តើគណនីហ្វេសប៊ុករបស់អ្នកត្រូវបានគេហេគចូលយ៉ាងដូចម្តេច?
១. យល់ដឹងអំពី Facebook Phishing
Phishing គឺជាវិធីសាស្ត្រមួយប្រភេទដែលជាការព្យាយាមក្នុងការទាញយកព័ត៌មានពីអ្នក មានដូចជា username, password, និង credit card details ដោយធ្វើការបន្លំខ្លួនជាអង្គភាពដែលអ្នកទុកចិត្តជឿជាក់ នៅក្នុងទម្រង់ទំនាក់ទំនងអេឡិកត្រូនិក។ ជាទូទៅ Phishing គឺធ្វើឡើងដោយការផ្ញើរនូវសារ អេឡិកត្រូនិច (e-mail) ដែលបន្លំ ឬក៏នៅក្នុងទម្រង់ជា instant messaging (chat) ជាដើម។
នៅក្នុងវិបសាយក្លែងក្លាយ ដូចរូបខាងក្រោមនេះ គឺវាប្រើប្រាស់នូវ URL ស្រដៀងទៅនឹង Facebook.com ក្នុងគោលបំណងដើម្បីលួចយកនូវព័ត៌មាន username/password របស់អ្នកប្រើប្រាស់។ ជននៅពីក្រោយវិបសាយបោកប្រាស់ទាំងនេះ គឺត្រូវបានគេស្គាល់ថាជា “Phishers” បន្ទាប់មកគឺប្រើប្រាស់ នូវព័ត៌មានដែលលួចបាន ដើម្បីចូលទៅកាន់គណនីរបស់ជនរងគ្រោះ (អ្នកចាញ់បោក) ហើយផ្ញើរនូវសារទៅកាន់មិត្តភ័ក្ត្រ។ នៅក្នុងករណីជាច្រើនទៀត Phishers ទទួលបាននូវសាច់ប្រាក់ ដោយការប្រើប្រាស់នូវព័ត៌មានដែលពួកគេលួចបាន (ព័ត៌មានគណនីធនាគារជាដើម)។
២. តើអ្នកអាចការពារខ្លួនយ៉ាងដូម្តេច?
– ចូរចងចាំថា ហ្វេសប៊ុកមិនដែលសួរអ្នកអំពីពាក្យសម្ងាត់ (password) នៅក្នុងអ៊ីម៉ែល ឬសារក្នុងហ្វេសប៊ុក ឬយន្តការដទៃទៀតឡើយ។
– ចូរមានការប្រុងប្រយ័ត្នបន្ថែមទៀត នៅលើរាល់ព័ត៌មាន (wall posts) ដោយកុំចុចទៅលើតំណរភ្ជាប់ណាមួយ នៅលើ Wall ឬកន្លែងដទៃទៀត បើសិនជា អ្នកមិនដឹងថា វានឹងទៅទីណា ។
– ដាក់នូវសំណួរសន្តិសុខ (security question) សម្រាប់ខ្លួនអ្នក នៅក្នុងគណនីហ្វេសប៊ុកអ្នក។ បើសិនជាក្នុងករណីអាក្រក់ណាមួយ (សកម្មភាពមិនល្អ) ដែល ធ្វើឲ្យអ្នកមិនអាចចូលទៅកាន់គណនីរបស់អ្នកបាន នោះអ្នកត្រូវតែឆ្លើយនូវសំណួរ ដើម្បីទទួលបាននូវគណនីរបស់អ្នកវិញ ។
– ចូរមានការប្រុងប្រយ័ត្ននូវវិបសាយដែលអ្នកកំពុងប្រើប្រាស់ដើម្បីចូលទៅកាន់ហ្វេសប៊ុករបស់អ្នក ។ វិបសាយប្រភេទជា Phishing គឺអាចធ្វើដូចគ្នាបេះបិទ ទៅនឹងវិបសាយធម្មតា (ដូចជា Facebook Log-In page ជាដើម)។
– ចូរអ្នកឆ្លាតដោយធ្វើការក្រលេកមើលទៅក្នុង URL តើវាពិតប្រាកដឬក៏ក្លែងក្លាយ។ ឧទាហរណ៍ដូចជា ពេលដែលអ្នកវាយអាសយដ្ឋានវិបសាយ www.facebook.com.profile.a36h8su2m8.info/login វានឹងចេញនូវទំព័រមួយមានរូបរាងដូចគ្នាទៅនឹង Faceook Page LogIn អញ្ចឹង តែតាមការពិត វាគឺជាវិបសាយក្លែងក្លាយ ។
– បើសិនជាអ្នកមើលឃើញនូវ Wall Post ដែលស្រដៀងទៅនឹង SPAM នៅលើ Wall របស់មិត្តភ័ក្ត្រអ្នក ចូរប្រាប់ដល់មិត្តអ្នកដើម្បីធ្វើការលប់វាចោល ហើយ ធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់ជាបន្ទាន់។
– ចូរប្រើប្រាស់នូវ Web Browsers ដែលធ្វើបច្ចុប្បន្នកម្មចុងក្រោយបំផុត ដើម្បីទទួលបាននូវមុខងារទប់ស្កាត់នូវ Phishing (anti-phishing protection)
ទស្សនាវិដេអូ
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.