ថៃ៖ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ប៊ិន ចំរើន និងលោក ចាន់ ភក្ត្រា មន្ត្រីនៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) បានដឹកនាំនិស្សិតចំនួនពីររូប គឺលោក អុឹង ប៉ហៃ និងលោក កាក់ យុត្ថាវុឌ្ឍ ទៅចូលរួមទៅចូលរួមព្រឹត្តិការណ៍ប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានថ្នាក់តំបន់ ASEAN Cyber SEA Game 2019 នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។
នេះគឺជាលើកទី៤ ហើយដែលព្រឹត្តិការណ៍ប្រកួតប្រជែងនេះត្រូវបានរៀបចំឡើងដោយភ្នាក់ងារ អភិវឌ្ឍន៍ប្រតិបត្តិការ អេឡិកត្រូនិកថៃ ; (Electronic Transactions Development Agency -ETDA) សហការជាមួយនឹងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុនសម្រាប់កសាងសមត្ថភាព សន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ASEAN-Japan Cybersecurity Capacity Building Center – AJCCBC)។ គោល បំណងនៃការប្រកួតនេះគឺដើម្បីវាស់ស្ទង់សមត្ថភាពនិស្សិត រឹតចំណងមិត្តភាព ជម្រុញការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរវាង អាស៊ាន និងជប៉ុន។
ការប្រកួតនេះមានទម្រង់ជា Capture The Flag (CTF) ហើយបានប្រព្រឹត្តិទៅនៅលើវិញ្ញាសារមួយចំនួនដូចជា Web Security, Cryptography, Forensics, OS, MISC, Binary, Network និងផ្សេងៗបន្ថែមទៀត។
ការប្រកួតប្រព្រឹត្តិទៅរយៈពេល ០៧ម៉ោង ក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១ មកពីប្រទេសថៃ មានពិន្ទុះសរុប ៣១០០ ចំណាត់ថ្នាក់លេខ២ មកពីប្រទេសវៀតណាមមានពិន្ទុះសរុប ៣០២០ ចំណាត់ថ្នាក់លេខ៣ មកពីប្រទេសឥណ្ឌូនេស៊ី មានពិន្ទុះសរុប ចំនួន ២៧៧០ ហើយក្នុងឆ្នាំនេះផងដែលក្រុមកម្ពុជាទទួលបានចំណាត់ថ្នាក់ទី ៧ ដែលមានពិន្ទុះសរុបរហូតដល់ ១៦៧០ ដែលជាចំណាត់ថ្នាក់ល្អប្រសើរជាងរាល់ឆ្នាំ ការប្រកួតនេះមានអ្នកចូលរួមចំនួន ១០ក្រុម៕