១. ព័ត៌មានទូទៅ
ក្មេងៗចូលចិត្តលេងហ្គេមអនឡាញព្រោះវាជាការកម្សាន្តដែលមានអន្តរកម្មដែលធ្វើឱ្យពួកគេសប្បាយរីករាយដែលគ្មានអ្វីផ្សេងអាចធ្វើបាន។ ប៉ុន្តែ ការលេងហ្គេមអនឡាញអាចធ្វើឱ្យពួកគេប្រឈមនឹងបញ្ហាឯកជនភាព ការធ្វើបាបតាមអនឡាញ (cyberbullying) ឬការទិញធាតុក្នុងហ្គេមដែលអាចមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពផ្លូវចិត្តរបស់ពួកគេ។ ខាងក្រោមជាវិធីមួយចំនួនដែលអ្នកអាចជួយក្មេងៗរបស់អ្នកឱ្យមានសុវត្ថិភាពខណៈពេលពួកគេរីករាយជាមួយហ្គេមអនឡាញដែលពួកគេចូលចិត្ត។
២. បង្រៀនកូនៗរបស់អ្នកឱ្យចេះរក្សាសុវត្ថិភាពពេលអនឡាញ
ក្នុងហ្គេមអនឡាញ ក្មេងៗលេងជាមួយបុគ្គលផ្សេងៗទៀតតាមអ៊ីនធឺណិត។ ដូច្នេះពួកគេអាចជជែកជាមួយអ្នកមិនដែលស្គាល់ ដែលអាចនឹងមិនមានគោលបំណងសុចរិត ហើយអាចសុំឱ្យក្មេងៗប្រាប់ឈ្មោះពិត អាសយដ្ឋាន ឬព័ត៌មានផ្ទាល់ខ្លួនផ្សេងៗ។ ក្មេងៗមិនយល់ពីហានិភ័យដែលពួកគេប្រឈមនៅពេលប្រាប់អ្នកមិនដែលស្គាល់ពីឈ្មោះពិត អាសយដ្ឋានសាលា ឬលេខទូរស័ព្ទរបស់ពួកគេនោះទេ។ អ្នកគួរពន្យល់ឱ្យពួកគេដឹងថា ហេតុអ្វីបានជាព័ត៌មានទាំងនេះជាព័ត៌មានឯកជនដែលមិនគួរចែករំលែកជាមួយអ្នកដទៃដែលពួកគេជួបតាមអនឡាញ។
៣. ប្រើមុខងារគ្រប់គ្រងដោយឪពុកម្តាយ (Parental Control)
មុខងារគ្រប់គ្រងដោយឪពុកម្តាយអនុញ្ញាតឱ្យអ្នកគ្រប់គ្រងសកម្មភាពរបស់កូន និងការពារពីការទិញធាតុក្នុងហ្គេមដែលអ្នកមិនអនុញ្ញាត។ អ្នកគួរសិក្សាពីរបៀបកំណត់មុខងារនេះនៅក្នុងហ្គេមដែលក្មេងៗរបស់អ្នកលេង ដើម្បីការពារការចំណាយហួសហេតុ និងការកេងប្រវ័ញ្ចពីឧក្រិដ្ឋជនសាយប័រ ហើយពង្រឹងទម្លាប់សុវត្ថិភាពក្នុងការលេងហ្គេមដោយងាយស្រួលសម្រាប់កូនៗរបស់អ្នក។
ក្នុងពេលជាមួយគ្នានេះ អ្នកគួរតាមដានដោយយកចិត្តទុកដាក់លើសកម្មភាពជជែករបស់ពួកគេ និងកំណត់ថាតើពួកគេអាចជជែកជាមួយនរណា ដើម្បីការពារពួកគេមិនឱ្យមានទំនាក់ទំនងជាមួយជនទុច្ចរិត។ បើចាំបាច់ អ្នកអាចកំណត់បិទការស្នើធ្វើជាមិត្ត (friend requests) និងបិទការជជែកជាមួយអ្នកដែលពួកគេមិនស្គាល់។
៤. លើកទឹកចិត្តឱ្យកូនៗជជែកជាមួយអ្នកពីសកម្មភាពលេងហ្គេមរបស់គេ
មធ្យោបាយមួយដែលមានប្រសិទ្ធខ្ពស់ក្នុងការរក្សាសុវត្ថិភាពកូនៗរបស់អ្នកតាមអនឡាញគឺការជជែកដោយបើកចំហអំពីសកម្មភាពលេងហ្គេមរបស់ពួកគេ។ អ្នកអាចចាប់ផ្តើមដោយសម្ដែងចំណាប់អារម្មណ៍លើហ្គេមដែលពួកគេកំពុងលេង សួរសំណួរផ្សេងៗ និងចំណាយពេលនៅក្នុងបន្ទប់ដូចគ្នានឹងពេលពួកគេលេង ដើម្បីឱ្យអ្នកអាចស្វែងយល់ពីហ្គេមនោះបាន។ អ្នកគួរចៀសវាងធ្វើឱ្យកូនៗមានអារម្មណ៍តានតឹងឬខ្លាចក្នុងការចែករំលែកជាមួយនឹងអ្នកអំពីការលេងហ្គេមរបស់ពួកគេ ការស្គាល់មិត្តថ្មីៗតាមអនឡាញ និងការដែលគេជជែកជាមួយមនុស្សថ្មីៗ។
សំណួរសាមញ្ញមួយដែលអាចឱ្យអ្នកដឹងអំពីភាពមិនប្រក្រតីគឺ « តើថ្ងៃនេះកូនមានជួបអីប្លែកៗខ្លះក្នុងហ្គេម?»។
៥. ឱ្យកូនៗលេងហ្គេមដែលសមស្របតាមអាយុរបស់ពួកគេ
ការឱ្យក្មេងៗលេងហ្គេមដែលសមស្របតាមអាយុរបស់ពួកគេគឺជាមធ្យោបាយមួយដើម្បីការពារពួកគេពីការគំរាមកំហែងតាមអនឡាញ។ ហ្គេមនានាត្រូវបានរចនាឡើងសម្រាប់ក្រុមអាយុផ្សេងៗគ្នាព្រោះកុមារតូចៗមិនទាន់ត្រៀមខ្លួនយល់ដឹងពេញលេញអំពីឥរិយាបទមួយចំនួនរបស់ដែលមនុស្សវ័យចាស់ជាងឡើយ។ ដោយហេតុនេះ កុមារវ័យក្មេងៗអាចទទួលឥទ្ធិពលអវិជ្ជមានពីអំពើហិង្សា ឬឥរិយាបទអាក្រក់ដែលត្រូវបានបង្ហាញនៅក្នុងហ្គេមដែលត្រូវបានរចនាឡើងសម្រាប់មនុស្សវ័យចាស់ជាង។ ដូចនេះ អ្នកគួរពិនិត្យមើលហ្គេមដែលកូនចង់លេង ហើយអនុញ្ញាតឱ្យគេលេងតែហ្គេមដែលសមស្របតាមអាយុរបស់ពួកគេប៉ុណ្ណោះ ដើម្បីឱ្យពួកគេមានបទពិសោធន៍លេងហ្គេមសប្បាយ ពីព្រោះហ្គេមទាំងនោះត្រូវបានរចនាតាមចំណង់ចំណូលចិត្ត និងការលូតលាស់របស់ពួកគេ។
៦. ធ្វើជាគំរូល្អសម្រាប់កូនៗរបស់អ្នក
ពេលខ្លះ អ្នកលេងហ្គេមអនឡាញមិនមែនមានត្រឹមជាក្មេងៗទេ។ ពួកគេប្រហែលជាទទួលយកចំណង់ចំណូលចិត្តនេះពីឪពុកម្តាយ ឬអាណាព្យាបាលរបស់ពួកគេ។ បើអ្នកក៏លេងហ្គេមដែរ អ្នកគួរតែធ្វើជាគំរូល្អឱ្យកូនរបស់អ្នកយកតម្រាប់តាម។ ពួកគេតែងតែកត់សម្គាល់អ្វីដែលអ្នកធ្វើ។ ដូច្នេះនៅពេលអ្នកលេងហ្គេម អ្នកគួរតែមានសុជីវធម៌ចំពោះអ្នកលេងផ្សេងទៀត ប្រកាន់ខ្ជាប់នូវទម្លាប់លេងហ្គេមល្អ ហើយសន្ទនាគ្នាប្រកបដោយទំនួលខុសត្រូវ។
៧. ឯកសារពាក់ព័ន្ធ
- – https://hackread.com/online-gaming-safety-for-kids-how-to-protect-children/