១. ព័ត៌មានទូទៅ
នាពេលបច្ចុប្បន្ននេះ ការភ្ជាប់ទំនាក់ទំនងកាន់តែច្រើនជាងមុនដោយសារអ៊ីនធឺណិត។ ថ្វីត្បិតអ្វីៗកាន់តែងាយស្រួល ជាងមុនការលួចអត្តសញ្ញាណ គឺជាបទល្មើសដែលអ្នកផ្សេងប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចជាឈ្មោះ លេខសម្ងាត់ លេខគណនីធនាគារ ឬព័ត៌មានផ្ទាល់ខ្លួនផ្សេងៗ ដោយគ្មានការអនុញ្ញាត ដើម្បីប្រើប្រាស់ក្នុងគោលបំណងមិនសុច្ចរិត។ ការលួចអត្តសញ្ញាណអាចបណ្តាលឱ្យមានការខូចខាតផ្នែកហិរញ្ញវត្ថុ ការបំផ្លិចបំផ្លាញកេរ្តិ៍ឈ្មោះ និងបញ្ហាផ្នែកច្បាប់ផ្សេងៗ។
២. តើចោរព័ត៌មានវិទ្យាលួចអត្តសញ្ញាណរបស់អ្នកដោយរបៀបណា?
ចោរព័ត៌មានវិទ្យាមានវិធីសាស្ត្រជាច្រើនដើម្បីចូលប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកតាមរយៈអ៊ីនធឺណិត៖
- ការបំពានទិន្នន័យ៖ ចោរព័ត៌មានវិទ្យាជ្រៀតចូលប្រព័ន្ធរបស់ក្រុមហ៊ុន ឬរដ្ឋាភិបាល ដើម្បីលួចយកទិន្នន័យអតិថិជន
- ការវាយប្រហារដោយការក្លែងបន្លំ៖ អ្នកក្លែងបន្លំដោយប្រើអ៊ីមែល អត្ថបទ ឫគេហទំព័របោកបញ្ឆោតដើម្បីបញ្ឆោតអ្នកអោយបញ្ចូលព័ត៌មានសម្ងាត់ ពាក្យសម្ងាត់ ឫព័ត៌មានលំអិតអំពីកាតឥណទាន
- Malware៖ អ្នកបោកបញ្ឆោតអាចចម្លងមេរោគចូលទៅក្នុងឧបករណ៍របស់អ្នកជាមួយនិងមេរោគដែលប្រមូលទិន្នន័យរបស់អ្នកដោយសម្ងាត់
- ហានិភ័យ Wi-Fi សាធារណៈ៖ ការប្រើប្រាស់បណ្តាញ Wi-Fi ដែលមិនមានសុវត្ថិភាព ដោយមិនបានប្រើប្រាស់(VPN) ដែលអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យាកាន់តែមានភាពងាយស្រួលក្នុងការលួចទិន្នន័យរបស់អ្នក។
៣. ប្រសិនបើអ្នកសង្ស័យថាមានការលួចអត្តសញ្ញាណ
ប្រសិនបើអ្នកសង្ស័យថាអត្តសញ្ញាណរបស់អ្នកត្រូវបានគេលួចនោះ ទាំងនេះជាវិធីសាស្ត្រដែលអ្នកត្រូវធ្វើ៖
- ទាក់ទងក្រុមហ៊ុនដែលពាក់ព័ន្ធ៖ រាយការណ៍ភ្លាមៗនូវប្រតិបត្តិការគួរឱ្យសង្ស័យណាមួយទៅកាន់ធនាគាររបស់អ្នក ក្រុមហ៊ុនកាតឥណទាន ឬអាជីវកម្មណាមួយដែលការក្លែងបន្លំបានកើតឡើង ពួកគេនឹងជួយស៊ើបអង្កេត
- រាយការណ៍ទៅកាន់សមត្ថកិច្ច៖ ការលួចអត្តសញ្ញាណគឺជាបទល្មើស ហើយវាចាំបាច់ក្នុងការរាយការណ៍ទៅអាជ្ញាធរដែលជាសមត្ថកិច្ច។ ការរាយការណ៍ទៅកាន់សមត្ថកិច្ចដើម្បីឱ្យខាងសមត្ថកិច្ចធ្វើការកំណត់និងស៊ើបអង្កេតនៃការលួច និងជួយការពារអ្នក
- ដាក់មុខងារជូនដំណឹងអំពីការក្លែងបន្លំ ឬការបង្កកគណនីធនាគារ៖ ទាក់ទងទៅធានាគារ ដើម្បីដាក់ការជូនដំណឹងអំពីការក្លែងបន្លំនៅលើគណនីធនាគាររបស់អ្នក។ វិធីសាស្ត្រនេះធ្វើឱ្យចោរកាន់តែពិបាកបើកគណនីរបស់អ្នក។ អ្នកក៏អាចជ្រើសរើសសម្រាប់ការបិទគណនីបណ្តោះអាសន្ន ដែលរារាំងពីការចូលប្រើគណនីរបស់អ្នកផងដែរ
- ត្រួតពិនិត្យគណនីរបស់អ្នក៖ ពិនិត្យមើលរបាយការណ៍គណនីរបស់អ្នកសម្រាប់សកម្មភាពដែលមិនប្រក្រតីណាមួយកើតមានឡើងដើម្បីរាយការណ៍ទៅស្ថាប័នធនាគារធ្វើការដោះស្រាយ។
៤. វិធីការពារពីការលួចអត្តសញ្ញាណ
នេះជាជំហានដែលអ្នកអាចអនុវត្តដើម្បីការពារខ្លួនដូចខាងក្រោម៖
- ប្រើពាក្យសម្ងាត់ខ្លាំង៖ បង្កើតពាក្យសម្ងាត់តែមួយគត់សម្រាប់គណនីអនឡាញនីមួយៗរបស់អ្នក ហើយបើកដំណើរការការផ្ទៀងផ្ទាត់ពីរកត្តានៅគ្រប់ទីកន្លែងដែលអាចធ្វើទៅបាន
- ដំឡើងកម្មវិធីសុវត្ថិភាព៖ ប្រើប្រាស់កម្មវិធីកម្ចាត់មេរោគដើម្បីការពារឧបករណ៍របស់អ្នកពីការឆ្លងមេរោគ
- ពិនិត្យមើលឯកសារ៖ ឯកសារ វិក័យប័ត្រ ឯកសារពន្ធ ពិនិត្យមើលអោយបានច្បាស់មុននិងបោះចោល
- ប្រុងប្រយ័ត្នពេលប្រើប្រាស់អ៊ីនធឺណិត៖ ត្រូវយកចិត្តទុកដាក់លើព័ត៌មានដែលអ្នកចែករំលែកតាមបណ្តាញសង្គម។ ជៀសវាងការបង្ហោះព័ត៌មានរសើប ដូចជាថ្ងៃខែឆ្នាំកំណើត ឬឈ្មោះឪពុកម្តាយ ដែលអាចត្រូវបានគេប្រើដើម្បីទាយសំណួរសុវត្ថិភាពរបស់អ្នក
- ត្រួតពិនិត្យគណនីធនាគាររបស់អ្នកឱ្យបានទៀងទាត់៖ ពិនិត្យសកម្មភាពគណនីធនាគារ និងរបាយការណ៍ គណនីរបស់អ្នកឱ្យបានទៀងទាត់ ដើម្បីធានាថាគ្មានសកម្មភាពដែលគ្មានការអនុញ្ញាតណាមួយបានកើតឡើងឡើយ។
៥. ឯកសារពាក់ព័ន្ធ
- – https://www.mcafee.com/blogs/privacy-identity-protection/how-scammers-steal-your-identity-and-what-you-can-do-about-it/