ខេត្តសៀមរាប៖ នៅថ្ងៃទី៥-៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក អ៊ុក វណ្ឌី អគ្គនាយកស្ដីទីនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពី « Strengthening CII Protection through CIRT Service » នៅសណ្ឋាគារមិរ៉ាខល ខេត្តសៀមរាប ដែលមានការអញ្ជើញចូលរួមពីមន្ត្រី បុគ្គលិកជំនាញ និងអ្នកគ្រប់គ្រងមកពីបណ្តាអង្គភាព ក្រសួង-ស្ថាប័នរដ្ឋ និងប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ សរុបប្រមាណ ៣០រូប។
សិក្ខាសាលានេះមានគោលបំណងឱ្យសិក្ខាកាមស្វែងយល់អំពីស្ថានភាពសន្តិសុខសាយប័ររបស់ប្រទេសកម្ពុជាធៀបនឹងឆាកអន្តរជាតិ និងឧត្តមានុវត្តន៍ក្នុងការបង្កើតយុទ្ធសាស្ត្រសន្តិសុខសាយប័រជាតិ ព្រមទាំងឱ្យសិក្ខាកាមស្វែងយល់អំពីយន្តការឆ្លើយតបនឹងឧប្បត្តិហេតុសន្តិសុខសាយប័រតាមរយៈការហាត់សមឆ្លើយតបក្នុងលំហាត់ table-top exercises និងការមើលទៅលើការវិភាគករណីជ្រៀតចូល និងការស្វែងយល់ពីប្រព័ន្ធព័ត៌មានគំរាមកំហែងសាយប័រ (threat intelligence)។
សិក្ខាសាលានេះស្ថិតក្នុងគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជាដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា។
ឯកសារយោង៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications





