តបតាមការអញ្ជើញរបស់ទីភ្នាក់ងារអិុនធឺណិត និងសន្តិសុខកូរ៉េ (Korea Internet and Security Agency – KISA) លោក គីម អាន មន្ត្រីបច្ចេកទេស តំណាងឲ្យការិយាល័យឆ្លើយ តបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃអគ្គនាយកដ្ឋាន ប.គ.ព. នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានចាត់តាំងឲ្យទៅចូលរួមវគ្គបណ្តុះបណ្តាល “2015 APISC Security Training Course” ចំនួន ០៧ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ទី១២ ខែមិថុនា ឆ្នាំ២០១៥ នៅទីក្រុងសេអ៊ូល សាធារណៈរដ្ឋកូរ៉េ។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំដោយទីភ្នាក់ងារអ៊ិនធឺណិត និងសន្តិសុខកូរ៉េ និង KrCERT/CC ដែលមានអ្នកចូលរួមទាំងអស់ ១៧រូប មកពី ១៧ ប្រទេស រួមមាន Bangladesh, Cambodia, China, Estonia, Ethiopia, India, Indonesia, Japan, Kazahstan, Malaysia, New Zealand, Oman, Romania, Sri Lanka, Tanzania, Thailand និង Vietnam ។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីផ្តល់ជាចំណេះដឹងដល់អ្នកចូលរួមទាំងអស់អំពី ការរៀបចំ និងដំណើរការនូវក្រុមការងារឆ្លើយតបបញ្ហាបន្ទាន់ (CERT/CSIRTs) ដោយផ្តោតលើ អង្គភាព, ប្រតិបត្តិការ, គតិយុត្តិ និង បច្ចេកទេស ។