ថៃ៖ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក វឿនរ័ត្ន សុថាណាវឌ្ឍន៍ អនុប្រធានការិយាល័យ នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននិងលោក អ៊ុក វិសាល មន្ត្រី នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (MPTC) បានដឹកនាំនិស្សិតចំនួនពីររូប ទៅចូលរួមព្រឹត្តិការណ៍ប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានថ្នាក់តំបន់ ASEAN Cyber SEA Game 2022 នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។
នេះគឺជាលើកទី៧ ហើយដែលព្រឹត្តិការណ៍ប្រកួតប្រជែងនេះត្រូវបានរៀបចំឡើងដោយភ្នាក់ងារអភិវឌ្ឍន៍ប្រតិបត្តិការអេឡិកត្រូនិកថៃ (Electronic Transactions Development Agency -ETDA) សហការជាមួយនឹងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុនសម្រាប់កសាងសមត្ថភាពសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ASEAN-Japan Cybersecurity Capacity Building Center – AJCCBC)។ គោលបំណងនៃការប្រកួតនេះគឺដើម្បីវាស់ស្ទង់សមត្ថភាពមន្ត្រី និងនិស្សិត រឹតចំណងមិត្តភាព ជម្រុញការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុន។
ការប្រកួតនេះមានទម្រង់ជា Capture The Flag (CTF) ហើយបានប្រព្រឹត្តិទៅនៅលើវិញ្ញាសារមួយចំនួនដូចជា Web Security, Cryptography, Forensics, OS, MISC, Binary, Network និងផ្សេងៗបន្ថែមទៀត។
ការប្រកួតប្រព្រឹត្តិទៅរយៈពេល ០៧ម៉ោង ក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១ មកពីប្រទេសវៀតណាម ចំណាត់ថ្នាក់លេខ២ មកពីប្រទេសសឹង្ហបុរីចំណាត់ថ្នាក់លេខ៣ មកពីប្រទេសថៃ ហើយក្នុងឆ្នាំនេះផងដែលក្រុមកម្ពុជាទទួលបានចំណាត់ថ្នាក់ទី ៩ ការប្រកួតនេះមានអ្នកចូលរួមចំនួន ១០ក្រុម៕
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.