December 21, 2024

Language:

វគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន»

ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន»

រាជធានីភ្នំពេញ៖​ នារសៀលថ្ងៃទី៥ ខែកក្ដដា ឆ្នាំ២០២៣ នៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន» ដែលបានសហការរៀបចំជាមួយក្លឹបអ្នកការសែតកម្ពុជា​ នៅថ្ងៃទី៣០​ ខែមិថុនា​ និងថ្ងៃទី៥​ ខែកក្កដា​ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា លោក ពុយ គាប្រធានក្លឹបអ្នកកាសែតកម្ពុជា និងសិក្ខាកាមជាអ្នកសារព័ត៍មានចំនួន ៥៦នាក់ (ស្រី ២០នាក់)។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមជូនដល់សមាជិកក្លឹបអ្នកកាសែតកម្ពុជា អំពីកម្មវិធីទូរសព្ទសម្រាប់ជួយការងារ ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម និងសុវត្ថិភាពទាំងលើឧបករណ៍ និងលើប្រព័ន្ធអ៊ីនធឺណិត ដើម្បីឱ្យពួកគាត់អាចប្រកបវិជ្ជាជីវៈរបស់ខ្លួនកាន់តែមានប្រសិទ្ធភាពខ្ពស់ឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យាឌីជីថលនៅលើគ្រប់វិស័យ ជាពិសេសចូលរួមក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។​

វគ្គបណ្ដុះបណ្ដាលនេះមានបទបង្ហាញពីលោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដោយផ្តោតលើប្រធានបទស្តីពី “សន្តិសុខសាយប័រសម្រាប់អ្នកទាំងអស់គ្នា”

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងមានចក្ខុវិស័យច្បាស់លាស់ក្នុងការជំរុញអក្ខរកម្មឌីជីថល​ និងបន្តជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល​ ការផ្ដល់សេវាអ៊ីនធឺណិតល្បឿនលឿនដែលបានរំពឹងគិតថានឹងអាចតភ្ជាប់ដល់ គ្រប់ឃុំសង្កាត់ទូទាំងប្រទេសកម្ពុជា នៅឆ្នាំ​ ២០២៧។ បន្ថែមលេីនេះ​ ក្រសួងបានរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តិសំខាន់ៗ ពាក់ព័ន្ធនឹងសន្តិសុខឌីជីថល និងការការពារទិន្នន័យបុគ្គលជាដើម ដែលនេះជាមូលដ្ឋានគ្រឹះនៃសិទ្ធិទទួលព័ត៌មាន និងការចាប់យកបច្ចេកវិទ្យាឌីជីថលប្រកបដោយប្រសិទ្ធភាព និងបរិយាប័ន្ន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានរំលឹកពាក្យស្លោករបស់សម្តេចតេជោ ថា “អ្នកសារព័ត៌មានត្រូវផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ”​ និងបានណែនាំដល់អ្នកសារព័ត៌មាន គួរចៀសវាងការបង្កើតរាល់មាតិកាព័ត៌មានការដែលប៉ះពាល់ដល់ឯកជនភាពបុគ្គល និងសិទ្ធិអ្នកដទៃ។​
ប្រភពពី: ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ 
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.