ថៃ៖ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក សុខ សុវណ្ណ និងលោក ប៊ិន ចំរើន មន្រ្តីនៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) បានដឹកនាំនិស្សិតចំនួនពីររូប គឺលោក រៀន យូដា និងលោក ប៉េង ឆៃឡេង ទៅចូលរួមទៅចូលរួមព្រឹត្តិការណ៍ប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានថ្នាក់តំបន់ ASEAN Cyber SEA Game 2018 នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។
នេះគឺជាលើកទី៣ហើយដែលព្រឹត្តិការណ៍ប្រកួតប្រជែងនេះត្រូវបានរៀបចំឡើងដោយភ្នាក់ងារអភិវឌ្ឍន៍ប្រតិបត្តិការអេឡិកត្រូនិកថៃ (Electronic Transactions Development Agency -ETDA) សហការជាមួយនឹងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុនសម្រាប់កសាងសមត្ថភាពសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ASEAN-Japan Cybersecurity Capacity Building Center – AJCCBC)។ គោលបំណងនៃការប្រកួតនេះគឺដើម្បីវាស់ស្ទង់សមត្ថភាពនិស្សិត រឹតចំណងមិត្តភាព ជម្រុញការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុន។
ការប្រកួតនេះមានទម្រង់ជា Capture The Flag (CTF) ហើយបានប្រព្រឹត្តិទៅនៅលើវិញ្ញាសារមួយចំនួនដូចជា Web Security, Reverse Engineering, Cryptography, Forensics, Steganography, Pwn, Binary, Network និងផ្សេងៗបន្ថែមទៀត។
ការប្រកួតប្រព្រឹត្តិទៅរយៈពេល ០៧ម៉ោង ហើយក្រុមកម្ពុជាទទួលបានចំណាត់ថ្នាក់ទី ៨ ក្នុងចំណោម ១០ក្រុម៕