រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមគ្នាលើកទី១ នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ ដោយមានការអញ្ជើញចូលរួមពីលោក SANUI Kazumasa ប្រធានទីភ្នាក់ងារ JICA ប្រចាំកម្ពុជា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សាកលវិទ្យាល័យ មន្ត្រីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអ្នកជំនាញពីភាគីជប៉ុន សរុបប្រមាណ៤៦រូប។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ អំពីដំណើរការអនុវត្តគម្រោងខាងលើដែលមានរយៈពេលបីឆ្នាំជូនដល់ភាគីពាក់ព័ន្ធ ដើម្បីត្រៀមខ្លួនក្នុងការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធិភាព និងពង្រឹងកិច្ចសហការល្អរវាងស្ថាប័នក្នុងស្រុក និងស្ថាប័នអន្តរជាតិពាក់ព័ន្ធ លើផ្នែកសន្តិសុខសាយប័រ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានលើកឡើងថា សន្តិសុខសាយប័រជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយក្នុងការកសាងភាពជឿជាក់ក្នុងលំហសាយប័រ ខណៈដែលប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ចនិងសង្គមឌីជីថលនាឆ្នាំ២០៣៥។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានដាក់ចេញនិងកំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានចង្អុលបង្ហាញអំពីភាពចាំបាច់ក្នុងការបង្កើនល្បឿនអភិវឌ្ឍន៍ផ្នែកសន្តិសុខសាយប័រ ទាំងលើយន្តការ ការកសាងមូលធនមនុស្ស ដំណើរការ បច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីអាចឆ្លើយតបប្រកបដោយប្រសិទ្ធិភាពនិងទាន់ពេលវេលាលើឧប្បត្តិហេតុសាយប័រដែលកំពុងតែមានសន្ទុះកើនឡើងនិងកាន់តែមានភាពស្មុគស្មាញ ស្របតាមការវិវត្តន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា បញ្ហាសន្តិសុខសាយប័រនិងបទល្មើសបច្ចេកវិទ្យា មានចរិកលក្ខណៈគ្មានព្រំដែនកំណត់និងជាបញ្ហារួម ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការល្អទាំងកម្រិតអន្តរជាតិ និងកម្រិតជាតិ ដើម្បីរួមគ្នាទប់ស្កាត់និងដាក់ចេញយន្តឆ្លើយតបប្រកបដោយប្រសិទ្ធភាព។
ស្របជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ សង្ឃឹមថាកិច្ចប្រជុំនេះនឹងផ្តល់ជាព័ត៌មានដល់ភាគីពាក់ព័ន្ធអំពីដំណើរការគម្រោង និងបើកការពិភាក្សាផ្តល់យោបល់ និងធាតុចូលសំខាន់ៗសម្រាប់ការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការពង្រឹងសមត្ថភាពផ្នែកសន្តិសុខសាយប័ររបស់កម្ពុជាឱ្យបានកាន់តែប្រសើរឡើង។