សុវត្ថិភាពផ្ទាល់ខ្លួនតាមអ៊ីនធឺណិត មិនត្រឹមតែជាការផ្លាស់ប្តូរការកំណត់ប្រព័ន្ធសុវត្ថិភាពក្នុងឧបករណ៍ឌីជីថលរបស់អ្នកទេ ប៉ុន្តែអ្នកត្រូវផ្លាស់ប្តូរទាំងការគិត និងអាកប្បកិរិយារបស់អ្នកផងដែរ។
ប្រុងប្រយ័ត្នចំពោះការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត
ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិតប្រើប្រាស់អ៊ីមែល សារ ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬការហៅទូរស័ព្ទ ដើម្បីព្យាយាមបោកប្រាស់ដល់ជនរងគ្រោះ។ ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិត អាចបន្លំខ្លួនជាបុគ្គល ឬស្ថាប័ន ដែលអ្នកគិតថាអ្នកស្គាល់ ឬគិតថាអ្នកអាចទុកចិត្តបាន ហើយពួកគេអាចប្រើប្រាស់ សារ និងការហៅទូរសព្ទដើម្បីអោយអ្នកធ្វើសកម្មភាពមួយចំនួនដូចជា៖
- បង្ហាញព័ត៌មានលម្អិតគណនីធនាគារ ពាក្យសម្ងាត់ និងលេខកាតឥណទាន
- ផ្តល់សិទ្ធិចូលប្រើប្រាស់កុំព្យូទ័ររបស់អ្នកពីចម្ងាយ
- បើកឯកសារភ្ជាប់ ដែលអាចផ្ទុកមេរោគ
- ផ្ញើប្រាក់ឬកាតអំណោយ
- សារបោកប្រាស់ទាំងនោះអាចត្រូវបានផ្ញើទៅកាន់មនុស្សរាប់ពាន់នាក់ ឬអាចកំណត់គោលដៅទៅបុគ្គលជាក់លាក់មួយ។
តើអ្នកអាចសម្គាល់សារបោកប្រាស់ដោយវិធីណា?
សារបោកប្រាស់មានការពិបាកក្នុងការកំណត់ថាតើសារនោះជាសារបោកប្រាស់ ឬសារពិតប្រាកដ៏ ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិតតែងតែប្រើប្រាស់វិធីសាស្រ្តផ្សេងៗ ដើម្បីបោកបញ្ឆោតអ្នកតាមរយៈសារបោកប្រាស់ ដែលមានទម្រង់ដូចជា៖
- អាជ្ញាធរ៖ សារដែលបានអះអាងថាខ្លួនជាបុគ្គលិកធនាគារ ឬក្រុមហ៊ុនផ្តល់សេវាកម្មជូនអ្នក
- បន្ទាន់៖ សារដែលរៀបរាប់ថាអ្នកមានបញ្ហា ឬថាអ្នកមានពេលវេលាកំណត់ក្នុងការឆ្លើយតប ឬបង់ប្រាក់
- អារម្មណ៍៖ សារនោះធ្វើឱ្យអ្នកភ័យស្លន់ស្លោ អស់សង្ឃឹម ឬចង់ដឹង
- ការខ្វះខាត៖ សារដែលផ្តល់អំណោយអ្វីមួយ ឬសន្យាធ្វើអ្វីមួយ និងកិច្ចព្រមព្រៀងល្អៗ
- ព្រឹត្តិការណ៍បច្ចុប្បន្ន៖ សារអំពីព័ត៌មានបច្ចុប្បន្ន ឬព្រឹត្តិការណ៍ធំ
តើអ្នកគួរធ្វើដូចម្តេចប្រសិនបើអ្នកទទួលបានសារបោកប្រាស់?
ប្រសិនបើអ្នកទទួលបានសារបោកប្រាស់ ឬការហៅទូរសព្ទ អ្នកគួរតែកុំអើពើ អ្នកអាចលុប ឬរាយការណ៍ទៅកាន់នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅលើទំព័រហ្វេសប៊ុក អ៊ីមែល incident@camcert.gov.kh និងតាមរយៈលេខទូរសព្ទ(+855) 23 722 391។ ប្រសិនបើអ្នកជាជនរងគ្រោះ ហើយគិតថាគណនីធនាគារ កាតឥនទានរបស់អ្នកមានហានិភ័យ សូមទាក់ទងទៅស្ថាប័ន ធានាគារ របស់អ្នកជាបន្ទាន់ខាងធានាគារអាចបិទគណនីរបស់អ្នក ឬអាចបញ្ឈប់ប្រតិបត្តិការ អ្នកអាចតាមដានព័ត៌មានថ្មីៗ អំពីការគំរាមកំហែងចុងក្រោយបំផុតតាមទំព័រហ្វេសប៊ុករបស់នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងវេបសាយរបស់ការិយាល័យឆ្លើយតបបញ្ហាបន្ទាប់នៃកុំព្យូរទ័រ www.camcert.gov.kh ។
ចុះបើអ្នកមិនប្រាកដថាសារនេះជាការបោកប្រាស់?
ប្រសិនបើអ្នកគិតថាសារ(sms) ឬការហៅទូរសព្ទពិតជាមកពីស្ថាប័នដែលអ្នកទុកចិត្តបាន(ដូចជាធនាគារ) សូមស្វែងរកវិធីទំនាក់ទំនងដែលអ្នកអាចទុកចិត្តបាន តាមរយៈគេហទំព័រ ទំព័រហ្វេសប៊ុកផ្លូវការ និងចូលទៅកាន់សាខាធានាគាដែលនៅជិតអ្នកបំផុត។ កុំប្រើតំណភ្ជាប់ ឬព័ត៌មានដែលផ្ញើពីអ្នកមិនស្គាល់ ឬផ្តល់ឱ្យតាមរយៈការហៅទូរសព្ទ ព្រោះអាចជាការក្លែងបន្លំ។
គន្លឹះ៖ គិតអោយបានពីរដងយ៉ាងតិចមុននឹងអ្នកសម្រេចចិត្តចុច
គិតអោយបានពីរដងយ៉ាងតិចមុននឹងអ្នកសម្រេចចិត្តចុចលើតំណភ្ជាប់ អ៊ីមែល គេហទំព័រ និងសារ(SMS) អ្នកគួរតែមានការប្រុងប្រយ័ត្នចំពោះឯកសារភ្ជាប់ដែលអ្នកទទួលបានពីអ៊ីមែល និងសារ(SMS) ប្រសិនបើកម្មវិធីរុករក (brower) របស់អ្នកបង្ហាញថា គេហទំព័រមិនមានសុវត្ថិភាព សូមបិទភ្លាមៗ។
ចងចាំ៖ គ្មានបុគ្គលិកផ្នែកព័ត៌មានវិទ្យា ការិយាល័យរដ្ឋាភិបាល ឬអ្នកធ្វើអាជីវកម្មណាមួយទាក់ទងទៅអ្នកដើម្បីសួរព័ត៌មានលំម្អិតនៃការចូលប្រើប្រាស់គណនីរបស់អ្នកទេ។
គិតមុននឹងចែករំលែកលើបណ្តាញសង្គម
ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិតអាចប្រើប្រាស់ព័ត៌មានដែលអ្នកបានបង្ហោះជាសាធារណៈនៅលើ បណ្តាញសង្គម ដើម្បីបោកប្រាស់និងវាយប្រហារផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណិត សូមចងចាំថានៅក្នុងប្រព័ន្ធអ៊ីនធឺណិតប្រសិនបើអ្នកបានបង្ហោះព័ត៌មានរបស់អ្នកជាសាធារណៈហើយអ្នកមិនអាចលុបចេញទាំងស្រុងនូវអ្វីដែលបានបង្ហោះនោះទេ។
តើអ្នកគួរជៀសវាងការចែករំលែកព័ត៌មានអ្វីខ្លះ?
ជៀសវាងការចែករំលែកព័ត៌មាន រូបថត នៅលើបណ្តាញសង្គម ដែលអនុញ្ញាតអោយឧក្រិដ្ឋជនអាចកំណត់អត្តសញ្ញាណរបស់អ្នកបាន តាមរយៈការប្រើប្រាស់វិធីសាស្រ្តបោកប្រាស់តាមអ៊ីនធឺណិត ឬប្រើប្រាស់សំណួរស្រោចស្រង់។ ព័ត៌មានទាំងនោះរួមមាន៖
- ទីកន្លែងកំណើត និងថ្ងៃខែឆ្នាំកំណើត
- អាសយដ្ឋាន និងលេខទូរសព្ទ
- និយោជក និងប្រវត្តិការងារ
- ឈ្មោះសាលារៀនដែលអ្នកសិក្សា
- ព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀតដែលអាចប្រើដើម្បីកំណត់គោលដៅអ្នក។