រាជធានីភ្នំពេញ៖នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានរៀបចំសិក្ខាសាលាប្រចាំសប្តាហ៍ស្តីពី “សន្តិសុខសាយប័រ” ដោយមានការចូលរួមពីនិស្សិតប្រមាណ ១៣០នាក់ ។ សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងដល់និស្សិតពាក់ព័ន្ធនឹងប្រធានបទដូចខាងក្រោម៖
- ទិដ្ឋភាពការគំរាមកំហែងសន្តិសុខសាយប័រនៅកម្ពុជា
- អាជីពសន្តិសុខសាយប័រ
- វិធីសាស្ត្ររបស់ហេកគ័រ (HACKER) ក្នុងការលួចចូល និងចម្លងមេរោគ
លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានធ្វើបទបង្ហាញអំពីទិដ្ឋភាពការគំរាមកំហែងសន្តិសុខសាយប័រនៅកម្ពុជា ដែលរួមមានមូលដ្ឋានគ្រឹះនៃសន្តិសុខសាយប័រ សារៈសំខាន់នៃការការពារទិន្នន័យ/ព័ត៌មាន បញ្ហាប្រឈម ការបោកបញ្ឆោត បទល្មើសបច្ចេកវិទ្យា ដែលតែងតែកើតឡើងនៅកម្ពុជា និងវិធានការការពារប្រកបដោយសុវត្ថិភាព ដើម្បីកាត់បន្ថយហានិភ័យដែលកើតមានឡើងពីការប្រើប្រាស់បចេ្ចកវិទ្យាព័ត៌មាន។
លោក គឹម អាន អនុប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានធ្វើបទបង្ហាញអំពីអាជីពសន្តិសុខសាយប័រ ដែលផ្តោតលើតួនាទី ភារៈកិច្ច និងចំណេះដឹងចាំបាច់ដើម្បីអាចឈានទៅចាប់យកអាជីពនីមួយៗ និងបានចែករំលែកអំពីបទពិសោធន៍ ប្រភពសិក្សា និងឱ្យកាស និងការប្រកួតប្រជែងដែលមាននៅក្នុងវិស័យសន្តិសុខសាយប័រនៅកម្ពុជា។
លោក សុខ សុវណ្ណ ប្រធានការិយាល័យ នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្ហាញអំពីវិធីសាស្ត្ររបស់ហេកគ័រ ក្នុងការលួចចូលទៅក្នុងកុំព្យូទ័ររបស់ជនរងគ្រោះ និងធ្វើសកម្មភាពលួចចម្លងទិន្នន័យ ស្តាប់សំលេង ថតរូប វីដេអូ តាមដានសកម្មភាពក្នុងការប្រើប្រាស់កុំព្យូទ័ររបស់ជនរងគ្រោះ និងចម្លងមេរោគចាប់ជំរិត។
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.