១.ព័ត៌មានទូទៅ
ជារៀងរាល់ឆ្នាំ ឧបករណ៍បច្ចេកវិទ្យាចាស់ៗជាច្រើនត្រូវបានបញ្ចេញចោលដោយសារអាយុកាលវែង មានការខូចខាត ឬត្រូវបានជំនួសដោយឧបករណ៍ថ្មីៗ។ ការផ្លាស់ប្ដូរ ឬបោះបង់ចោលឧបករណ៍ចាស់ៗទាំងនេះអាចបង្កឱ្យមានហានិភ័យសុវត្ថិភាពទាក់ទងនឹងទិន្នន័យនៅលើឧបករណ៍ទាំងនេះ។ ឧបករណ៍ចាស់ៗទាំងនេះអាចនៅបន្សល់ទុកទិន្នន័យដូចជា ពាក្យសម្ងាត់និងព័ត៌មានចូលប្រើគណនីដែលត្រូវបានរក្សាទុក ព័ត៌មានហិរញ្ញវត្ថុ រូបថតផ្ទាល់ខ្លួន អ៊ីមែល និងឯកសារនានា ព្រមទាំងទិន្នន័យពាក់ព័ន្ធនឹងអត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនជាដើម)។
ប្រសិនបើព័ត៌មានទាំងនេះធ្លាក់ក្នុងដៃជនខិលខូច វាអាចត្រូវបានគេប្រើប្រាស់ដើម្បីកក្លែងបន្លំអត្តសញ្ញាណ ក្លែងបន្លំលួចថវិកា ឬចូលប្រើគណនីដោយគ្មានការអនុញ្ញាត។ អង្គភាព ស្ថាប័ន និងបុគ្គលនានាតែងរក្សាទុកព័ត៌មានសម្ងាត់នៅលើកុំព្យូទ័រ ឌីវីឌី និងទូរសព្ទឆ្លាតវៃ។ ដូច្នេះការចោលឧបករណ៍ទាំងនេះដោយមិនត្រឹមត្រូវអាចបង្កឱ្យមាន៖
- ការលេចធ្លាយទិន្នន័យអាជីវកម្ម (ទិន្នន័យអតិថិជន ឯកសារសម្ងាត់)
- ការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត (តាមរយៈឧបករណ៍ចាស់ និងទិន្នន័យលើនោះ)
- ការប្រើពាក្យសម្ងាត់ដែលបានរក្សាទុកដើម្បីធ្វើការវាយប្រហារសាយប័របន្ត។
២.ឧបករណ៍ដែលមានផ្ទុកទិន្នន័យសំខាន់ៗ
ខាងក្រោមនេះជាឧបករណ៍ទូទៅ និងទិន្នន័យដែលអាចវាមានផ្ទុក៖
- កុំព្យូទ័រលើតុ កុំព្យូទ័រយួរដៃ និងថាសចល័ត៖ ទិន្នន័យផ្ទាល់ខ្លួនដូចជាឯកសារ រូបថត និងវីដេអូ; ប្រវត្តិការរុករកលើអ៊ីនធឺណិត ពាក្យសម្ងាត់ អ៊ីមែល ឬសារផ្សេងៗ; និងទិន្នន័យពាក់ព័ន្ធនឹងការងារដូចជាឯកសារអាជីវកម្ម និងព័ត៌មានអតិថិជនជាដើម។ ថាសចល័ត ដែលជាធម្មតាត្រូវបានប្រើសម្រាប់ការរក្សាទិន្នន័យបម្រុងទុក អាចមានទិន្នន័យសម្ងាត់ជាច្រើន។
- ទូរសព្ទឆ្លាតវៃ ថេប្លេត និងនាឡិកាឆ្លាតវៃ៖ ព័ត៌មានទំនាក់ទំនងដូចជាលេខទូរសព្ទ និងអាសយដ្ឋាន; អ៊ីមែល និង សារទំនាក់ទំនងជា SMS, សារតាមបណ្តាញសង្គម និងកម្មវិធីផ្ញើសារផ្សេងៗ; ប្រវត្តិទីតាំង និងរូបថត; និងទិន្នន័យសម្ងាត់ប្រើប្រាស់ដោយកម្មវិធីនានាដូចជាទិន្នន័យកម្មវិធីធនាគារ ទិន្នន័យយថាភូតិកម្ម (authentication) ដូចជាពាក្យសម្ងាត់ និងទិន្នន័យជីវមាត្រដូចជាស្នាមមេដៃ ឬទម្រង់មុខជាដើម។ នាឡិកាឆ្លាតវៃអាចធ្វើសមកាលកម្ម (synchronize) ជាមួយទូរសព្ទឆ្លាតវៃ ហើយអាចផ្ទុកទិន្នន័យតាមដានសុខភាព និងព័ត៌មានទូទាត់ប្រាក់ពីដូចជាសេវាកម្ម Apple Pay ឬ Google Pay ជាដើម។
- ផ្នោះពុម្ព (printer) រ៉ោតទ័រ និងឧបករណ៍ IoT៖ ម៉ាស៊ីនផ្នោះពុម្ពអាចរក្សាទុកឯកសារដែលបានបោះពុម្ព ឬស្កេន។ រ៉ោតទ័រអាចផ្ទុកព័ត៌មានអំពីបណ្តាញផ្ទាល់ខ្លួនរួមមានអាសយដ្ឋាន IP ឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់ Wi-Fi។ ទូរទស្សន៍ឆ្លាតវៃ ឧបករណ៍ជំនួយផ្ទាល់ខ្លួន(ដូចជា Alexa ឬ Google Home) និងឧបករណ៍ឆ្លាតវៃផ្សេងៗទៀតអាចផ្ទុកការថតសំឡេង ប្រវត្តិនៃការប្រើប្រាស់ ចំណង់ចំណូលចិត្តឬការកំណត់ផ្ទាល់ខ្លួន និងព័ត៌មានចូលប្រើសេវាកម្មដូចជា Netflix និង Amazon Prime ជាដើម។
- ឌីវីឌី, កាត SD (SD cards), និងស៊ីឌី/ឌីវីឌីចាស់ៗ៖ ដោយឧបករណ៍ទាំងនេះត្រូវបានប្រើសម្រាប់ផ្ទុកនិងផ្ទេរឯកសារ វាអាចមានបន្សល់ទុកទិន្នន័យចាស់ៗដូចជាកំណត់ត្រាហិរញ្ញវត្ថុ អ៊ីមែល ឬរូបថតចាស់ៗជាដើម។
៣.ឯកសារពាក់ព័ន្ធ
- https://www.helpnetsecurity.com/2025/03/10/old-tech-dispose-security-risk/