១.តើអ្វីជាការក្លែងបន្លំលទ្ធផលស្វែងរក (SEO Poisoning)?
ការក្លែងបន្លំលទ្ធផលស្វែងរក ជាវិធីសាស្ត្រវាយប្រហារសាយប័រដែលឧក្រិដ្ឋសាយប័ររៀបចំធ្វើឱ្យអាល់ហ្កូរីត (algorithm) របស់ម៉ាស៊ីនស្វែងរក (search engine) ដាក់គេហទំព័រក្លែងក្លាយរបស់គេឱ្យនៅលេខរៀងលើគេខ្ពស់ៗក្នុងលទ្ធផលស្វែងរក (search results)។ គេហទំព័រក្លែងក្លាយទាំងនេះច្រើនតែផ្ទុកមេរោគ ឬជាគេហទំព័របន្លំលួចព័ត៌មានសម្ងាត់របស់ជនរងគ្រោះ។
អ្នកវាយប្រហារប្រើប្រាស់ពាក្យគន្លឹះពាក់ព័ន្ធនឹងប្រធានបទឬព្រឹត្តិការណ៍កំពុងពេញនិយម ដូចជាគ្រោះមហន្តរាយ ការចេញលក់ផលិតផលល្បីៗ ឬវិបត្តិសាធារណៈជាដើម។ តាមរយៈការប្រើបច្ចេកទេសដូចជាការញ៉ុកពាក្យគន្លឹះក្នុងគេហទំព័រ (keyword stuffing) តំណភ្ជាប់ទៅសារឥតបានការ និងមាតិកាក្លែងបន្លំ ពួកគេធ្វើឱ្យគេហទំព័រមើលទៅហាក់ដូចជាគេហទំព័រសុចរិត និងទាក់ទាញជនរងគ្រោះដែលមិនបានចាប់អារម្មណ៍សង្ស័យ។
ឧទាហរណ៍មួយចំនួននៃការក្លែងបន្លំលទ្ធផលស្វែងរកមាន៖
- កម្មវិធីកម្ចាត់មេរោគក្លែងក្លាយ: អ្នកប្រើប្រាស់ដែលស្វែងរកកម្មវិធីកម្ចាត់មេរោគត្រូវបាននាំទៅកាន់គេហទំព័រព្យាបាទ ដែលបន្លំជាអ្នកផ្តល់សេវាដែលគួរឱ្យទុកចិត្តនិងល្បីៗដូចជា Avast, Bitdefender និង Malwarebytes ជាដើម។
- ការបន្លំទំនិញក្នុងរដូវកាលពិសេស: ក្នុងអំឡុងពេលរដូវកាលមានការទិញទំនិញច្រើន ឧក្រិដ្ឋជនសាយប័របានបង្កើតគេហទំព័រក្លែងក្លាយបន្លំលក់ផលិតផលពេញនិយម ដែលបោកបញ្ឆោតអ្នកប្រើប្រាស់ឱ្យប្រគល់ព័ត៌មាននៃការទូទាត់របស់ពួកគេទៅក្នុងដៃឧក្រិដ្ឋជន។
- ការកេងប្រវ័ញ្ចលើអ្នកស្វែងរកកម្មវិធី: ការស្វែងរកកម្មវិធីពេញនិយមដូចជា Blender 3D ជាដើមបាននាំអ្នកប្រើប្រាស់ទៅកាន់គេហទំព័រមិនពិតដែលផ្តល់កម្មវិធីមានបង្កប់មេរោគ។
២.ផល់ប៉ះពាល់ចម្បងនៃការក្លែងបន្លំលទ្ធផលស្វែងរក
- ឆ្លងមេរោគ : ការចុចលើតំណភ្ជាប់ទុច្ចរិតអាចធ្វើឱ្យឆ្លងមេរោគចាប់ជំរិតព័ត៌មាន មេរោគឃ្លាំយកព័ត៌មាន ។ល។
- រងការក្លែងបន្លំយកព័ត៌មាន: ជនរងគ្រោះអាចត្រូវបានអ្នកវាយប្រហារបោកប្រាស់ឱ្យបញ្ចូលព័ត៌មានសម្ងាត់ដូចជាពាក្យសម្ងាត់ ឬព័ត៌មានហិរញ្ញវត្ថុ។
- ការខូចខាតកេរ្ដិ៍ឈ្មោះ: អាជីវកម្មអាចបាត់បង់កេរ្ដិ៍ឈ្មោះនិងភាពជឿជាក់ពីសំណាក់អតិថិជន នៅពេលអតិថិជនស្វែងរកតាមអ៊ីនធឺណិត ហើយបែរជាជួបគេហទំព័រក្លែងបន្លំជាជាងគេហទំព័រ ឬសេវាកម្មរបស់ខ្លួនទៅវិញ។
៣.ការការពារប្រឆាំងនឹងការក្លែងបន្លំលទ្ធផលស្វែងរក
អ្នកប្រើ អាចការពារខ្លួនដោយការប្រកាន់យកទម្លាប់សកម្មល្អៗលើអ៊ីនធឺណិតដូចជា :
- ផ្ទៀងផ្ទាត់ប្រភព: គួរពិនិត្យតំណភ្ជាប់ដោយប្រុងប្រយ័ត្នមុនពេលចុច ជាពិសេសនៅពេលស្វែងរកប្រធានបទ កំពុងពេញនិយម។
- ប្រើកម្មវិធីការពារសុវត្ថិភាពដែលអាចទុកចិត្តបាន: កម្មវិធីកម្ចាត់មេរោគ និងកម្មវីធីផ្នែកបន្ថែមសម្រាប់កម្មវិធីរុករក (browser extensions) អាចជួយទប់ស្កាត់ និងបំបាំងតំណភ្ជាប់ ឬគេហទំព័រដែលបង្កគ្រោះថ្នាក់។
- តាមដានព័ត៌មានបច្ចុប្បន្នពីការគំរាមកំហែង:ការយល់ដឹងអំពីព័ត៌មានសន្តិសុខសាយប័រថ្មីៗដែលកំពុងកើតមានឡើង មានសារៈសំខាន់ណាស់សម្រាប់ការមើលដឹងនិងជៀសវាងពីការព្យាបាទ។
អាជីវកម្មគួរការពារគេហទំព័រ និងអត្តសញ្ញាណឌីជីថលរបស់ពួកគេពីការកេងប្រវ័ញ្ច ដោយធ្វើជាដៃគូជាមួយអ្នកផ្តល់សេវា search engine optimization (SEO) ដែលអាចទុកចិត្តបាន។ អ្នកផ្តល់សេវា SEO ដែលអាចទុកចិត្តបានអាចបង្កើនកេរ្ដ៍ឈ្មោះគេហទំព័ររបស់អាជីវកម្ម ហើយកាត់បន្ថយភាពងាយរងគ្រោះ ដូចជា តំណភ្ជាប់ក្លែងក្លាយ ឬការផ្លាស់ប្តូរមាតិកាដែលគ្មានការអនុញ្ញាត ដែលជាសញ្ញាណមួយនៃការក្លែងបន្លំលទ្ធផលស្វែងរក។
អ្នកផ្ដល់សេវាកម្មស្វែងរកធំៗដូចជា Google និង Bing ធ្វើបច្ចុប្បន្នភាពជាប្រចាំនូវអាល់ហ្កូរីតរបស់ពួកគេដើម្បីស្វែងរក និងដាក់ពិន័យគេហទំព័រសង្ស័យដែលបង្ហាញពីអាកប្បកិរិយាព្យាបាទ ដូចជាការញ៉ុកពាក្យគន្លឹះក្នុងគេហទំព័រ សកម្មភាពបង្ហាញតំណភ្ជាប់គួរឱ្យសង្ស័យ និងខ្លឹមសារបំភាន់ដោយប្រើបច្ចេកវិទ្យាដូចជា៖
- អាល់ហ្កូរីតម៉ាស៊ីនសិក្សា (machine learning algorithms): ឧបករណ៍ទាំងនេះវិភាគគេហទំព័ររាប់ពាន់លានដើម្បីកំណត់សញ្ញាណចេតនាព្យាបាទដែលអាចមាននៅក្នុងគេហទំព័រ។
- បច្ចេកវិទ្យារុករកដោយសុវត្ថិភាព (safe browsing technology): ថ្នាលដូចជា Google ជាដើមនឹងព្រមានអ្នកប្រើប្រាស់អំពីគេហទំព័រដែលអាចបង្កគ្រោះថ្នាក់ មុនពេលពួកគេអាចចូលទៅគេហទំព័រទាំងនោះបាន។
- ប្រព័ន្ធកេរ្ដិ៍ឈ្មោះដែនអ៊ីនធឺណិត (domain reputation systems): ម៉ាស៊ីនស្វែងរកនឹងវាយតំលៃភាពជឿជាក់នៃ ដែននានា ដើម្បីបន្ទាបតម្លៃដែនដែលមានជាប់ពាក់ព័ន្ធនឹងសកម្មភាពព្យាបាទ។
៤.សេចក្តីសន្និដ្ឋាន
ការក្លែងបន្លំលទ្ធផលស្វែងរក ជាការគំរាមកំហែងដែលកើនឡើងទាំងក្នុងវិស័យសន្តិសុខសាយប័រ និងវិស័យទីផ្សារឌីជីថល។ តាមរយៈការកេងប្រវ័ញ្ចបច្ចេកទេស SEO ស្របច្បាប់ ឧក្រិដ្ឋជនសាយប័រអាចបោកបញ្ឆោតអ្នកប្រើប្រាស់ ចែកចាយមេរោគ និងធ្វើឱ្យបាត់បង់ទំនុកចិត្តលើម៉ាស៊ីនស្វែងរក។
សម្រាប់អាជីវកម្ម ភាពជាដៃគូជាមួយអ្នកផ្តល់សេវា SEO ដែលគួរឱ្យទុកចិត្ត ធានាថាគេហទំព័ររបស់គេត្រូវបានធ្វើឱ្យប្រសើរឡើងដោយសុវត្ថិភាព និងមានការការពារភាពងាយរងគ្រោះពីការវាយប្រហាររបស់ឧក្រិដ្ឋជនសាយប័រ។ សម្រាប់អ្នកប្រើប្រាស់ ការប្រកាន់យកទម្លាប់ល្អៗដូចជាការផ្ទៀងផ្ទាត់ប្រភព ការប្រើឧបករណ៍សុវត្ថិភាពដែលអាចទុកចិត្តបាន និងការតាមដានព័ត៌មានអំពីការគំរាមកំហែងដែលកំពុងកើតមានគឺចាំបាច់សម្រាប់រក្សាសុវត្ថិភាពលើអ៊ីនធឺណិត។
៥. ឯកសារពាក់ព័ន្ធ
- – https://hackread.com/seo-poisoning-how-scammers-search-engines-traps/