រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ Fairfield by Marriott Phnom Penh ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី អនាគតនៃសន្តិសុខសាយប័រសម្រាប់វិស័យសាធារណៈ (Securing the Future of Cybersecurity for the Public Sector) ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញមកពីបណ្តាអង្គភាព ក្រសួង-ស្ថាប័នរដ្ឋ ចំនួន២៨។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការគាំទ្រពីក្រុមហ៊ុន Palo Alto Networks ក្នុងគោលបំណងដើម្បីស្វែងយល់បន្ថែមអំពីការវិវត្តន៍ថ្មីៗនៃការគំរាមកំហែងក្នុងលំហសាយប័រ, ដំណោះស្រាយបច្ចេកវិទ្យា, និងយន្តការត្រួតពិនិត្យសន្តិសុខសាយប័រសម្រាប់វិស័យសាធារណៈ ព្រមទាំងការពង្រឹងសមត្ថភាពបច្ចេកទេសដល់តួអង្គពាក់ព័ន្ធ។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានចង្អុលបង្ហាញនូវភាពចាំបាច់ក្នុងការគ្រប់គ្រងឱ្យបានលើហានិភ័យក្នុងលំហសាយប័រ និងការចាប់យកកាលានុវត្តភាពពីការរីកចំរើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងជាតិ បង្កើនផលិតភាព ជំរុញពិពិធកម្ម បង្កើតនិងលើកកម្ពស់គុណភាពការងារ។ តាមការចង្អុលបង្ហាញនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានដាក់ចេញនូវគោលដៅលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័ររបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការអនុវត្តន៍យ៉ាងសកម្មនូវសកម្មភាពអាទិភាព ជាអាទិ៍ ១)ការរៀបចំផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍សន្តិសុខសាយប័រ, ២)ការសិក្សាវាយតម្លៃកម្រិតសន្តិសុខសាយប័រ, ៣)ការរៀបចំច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ, ៤)ការពង្រឹងសមត្ថភាពស្ថាប័នសន្តិសុខសាយប័រអង្គភាពក្រោមឱវាទ, ៥)ការកសាងមូលធនមនុស្សជំនាញសន្តិសុខសាយប័រ, និង ៦)ការបង្កើនកិច្ចសហប្រតិបត្តិការល្អរវាងគ្រប់ភាគីពាក់ព័ន្ធទាំងក្នុងស្រុក និងអន្តរជាតិ ដែលរួមមាន រដ្ឋាភិបាល វិស័យឯកជន សាកលវិទ្យាល័យ និងដៃគូអភិវឌ្ឍន៍។