November 17, 2024

Language:

ការពារឧបករណ៍ចល័តរបស់អ្នក

សព្វថ្ងៃនេះ ស្មាតហ្វូន និងថេប្លេតត្រូវបានប្រើដើម្បីភ្ជាប់ទៅកាន់ហាងទំនិញ ការងារ ធនាគារ ការស្រាវជ្រាវ តាមដានសុខភាពរបស់អ្នកប្រើប្រាស់ និងបំពេញកិច្ចការរាប់រយផ្សេងទៀតបានគ្រប់ពេល និងគ្រប់ទីកន្លែង។

តើមានរឿងអ្វីកើតឡើងប្រសិនបើឧបករណ៍ចល័តរបស់អ្នកត្រូវបានគេហេគ បាត់បង់ ឬត្រូវបានគេលួច?

ឧបករណ៍ចល័តទាំងនេះអាចត្រូវបានប្រើប្រាស់ដោយឧក្រិដ្ឋជនតាមអ៊ីនធឺណិត ដើម្បីលួចលុយ ឬអត្តសញ្ញាណរបស់អ្នក ដោយប្រើព័ត៌មានក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម និងគណនីអ៊ីមែលដែលបានរក្សាទុកនៅលើឧបករណ៍ចល័តរបស់អ្នក។ អ្នកអាចនឹងបាត់បង់ទិន្នន័យ ដូចជារូបថត កំណត់ចំណាំ ឬសារ (ប្រសិនបើឧបករណ៍ចល័តរបស់អ្នកមិនបានថតចម្លងឯកសារទុក)។

តើអ្នកត្រូវការពារឧបករណ៍ចល័តដោយវិធីណា?

ការពារឧបករណ៍ចល័ត៖ ចាក់សោឧបករណ៍ចល័តរបស់អ្នកដោយប្រើឃ្លាសម្ងាត់ ពាក្យសម្ងាត់ PIN ឬលេខសម្ងាត់។ ពាក្យសម្ងាត់គួរតែមានកាពិបាកក្នុងការទាយ ថ្ងៃខែឆ្នាំកំណើត និងពាក្យសម្ងាត់ដើមរបស់ ឧបករណ៍ចល័តអ្នកគឺងាយស្រួលសម្រាប់ឧក្រិដ្ឋជនតាមអ៊ីនធឺណិតធ្វើការជ្រៀតចូល។ ប្រើឃ្លាសម្ងាត់គឺមានសុវត្ថិភាពល្អបំផុត។ អ្នកក៏អាចពិចារណាប្រើប្រាស់មុខងារស្កេនផ្ទៃមុខ ឬស្នាមក្រយៅម្រាមដៃ ដើម្បីដោះសោឧបករណ៍របស់អ្នក។ ត្រូវប្រាកដថាឧបករណ៍របស់អ្នកត្រូវបានកំណត់ការចាក់សោដោយស្វ័យប្រវត្តិបន្ទាប់ពីអ្នកឈប់ប្រើក្នុងរយៈពេលខ្លី។ មិនត្រូវបញ្ចូលថ្មឧបករណ៍ ទុកចោលនៅទីកន្លែងសាធារណៈ ហើយជៀសវាងប្រើប្រាស់ឧបកណ៍បញ្ចូលថ្មដែលមិនស្គាល់ប្រភពច្បាស់លាស់ ចាត់ទុកទូរស័ព្ទរបស់អ្នកដូចជាកាបូប។ រក្សាឧបករណ៍ចល័តរបស់អ្នកឱ្យមានសុវត្ថិភាព និងនៅជាមួយអ្នកគ្រប់ពេលវេលា។

ការពារកម្មវិធី និងApp៖ ប្រើមុខងារអាប់ដេតដោយស្វ័យប្រវត្តិរបស់ឧបករណ៍ចល័តអ្នក ដើម្បីដំឡើងកម្មវិធីថ្មី និងការអាប់ដេតប្រព័ន្ធប្រតិបត្តិការភ្លាមៗនៅពេលណាដែលមានកំណែថ្មី។ កំណត់ឧបករណ៍ចល័តរបស់អ្នកឱ្យទាមទារ ឃ្លាសម្ងាត់/ពាក្យសម្ងាត់ មុនពេលដំឡើងកម្មវិធី។ សម្រាប់កូនតូចៗ មាតាបិតាគួរកំណត់មុខងារគ្រប់គ្រង (Parental Mode)។ សូមពិនិត្យមើលការអនុញ្ញាត ឯកជនភាពដោយប្រុងប្រយ័ត្ន នៅពេលដំឡើងកម្មវិធីថ្មីនៅលើឧបករណ៍របស់អ្នក ជាពិសេសកម្មវិធីឥតគិតថ្លៃ ដំឡើងកម្មវិធីណាដែលស្គាល់ប្រភពច្បាស់លាស់។

ការពារទិន្នន័យ៖ បើកមុខងារចាក់សោ និងបញ្ជារលុបទិន្នន័យពីចម្ងាយ ប្រសិនបើឧបករណ៍ចល័តរបស់អ្នកមានមុខងារនេះ។ ត្រូវប្រាកដថាអ្នកបានលុបទិន្នន័យ ផ្ទាល់ខ្លួនចេញពីឧបករណ៍ចល័តរបស់អ្នកបានយ៉ាងហ្មត់ចត់ មុនពេលដាក់លក់ ឬបោះចោលវា។

ការពារការតភ្ជាប់៖ បិទប៊្លូធូស និងវ៉ាយហ្វាយ នៅពេលអ្នកមិនប្រើប្រាស់។ ត្រូវប្រាកដថាឧបករណ៍របស់អ្នកមិនភ្ជាប់ដោយស្វ័យប្រវត្តិ ទៅបណ្តាញ Wi-Fi ថ្មី។

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.