រាជធានីភ្នំពេញ : ព្រឹកថ្ងៃសុក្រ ៧ កើត ខែកត្តិក ឆ្នាំជូត ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០
នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម សង់ ស៊ីណាវ៉ុង អនុរដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “សន្តិសុខ និងសុវត្ថិភាពក្នុងការប្រើប្រាស់បណ្តាញព័ត៌មានសង្គម”។ សិក្ខាសាលានេះបានរៀបចំឡើងដោយ នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលទទួលបានការគំាទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានការចូលរួមពីសំណាក់មន្រ្តីរាជការក្រោមឱវាទក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានតួនាទីចាប់ពីអនុប្រធាននាយកដ្ឋាន រហូតដល់មន្រ្តី មកពីគ្រប់អគ្គនាយកដ្ឋានទាំងអស់ចំនួនមានប្រមាណ ៥២ រូប។
សិក្ខាសាលានេះមានគោលបំណងដើម្បីពង្រឹងសមត្ថភាពទៅដល់មន្រ្តីពាក់ព័ន្ធ ដោយផ្តល់ចំណេះដឹងជាការអនុវត្តពិតប្រាកដជាក់ស្តែងទៅលើការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងប្រព័ន្ធបណ្តាញសារខ្លីតេលេក្រាម ធ្វើយ៉ាងណាដើម្បីឱ្យការប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងកាត់បន្ថយហានិភ័យនៃការវាយប្រហារពីចោរបច្ចេកវិទ្យាឱ្យនៅទាបបំផុត និងដើម្បីយល់ដឹងអំពីបច្ចេកទេសថ្មីៗ ក្នុងការឆ្លើយតបទៅនឹងហានិភ័យនានាដែលអាចកើតមានឡើងក្នុងប្រព័ន្ធអ៊ីនធឺណិត។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម សង់ ស៊ីណាវ៉ុង បានសូមគោរពថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្រ្តី ដែលផ្តល់ការគាំទ្រជានិច្ចដល់ ការងារពង្រឹងសមត្ថភាពធនធានមនុស្ស ហើយក៏សុំធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរៀបចំឱ្យមានសិក្ខាសាលានេះឡើង ក្នុងខណៈពេលដែលការប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសអ៊ីនធឺណិតមានការកើនឡើងគួរជាទីចាប់អារម្មណ៍។ ឯកឧត្តម បានលើកឡើងថា ការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាដោយមិនមានការគិតព្រាងទុកមុននេះ បានធ្វើឱ្យចោរបច្ចេកវិទ្យាកាន់តែមានឱកាសច្រើនក្នុងការវាយប្រហារទៅលើអ្នកប្រើប្រាស់ ដើម្បីលួចទិន្នន័យ លួចបង្វែរសាច់ប្រាក់នៅក្នុងធនាគារ និងលួចយកឯកសារសំងាត់ផ្សេងៗទៀតរបស់អង្គភាព។
ឯកឧត្តម អនុរដ្ឋលេខាធិការ សង្ឈឹមជឿជាក់ថា កម្មវិធីថ្ងៃនេះ នឹងផ្តល់ជាចំណេះដឹងពិតប្រាកដដល់អស់លោក-លោកស្រីទាំងអស់ ដើម្បីការពារខ្លួនមិនឱ្យក្លាយទៅជាជនរងគ្រោះដោយសារការប្រើប្រាស់ បច្ចេកវិទ្យា ដើម្បីចូលរួមចំណែកធ្វើឱ្យការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាន់តែមានសុវត្ថិភាព និងសន្តិសុខខ្ពស់ជាលំដាប់។
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.