December 22, 2024

Language:

ការបណ្តុះបណ្តាលការយល់ដឹងអំពីសន្តិសុខសាយប័រជាមធ្យោបាយការពារដ៏ល្អបំផុតសម្រាប់ស្ថាប័ន

១. ព័ត៌មានទូទៅ

ឧក្រិដ្ឋជនសាយប័រនានាដឹងថា ត្រឹមតែបច្ចេកវិទ្យាតែមួយមុខមិនអាចការពារទ្រព្យសម្បត្តិអនឡាញរបស់យើងបានគ្រប់ជ្រុងជ្រោយទេ។ ពួកគេកេងប្រវ័ញ្ចលើភាពងាយចាញ់បោកនិងអារម្មណ៍របស់យើងជាមនុស្ស ដោយប្រើយុទ្ធសាស្ត្រវិស្វកម្មសង្គម ដើម្បីជ្រៀតចូលប្រើប្រព័ន្ធ និងលួចទិន្នន័យរបស់យើង។ ការបណ្តុះបណ្តាលការយល់ដឹងអំពីសន្តិសុខសាយប័រផ្តល់ឱ្យបុគ្គលិកក្នុងស្ថាប័ននូវចំណេះដឹង និងជំនាញដែលគេត្រូវការដើម្បីកំណត់អត្តសញ្ញាណ និងជៀសវាងការគំរាមកំហែងពីឧក្រិដ្ឋជនសាយប័រទាំងនេះ។ ការបណ្តុះបណ្តាលការយល់ដឹងអំពីសន្តិសុខសាយប័រអាចធ្វើឱ្យស្ថាប័នរបស់អ្នកកាន់តែមានភាពធន់នឹងឧក្រិដ្ឋជនសាយប័របានដោយ៖

  • ប្រែក្លាយរាល់បុគ្គលិកជាតួអង្គស្វែងរកករណីបោកបញ្ឆោតក្នុងស្ថាប័ន៖ការបណ្តុះបណ្តាលជួយឱ្យបុគ្គលិកងាយស្រួលរកឃើញសញ្ញាណនៃការបោកបញ្ឆោតក្នុងអ៊ីមែលឯកសារភ្ជាប់គួរឱ្យសង្ស័យនិងអាកប្បកិរិយាមិនធម្មតានៅលើគេហទំព័រ។
  • លើកស្ទួយទម្លាប់សន្តិសុខសាយប័ររបស់បុគ្គលិក៖ការប្រើពាក្យសម្ងាត់ល្អ គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ការប្រើប្រាស់អ៊ីនធឺណិតដោយសុវត្ថិភាពនិងការចែករំលែកទិន្នន័យដោយមានទំនួលខុសត្រូវក៏ជាសមាសធាតុសំខាន់របស់សន្តិសុខសាយប័រដែរ។ការបណ្តុះបណ្តាលការយល់ដឹងអំពីសន្តិសុខសាយប័រជម្រុញឱ្យបុគ្គលិកចាប់យកនូវឧត្តមានុវត្តន៍ទាំងនេះនិងធ្វើការសម្រេចចិត្តសមរម្យលើអ៊ីនធឺណិតទោះបីជាជួបសម្ពាធឬការទាក់ទាញអារម្មណ៍ក៏ដោយ។
  • ជម្រុញឱ្យបុគ្គលិករាយការណ៍មិនព្រងើយកន្តើយ៖ការបណ្តុះបណ្តាលការយល់ដឹងអំពីសន្តិសុខសាយប័រជម្រុញឱ្យបុគ្គលិកមិនព្រងើយកន្តើយក្នុងការរាយការណ៍ពីឧប្បត្តិហេតុគួរសង្ស័យទៅកាន់បណ្តាញសមស្របនៅក្នុងស្ថាប័ន។នេះអនុញ្ញាតឱ្យក្រុមសន្តិសុខសាយប័រស៊ើបអង្កេតការគំរាមកំហែងដែលអាចកើតមាន មុនពេលវាឈានដល់ការបែកធ្លាយទិន្នន័យធ្ងន់ធ្ងរ។

ការបណ្តុះបណ្តាលការយល់ដឹងអំពីសន្តិសុខសាយប័រទៅដល់បុគ្គលិកក្នុងស្ថាប័ននឹងបង្កើតអ្នកការពារសន្តិសុខសាយប័រ ដែលមានការយល់ដឹងគ្រប់គ្រាន់ក្នុងស្ថាប័ន។ នេះមិនត្រឹមតែកាត់បន្ថយហានិភ័យនៃការធ្លាក់ខ្លួនរងគ្រោះដោយសារការវាយប្រហារផ្នែកវិស្វកម្មសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយសក្តានុពលនៃកំហុសរបស់មនុស្សដែលអាចនាំឱ្យមានការជ្រៀតចូលប្រព័ន្ធផងដែរ។

. ការកសាងវប្បធម៌សាយប័រដោយជោគជ័យ

ការបណ្តុះបណ្តាលការយល់ដឹងអំពីសន្តិសុខសាយប័រគឺជាដំណើរការដែលប្រព្រឹត្តទៅជាប្រចាំដោយនិរន្ត មិនមែនជាព្រឹត្តិការណ៍ដែលធ្វើតែមួយដងនោះទេ។ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាល គួរពិចារណាយុទ្ធសាស្ត្រមួយចំនួនដូចតទៅ៖

  • ធ្វើឱ្យមានភាពទាក់ទាញ មិនគួរឱ្យធុញ៖ គួរប្រើប្រាស់វិធីសាស្រ្តបណ្តុះបណ្តាលមានអន្តរកម្មច្រើនដូចជាការក្លែងធ្វើករណីនិមិត្ត និងការយកករណីធ្លាប់កើតពិតមកអនុវត្តសាកល្បងជាដើម។ ជាឧទាហរណ៍ អ្នកបណ្ដុះ-បណ្ដាលអាចក្លែងធ្វើលំហាត់ឆ្លើយតបនឹងការបោកបញ្ឆោតដើម្បីឱ្យបុគ្គលិកចូលរួមនិងសាកល្បងជំនាញដែលគេទទួលបានពីការបណ្ដុះបណ្ដាល។
  • ធ្វើបច្ចុប្បន្នភាពខ្លឹមសារបណ្ដុះបណ្ដាលជាប្រចាំ៖ទិដ្ឋភាពគំរាមកំហែងសាយប័រមានការវិវឌ្ឍឥតឈប់ឈរ មានយុទ្ធសាស្ត្រនិងវិធីសាស្ត្របោកបញ្ឆោតថ្មីៗលេចឡើងគ្រប់ពេលវេលា។ ដូចនេះ ការបណ្តុះបណ្តាលជាប្រចាំ (យ៉ាងតិចមួយឆ្នាំម្ដង) ជាមួយនឹងបច្ចុប្បន្នភាពព័ត៌មានថ្មីៗ មានភាពចាំបាច់ក្នុងការជូនដំណឹងដល់បុគ្គលិកអំពីល្បិចនិងវិធីសាស្ត្រចុងក្រោយបំផុតដែលឧក្រិដ្ឋជនសាយប័រកំពុងប្រើប្រាស់។
  • ព្យាយាមប្រើពាក្យសាមញ្ញនិងច្បាស់លាស់៖ បុគ្គលិកមិនធ្វើការផ្នែកបច្ចេកទេស អាចនឹងមិនយល់ពីភាសាបច្ចេកទេសសន្តិសុខសាយប័រ។ ដូចនេះ អ្នកបណ្ដុះបណ្ដាលគួរផ្តោតលើការប្រាស្រ័យទាក់ទងដោយច្បាស់លាស់ ប្រើភាសាសាមញ្ញ និងប្រើប្រាស់ធនធានដែលងាយស្រួលប្រើ ដើម្បីធានាថាអ្នកគ្រប់គ្នាយល់ពីព័ត៌មានដែលបានបង្ហាញក្នុងការបណ្ដុះបណ្ដាល។ គួរពន្យល់ពីគោលគំនិតដោយប្រើពាក្យដែលស្របនឹងការយល់ដឹងរបស់បុគ្គលិក និងព្យាយាមប្រើឧទាហរណ៍ពិតក្នុងការពន្យល់។
  • កែតម្រូវការបណ្ដុះបណ្ដាលដែលស៊ីគ្នានឹងតម្រូវការបុគ្គលិក៖ តម្រូវការនៃតួនាទី និងផ្នែកបុគ្គលិកមានខុសៗគ្នា។ វគ្គបណ្ដុះបណ្ដាលមានប្រសិទ្ធភាពគួរត្រូវបានកែតម្រូវជាក់លាក់ទៅតាមតួនាទី និងកម្រិតហានិភ័យផ្សេងៗគ្នា។ ជាឧទាហរណ៍ ផ្នែកព័ត៌មានវិទ្យាអាចត្រូវការការយល់ដឹងស៊ីជម្រៅអំពីភាពងាយរងគ្រោះផ្នែកបច្ចេកទេស ខណៈដែលផ្នែកលក់អាចទទួលបានអត្ថប្រយោជន៍ច្រើនពីការស្វែងយល់អំពីយុទ្ធសាស្ត្រវិស្វកម្មសង្គមដែលឧក្រិដ្ឋជនប្រើក្នុងការហៅទូរសព្ទ ឬការសន្ទនាក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម។ វិធីសាស្រ្តកែតម្រូវកំណត់គោលដៅនេះធានាថាបុគ្គលិកទទួលបានការបណ្តុះបណ្តាលដែលពាក់ព័ន្ធនឹងជំនាញ និងអាចយល់ដឹងកាន់តែប្រសើរឡើងដើម្បីទប់ទល់នឹងការគំរាមកំហែងជាក់លាក់ដែលគេអាចជួបប្រទះនៅក្នុងការងារប្រចាំថ្ងៃរបស់គេ។

ការបណ្តុះបណ្តាលការយល់ដឹងអំពីសន្តិសុខសាយប័រគឺមានសារៈសំខាន់ ប៉ុន្តែវាគ្រាន់តែជាផ្នែកមួយនៃដំណើរការកសាងវប្បធ៌មសន្តិសុខសាយប័រប៉ុណ្ណោះ។ ដើម្បីបង្កើតវប្បធម៌ដែលយល់ដឹងអំពីសន្តិសុខសាយប័រពិតប្រាកដនៅក្នុងអង្គភាពរបស់អ្នក គួរពិចារណាអំពីយុទ្ធសាស្ត្របន្ថែមទាំងនេះ៖

  • ការចូលរួមពីថ្នាក់ដឹកនាំគឺជាការចាំបាច់៖ ការសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិសុខសាយប័រ និងការចូលរួមក្នុងគំនិតផ្តួចផ្តើមបណ្តុះបណ្តាលដោយថ្នាក់ដឹកនាំ មានសារៈសំខាន់ជាគំរូដែលបណ្ដុះចិត្តឱ្យបុគ្គលិកនាំគ្នាគិតគូរពីសន្តិសុខសាយប័ររបស់ស្ថាប័ន។
  • ការសន្ទនាដោយបើកចំហ៖គួរលើកទឹកចិត្តឱ្យមានការសន្ទនាដោយបើកចំហអំពីកង្វល់សន្តិសុខ។ បុគ្គលិកគួរអាចរាយការណ៍ពីសកម្មភាពគួរឱ្យសង្ស័យ ឬសួរសំណួរដោយមិនខ្លាចការថ្នាំងថ្នាក់ សងសឹក ឬដាក់ទារុណកម្ម។ នេះជំរុញឱ្យមានវប្បធម៌នៃការជឿទុកចិត្តនិងការសហការ ដែលបុគ្គលិកគ្រប់គ្នាមានទំនួលខុសត្រូវក្នុងការរក្សាសន្តិសុខសាយប័រដ៏រឹងមាំ។
  • បណ្ដុះបណ្ដាលអ្នកពូកែយល់ដឹងផ្នែកសន្តិសុខសាយប័រ៖ ស្វែងរកបុគ្គលិកដែលមានចំណាប់អារម្មណ៍ខ្ពស់លើសន្តិសុខសាយប័រ ហើយបណ្តុះបណ្តាលគេឱ្យក្លាយជាបុគ្គលិកពូកែយល់ដឹងផ្នែកសន្តិសុខសាយប័រផ្ទៃក្នុង។ បុគ្គលិកពូកែទាំងនេះអាចទៅបង្ហាត់បង្រៀនមិត្តភក្ដិរបស់គេ ឆ្លើយសំណួរ និងលើកកម្ពស់ការប្រើប្រាស់ឧត្ត-មានុវត្តន៍នានានៅទូទាំងស្ថាប័ន។

តាមរយៈការអនុវត្តកម្មវិធីការយល់ដឹងអំពីសន្តិសុខសាយប័រទូលំទូលាយដែលរួមបញ្ចូលគ្នានូវការបណ្តុះបណ្តាល គំនិតផ្តួចផ្តើមវប្បធម៌ និងការសន្ទនាទាក់ទងជាប្រចាំ អ្នកអាចកាត់បន្ថយហានិភ័យដែលអង្គភាពអ្នកកក្លាយជាជនរងគ្រោះដោយសារការវាយប្រហារសាយប័រ។

សូមចងចាំថា សន្តិសុខសាយប័រគឺជាដំណើរការបន្តជានិរន្ត មិនមែនជាគោលដៅមួយនោះទេ។ តាមរយៈការលើកកម្ពស់វប្បធម៌នៃការយល់ដឹង និងការប្រុងប្រយ័ត្ន អ្នកអាចធានាថាស្ថាប័នរបស់អ្នកមានសមត្ថភាពនិងធនធានគ្រប់គ្រាន់ដើម្បីប្រឆាំងនឹងការគំរាមកំហែងសាយប័រជឿនលឿន។

៣. ឯកសារពាក់ព័ន្ធ

  • – https://hackread.com/why-security-awareness-training-best-defense/
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.