១.ព័ត៌មានទូទៅ
ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) បានកត់សម្គាល់ឃើញថានាពេលថ្មីៗនេះមានការកើនឡើងយ៉ាងច្រើនអំពីសារបោកប្រាស់ (Scam) មួយប្រភេទ ដែលកំពុងរីករាលដាលកចំពោះអ្នកប្រើប្រាស់អ៊ិនធឺណិតក្នុងប្រទេសកម្ពុជា។សារបោកប្រាស់នោះនឹងបង្ហាញថាអ្នកថាឈ្នះរង្វាន់ទូរសព្ទមួយគ្រឿងដោយគ្រាន់តែចំណាយប្រាក់ ១ ដុល្លារប៉ុណ្ណោះដើម្បីទទួលបានទូរសព្ទ ដែលនេះជាការបោកប្រាស់ទាំងស្រុងហើយប្រសិនបើកអ្នកបានផ្តល់ព័ត៌មានសំខាន់ ដូចជា Visa Card, Credit Card ឬបង់ប្រាក់ ១ ដុល្លារដើម្បីទទួលបានទូរសព្ទនោះ អ្នកនឹងក្លាយជាជនរងគ្រោះដោយការបាត់បង់ប្រាក់ និងព័ត៌មានសំខាន់ផ្ទាល់ខ្លួនទៅឱ្យជនបោកប្រាស់។
សារប្រភេទនេះលោតឡើងនៅលើទូរសព្ទ ឬកុំព្យូទ័រនៅពេលអ្នកប្រើប្រាស់បើកវេបសាយ ឬចុចទៅលើតំណភ្ជាប់ដែលមិនមានប្រភពច្បាស់លាស់ណាមួយ ឬការចុចទៅលើពាណិជ្ជកម្មផ្សេងៗនៅលើបណ្ដាញសង្គមដែលបង្ហាញអំពីការផ្សព្វផ្សាយពាណិជ្ជកម្ម (ads)
លក់ផលិតផលក្នុងតម្លៃថោក (១ ដុល្លារ) ឬត្រូវរង្វាន់ផ្សេងៗដោយគ្រាន់តែអ្នកបំពេញព័ត៌មានផ្ទាល់ខ្លួនជាដើម។ សារបោកប្រាស់នឹងលោតឡើងដោយមានភ្ជាប់ជាមួយស្លាកសញ្ញា (Logo) របស់ក្រុមហ៊ុន ឬអង្គភាពល្បីៗណាមួយដែលអ្នកអាចនឹងស្គាល់។
សូមជៀសវាង និងមានការប្រុងប្រយ័ត្នខ្ពស់អំពីការផ្តល់ព័ត៌មានសំខាន់ទៅក្នុងវេបសាយណាមួយដែលគ្មានប្រភពច្បាស់លាស់។
ដើម្បីទទួលបានសុវត្ថិភាពបឋមមួយអ្នកគួរអនុវត្តន៍តាមឧត្តមានុវត្ត (best practice)
- សូមប្រើប្រាស់កម្មវិធីមានអជ្ញាប័ណ្ណ និងអាប់ដេតឱ្យបានទៀងទាត់
- ប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ ដោយអាប់ដេត និងស្កេនជាប្រចាំ
- កុំចុចទៅលើឯកសារ (attachment) ដែលអ្នកមិនស្គាល់ប្រភពច្បាស់លាស់
- កុំបើកវេបសាយ ឬតំណភ្ជាប់ ដែលអ្នកមិនស្គាល់ប្រភពច្បាស់លាស់
- ប្រើប្រាស់ពាក្យសំងាត់ដែលខ្លាំង (ចាប់ពី ៨ តួអក្សរឡើង ដោយគួបផ្សំជាមួយតួអក្សរលេខ និងនិមិត្តសញ្ញា)
- ប្រើប្រាស់ពាក្យសំងាត់ខុសៗគ្នា ចំពោះសេវាកម្មអនឡាញនីមួយៗ និងធ្វើការផ្លាស់ប្តូរជាប្រចាំ
- ធ្វើការថតចម្លងទុក (backup) ទិន្នន័យសំខាន់ឱ្យបានទៀងទាត់
- សូមរាយការណ៍មកកាន់ CamCERT តាមរយៈសារអ៊ីមែល incident@camcert.gov.kh ប្រសិនបើអ្នកមានបញ្ហាពាក់ព័ន្ធនឹងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន៕
ខាងក្រោមនេះគឺជាទម្រង់រូបភាពនៃសារបោកប្រាស់ (scam) មួយចំនួនដែលលោកអ្នកអាចសម្គាល់បាន៖
សារបោកប្រាស់ដោយប្រើប្រាស់ស្លាកសញ្ញារបស់ប្រៃសណីយ៍កម្ពុជា
សារបោកប្រាស់ដោយប្រើប្រាស់ស្លាកសញ្ញារបស់កាសែតកោះសន្តិភាព
សារបោកប្រាស់ដោយប្រើប្រាស់ស្លាកសញ្ញារបស់ក្រុមហ៊ុនអ៊ិនធឺណិត SINET
សារបោកប្រាស់ដោយប្រើប្រាស់ស្លាកសញ្ញារបស់ក្រុមហ៊ុន Google
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.