December 18, 2024

Language:

ស្វែងយល់អំពីសកម្មភាពនៃ CamCERT

រាជធានីភ្នំពេញ៖ រសៀលថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានរៀបចំបើកសិក្ខាសាលាមួយស្តីពី DNS Dispute Resolution និង DNS Management/DNSSEC ក្រោមអធិបតីភាពលោក នាង ម៉ៅ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងមានការអញ្ជើញចូលរួមដោយសិក្ខាកាមមកពីបណ្ដាលក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងប្រតិបត្តិករទូរគមនាគមន៍នានា។ សិក្ខាសាលានេះមានរយៈពេល០៤ថ្ងៃ ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយអង្គការ ICANN (Internet Corporation for Assigned Names and Numbers)។

សិក្ខាសាលានេះនឹងជួយបង្ហាញឲ្យកាន់តែច្បាស់ជូនដល់សិក្ខាកាមអំពីសន្តិសុខ DNS ការធ្វើការកំណត់ DNS (DNS configuration) និងការប្រតិបត្តិការរបស់វារួមជាមួយនឹងការកំណត់ប្រើប្រាស់ DNS Server និងរបៀបធ្វើបញ្ចូលគ្នារវាងទិន្នន័យ DNS ជាមួយយន្តការដែលធ្វើឲ្យមានភាពជឿជាក់ក្នុងការប្រើប្រាស់ ដោយមានការធ្វើពិសោធន៍សាកល្បងផ្ទាល់ទៅលើការប្រើប្រាស់ DNS/DNSSEC។ បន្ទាប់ពីបញ្ចប់សិក្ខាសាលាខាងលើ សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹងថ្មីៗ ដែលជាប្រយោជន៍ដល់ការគ្រប់គ្រង DNS/DNSSEC នៅតាមបណ្តាក្រសួង-ស្ថាប័ន និងអង្គភាពរបស់ខ្លួនប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងមានសន្តិសុខល្អប្រសើរ។

ឆ្លៀតក្នុងឧិកាសនោះផងដែរ លោក តាន់ សុភ័ក្រ (Tan Sopheak) អនុប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានធ្វើបទបង្ហាញមួយស្តីអំពី “សកម្មភាពការងារឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” ទៅដល់សិក្ខាកាមទាំងអស់ (ប្រមាណជា ៦០រូប) នៅក្នុងអង្គសិក្ខាសាលា។

 

 

ព័ត៌មានបន្ថែម៖ http://www.mptc.gov.kh/site/detail/1167

 

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.