេលដែលមានការវាយប្រហារណាមួយកើតមានឡើងចំពោះប្រព័ន្ធព័ត៌មានវិទ្យារបស់ក្រសួង -ស្ថាប័នទាំងនោះ។
ដើម្បីឲ្យអ្នកចូលរួមមានការយល់ដឹងច្បាស់អំពីស្ថានភាពបច្ចុប្បន្ននៃការគំរាមគំហែង វិធីសាស្ត្រនៃការវាយប្រហារ និងការ ឆ្លើយតបទៅនឹងឧប្បទេវហេតុប្រធានបទចំនួន បី (03) ត្រូវបានលើកយកមកបង្ហាញដោយវាគ្មិនរបស់នាយកដ្ឋានសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានៈ
១. យល់ដឹងអំពីស្ថានភាពបច្ចុប្បន្ននៃការវាយប្រហារ (Current Cyber Threats)
២. ការវាយប្រហារទៅលើចំនុចខ្សោយរបស់វេបសាយ (Case Study on WordPress)
៣. ការឆ្លើយតបទៅនឹងឧប្បទេវហេតុ (Incident Response)
លំហាត់សមយុទ្ធឆ្លើយតបឧប្បទេវហេតុត្រូវបានលើកយកមកពិភាក្សា វែកញែក និង រកដំណោះស្រាយនៅតាម ក្រុមនិមួយ ៗ នៃអ្នកចូលរួមទាំងអស់ ។ ប្រធានបទនៅក្នុងឆ្នាំនេះ គឺផ្តោតទៅលើភាពរួចរាល់នៃការប្រមូលព័ត៌មានឧប្បទេវេហតុ និង ចែករំលែកទៅកាន់អ្នកភាគីពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាដែលកើតមានឡើង ៕