December 18, 2024

Language:

សិក្ខាសាលាបារខែម​អាស៊ាន ២០១៨

រាជធានីភ្នំពេញ៖ តបតាមការអញ្ជើញរបស់ក្រុមការងារ​បារខែមអាស៊ាន ២០១៨ លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) បានធ្វើបទបង្ហាញមួយស្តីអំពី “សន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់សហគ្រាសធនតូច-មធ្យម និងអាជីវកម្មបង្កើតថ្មី  (Start-up)”  ទៅដល់សាធារណៈជនប្រមាណជា ៨០០នាក់ នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Techno)។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយ​មាន​ការ​គាំទ្រពីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​អប់រំ​ យុវជន និងកីឡា ក្រោមប្រធានបទ «សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម»  ក្រោម​អធិបតីភាព ឯកឧត្តមបណ្ឌិត កាន​ ច័ន្ទមេត្តា រដ្ឋលេខាធិការនៃក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍។ បារខែម​អាស៊ាន ២០១៨ គឺជាព្រឹត្តិការណ៍ដែល​ប្រារព្ធ​ឡើង​ក្នុង​គោល​បំណង​ធ្វើការ​ជួបជុំ​រវាង​សិស្ស​និស្សិត​ Tech Startups បុគ្គលិក​ក្រុមហ៊ុន ម្ចាស់​អាជីវកម្ម និង​អ្នកជំនាញ​ដើម្បី​ពិភាក្សា ចែករំលែក​ចំណេះដឹង និងបទពិសោធន៍​ដល់​សិស្សនិស្សិត អាជីវកម្មធុនតូច និង​មធ្យម បុគ្គលិក​សហគ្រាស ក្រុមហ៊ុននានា និងមហាជនទូទៅ អំពីបច្ចុប្បន្នភាពនៃបច្ចេកវិទ្យា ​សេដ្ឋកិច្ច ធនធាន​មនុស្ស ហិរញ្ញវត្ថុ ទីផ្សារ ការច្នៃប្រឌិត និង​ជំនាញឌីជីថល ក្នុង​ប្រទេស​កម្ពុជា​ក៏ដូច​ជា​ក្នុង​តំបន់។ល។

នៅក្នុងឧិកាសនោះ លោក អ៊ូ ផាន់ណារិទ្ធ បានលើកឡើងថាតាមការស្រាវជ្រាវរបស់ Verizon Data Breach Report បានឲ្យដឹងថា ៦១% នៃការវាយប្រហារគឺមានគោលដៅទៅលើសហគ្រាសធនតូចនិងមធ្យម (កើនឡើងពី ៥៣% ក្នុងឆ្នាំ២០១៧) និង ៦០%​នៃ​ក្រុមហ៊ុន​ទាំង​នោះ​នឹង​ត្រូវបិទអាជីវកម្មក្នុង​រយៈ​ពេល​ ៦​ខែ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ ដោយ​ក្នុង​នោះ ​៩០%​នៃ​ក្រុមហ៊ុន​តូចៗ​ទាំង​នោះ​គឺ​មិន​មាន​ Data Protection និង​ Data Protection Customer នៅ​ឡើយ​ទេ​ ដូច្នេះ ​SME និង Start-up គួរ​តែ​​មាន​ការ​យក​ចិត្ត​ទុក​ដាក់​និង​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត​ចំពោះ​បញ្ហា​នេះ។

លោកក៏បានដាក់ចេញជាអនុសាសន៍មួយចំនួនដូចខាងក្រោមចំពោះ MSMEs ដើម្បីធ្វើឲ្យប្រសើរឡើងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់អាជីវកម្មខ្លួន៖

– ផ្តល់ការយល់ដឹងបន្ថែមទៀតទៅដល់បុគ្គលិកទាំងអស់អំពី cybersecurity
– ធ្វើការរៀបចំនូវគោលការណ៍ណែនាំផ្ទៃក្នុងអំពី cybersecurity
– ធ្វើការរៀបចំទុកដាក់ទិន្នន័យអតិថិជនឲ្យបានត្រឹមត្រូវ
– រៀបចំយន្តការរាយការណ៍អំពីឧប្បទេវហេតុសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
– ធ្វើការកំណត់គោលនយោបាយក្នុងការអាក់សេសទៅកាន់ទិន្នន័យដោយបុគ្គលិក
– ធ្វើការថតចំលងទុក (backup) នូវទិន្នន័យសំខាន់ៗ
– ដឹងអំពីព័ត៌មានថ្មីៗស្តីពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដែលកើតឡើង
– ធ្វើកូដនីយកម្ម (encrypt) ទៅលើទិន្នន័យសំខាន់ៗ
– ធ្វើការអាប់ដេតកម្មវិធីទាំងអស់ដែលអ្នកកំពុងប្រើប្រាស់នៅក្នុងកុំព្យូទ័រ

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.