December 18, 2024

Language:

សន្តិសុខឌីជីថលផ្ទាល់ខ្លួន (កម្រិតបឋម) បើកមុខងារអាប់ដេតដោយស្វ័យប្រវត្តិ (Automatic Updates)

តើអ្វីទៅជាអាប់ដេត?

ការអាប់ដេតគឺជាកំណែដែលបានធ្វើឱ្យប្រសើរឡើងនៃកម្មវិធី(program, app និងប្រព័ន្ធប្រតិបត្តិការ) ដែលអ្នកបានដំឡើងនៅលើកុំព្យូទ័រ និងឧបករណ៍ឌីជីថលរបស់អ្នក។

កម្មវិធីអាប់ដេតជួយការពារឧបករណ៍ឌីជីថលរបស់អ្នក ដោយជួសជុលកម្មវិធីដែលមានកំហុសឆ្គង (កំហុសដែលកើតចេញពីការសរសេរកូដ ឬភាពងាយរងគ្រោះ) ដែលឧក្រិដ្ឋជនសាយប័រ ឬចោរបច្ចេកវិទ្យា និងមេរោគអាចលួចចូលប្រើឧបករណ៍ឌីជីថលរបស់អ្នក និងលួចទិន្នន័យផ្ទាល់ខ្លួន គណនី ព័ត៌មានហិរញ្ញវត្ថុ និងអត្តសញ្ញាណ​របស់អ្នកបាន។

កម្មវិធីថ្មីតែងតែត្រូវបានរកឃើញថាមានកំហុសឆ្គង ដែលឧក្រិដ្ឋជនសាយប័រ ឬចោរបច្ចេកវិទ្យា អាចធ្វើការវាយប្រហារជ្រៀតចូលប្រើប្រាស់ ឬលួចទិន្នន័យបាន ហេតុដូចនេះមានភាពចាំបាច់ណាស់ដែលអ្នកត្រូវធ្វើការអាប់ដេតកម្មវិធីនៅលើឧបករណ៍ឌីជីថលរបស់អ្នក ដើម្បីអាចជួយការពារអ្នកពីការវាយប្រហារ និងការគំរាមកំហែងតាមអ៊ីនធឺណិត។

តើខ្ញុំត្រូវបើកមុខងារអាប់ដេតដោយស្វ័យប្រវត្តិដោយរបៀបណា?

ការបើកមុខងារអាប់ដេតដោយស្វ័យប្រវត្តិ ជាទូទៅគឺបានបើកដោយស្វ័យប្រវត្តិ លើកលែងតែអ្នកបានចុចបិទមុខងារនេះ ឬពេលអ្នកបើកដំណើរការកម្មវិធី ឬឧបករណ៍ពេលដំបូងនឹងមានជំរើសឱ្យអ្នកជ្រើសរើសការបើកការអាប់ដេតដោយស្វ័យប្រវត្តិ ឬបើកដោយខ្លួនឯងផ្ទាល់នាពេលក្រោយ ប្រសិនបើកអ្នកជ្រើសរើសយកការកំណត់ដោយស្វ័យប្រវត្តិ ការអាប់ដេតនឹងធ្វើឡើងភ្លាមៗនៅរាល់ពេលមានការអាប់ដេតកំណែថ្មី។ សូមពិនិត្យ និងអនុវត្តចំណុចដូចខាងក្រោមដើម្បីធានាថាមុខងារអាប់ដេតដោយស្វ័យប្រវត្តិ បានបើកដំណើរការត្រឹមត្រូវ៖

  • ធ្វើការបើក និងបញ្ជាក់ថាមុខងារការអាប់ដេតដោយស្វ័យប្រវត្តិ បានកំណត់ត្រឹមត្រូវលើកម្មវិធី និងឧបករណ៍ឌីជីថលទាំងអស់
  • ការបើកមុខងារអាប់ដេតដោយស្វ័យប្រវត្តិអាចខុសគ្នាអាស្រ័យតាមកម្មវិធី និងឧបករណ៍ឌីជីថល
  • ធ្វើការកំណត់ពេលវេលាសមស្របសម្រាប់ការអាប់ដេតដោយស្វ័យប្រវត្តិ ជាពិសេសនៅពេលដែលអ្នកកំពុងគេង ឬមិនប្រើប្រាស់កម្មវិធី និងឧបករណ៍ឌីជីថល
  • ត្រូវប្រាកដថាឧបករណ៍របស់អ្នកត្រូវតែបើកដំណើរការ ដោតភ្លើង និងមានទំហំផ្ទុកគ្រប់គ្រាន់។

ចូរចងចាំ៖ ប្រសិនបើអ្នកទទួលបានសារឱ្យអាប់ដេតកម្មវិធី ឬឧបករណ៍ឌីជីថលរបស់អ្នក គួរធ្វើការអាប់ដេតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ចុះបើការបើកមុខងារអាប់ដេតដោយស្វ័យប្រវត្តិមិនអាចកំណត់បាន?

ប្រសិនបើមុខងារអាប់ដេតដោយស្វ័យប្រវត្តិមិនអាចកំណត់បាន អ្នកគួរតែពិនិត្យ និងដំឡើងការអាប់ដេតថ្មីៗជាប្រចាំដោយចូលទៅកាន់ម៉ឺនុយការកំណត់របស់កម្មវិធី ឬឧបករណ៍ឌីជីថលរបស់អ្នក ហើយចុចអាប់ដេតដោយផ្ទាល់។

ចុះបើឧបករណ៍ឌីជីថល និងកម្មវិធីចាស់ៗរបស់អ្នកមិនទទួលបានការអាប់ដេតបន្តទៀត?

ប្រសិនបើឧបករណ៍ឌីជីថល ប្រព័ន្ធប្រតិបត្តិការ ឬកម្មវិធីរបស់អ្នកចាស់ពេក វាប្រហែលជាមិនត្រូវបានគាំទ្រដោយក្រុមហ៊ុនផលិត ឬអ្នកអភិវឌ្ឍន៍ទៀតទេ។ នៅពេលដែលផលិតផលឈានដល់ដំណាក់កាល ចុងបញ្ចប់នៃការគាំទ្រ ផលិតផលទាំងនោះនឹងលែងទទួលបានការអាប់ដេតទៀតហើយ ដែលអាចឱ្យមានការរងគ្រោះពីការវាយប្រហារតាមអ៊ីនធឺណិត ដោយសារតែកម្មវិធីមានកំហុសឆ្គងនិងងាយរងគ្រោះមិនបានអាប់ដេតជួសជុល។ ឧទាហរណ៍ផលិតផលដែលបញ្ចប់ការគាំទ្ររួមមានប្រព័ន្ធប្រតិបត្តិការ Windows 7 និងទូរសព្ទ iPhone 6 ជាដើម។

ប្រសិនបើឧបករណ៍ឌីជីថល ប្រព័ន្ធប្រតិបត្តិការ ឬកម្មវិធីរបស់អ្នកបានដល់ទីបញ្ចប់នៃការគាំទ្រ អ្នកគួរពិចារណាទិញឧបករណ៍ឌីជីថល ប្រព័ន្ធប្រតិបត្តិការ ឬកម្មវិធីជំនាន់ថ្មីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីរក្សាសុវត្ថិភាព។

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.