រាជធានីភ្នំពេញ : ព្រឹកថ្ងៃសុក្រ ១៤ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០
នាយកដ្ឋាន សន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ស.ប.គ.ព) នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីន៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «សន្តិសុខ និងសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីនធឺណិតកំឡុងពេលរាតត្បាតជំងឺកូវីដ-១៩» តាមរយៈអ៊ីនធឺណិត ក្រោមការដឹងកនាំរបស់ លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខ ប.គ.ព ដោយមានការចូលរួមពីសិក្ខាកាមប្រមាណជា ៨៧ នាក់។
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីចូលរួមលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដល់សារធារណៈជនទូទៅ ក្រោមបទបង្ហាញរបស់វាគ្មិនចំនួន ៤ រូប លោក គឹម អាន អនុប្រធាននាយកដ្ឋាននៃនាយកដ្ឋាន ស.ប.គ.ព, លោក អ៊ឹង ប៉ហៃ អ្នកស្រាវជ្រាវផ្នែកសន្តិសុខ ប.គ.ព, លោក ឌឿក វិសាល ប្រធានការិយាល័យ និយាម ត្រួតបពិនិត្យនិងហានិភ័យ នៃនាយកដ្ឋាន ស.ប.គ.ព, និងលោក តាន់ សុភ័ក្រ អនុប្រធាននាយកដ្ឋាន ស.ប.គ.ព ដោយបានផ្តោតលើប្រធានបទដូចជា៖
- សន្តិសុខក្នុងការប្រើប្រាស់ទូរស័ព្ទដៃទំនើប
- ការវាយប្រហារបោកបញ្ឆោតកំឡុងពេលរាតត្បាតជំងឺកូវីដ-១៩
- សន្តិសុខ និងឯកជនភាពក្នុងការប្រើប្រាស់បណ្តាញសង្គម
- សន្តិសុខនៃអ៊ីនធឺណិតនៃវត្ថុ (IoT Security)
តាមរយៈសិក្ខាសាលាខាងលើនេះ នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានពិនិត្យឃើញថា សិក្ខាកាមមានការចាប់អារម្មណ៍និងបានចូលរួមលើកជាសំណួរ និង បញ្ហាប្រឈមដែលខ្លួនជួបប្រទះក្នុងការប្រើប្រាស់ប្រចាំថ្ងៃពាក់ព័ន្ធនឹងសន្តិសុខក្នុងការប្រើប្រាស់អ៊ីនធឺណិត ហើយវាគ្មិនក៏បានធ្វើការឆ្លើយតបទៅនឹងសំណួរនីមួយៗរបស់សិក្ខាកាមយ៉ាងក្បោះក្បាយផងដែរ ជាចុងបញ្ចប់សិក្ខាសាលាបានបញ្ចប់ទៅប្រកបដោយភាពរលូន ក្រោមបរិយាកាសស្និទ្ធស្នាល និងរីករាយ។