December 18, 2024

Language:

កិច្ចប្រជុំអ្នកជំនាញស្តីពីយន្តការឆ្លើយតប និងប្រឆាំងសម្ភារៈរំលោភបំពានផ្លូវភេទកុមារ (CSAM) តាមប្រពន្ធ័អនឡាញ

រាជធានីភ្នំពេញ៖ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារ សាន់ & មូន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងអង្គការ APLE Cambodia ដែលបានចូលរួមសហការដោយ នាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអង្គការសកម្មភាពដើម្បីកុមារ (APLE) និងទទួលបានការគាំទ្រឧបត្ថម្ភថវិកាពីអង្គការដែនដីមនុស្សហូឡង់ បានរៀបចំកិច្ចប្រជុំអ្នកជំនាញ ស្តីពីយន្តការឆ្លើយតប និងប្រឆាំងសម្ភារៈរំលោភបំពាន ផ្លូវភេទកុមារ (CSAM) តាមប្រពន្ធ័អនឡាញ ដែលមាន មន្ត្រីជំនាញចំនួន១៣នាក់ មកពីនាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងមន្ត្រីជំនាញចំនួន២នាក់ មកពីនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

កិច្ចប្រជុំនេះក្នុងគោលបំណងដើម្បីបានជួបពិភាក្សាអំពីខ្លឹមសារសំខាន់ៗ ស្តីអំពីយន្តការរាយការណ៍ និងកិច្ចសហការក្នុងការឆ្លើយតបទៅនឹងអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញឱ្យកាន់តែមានប្រសិទ្ធភាព។ មន្រ្តីជំនាញពិភាក្សាអំពីយន្តការរាយការណ៍ និងកិច្ចសហការក្នុងការឆ្លើយតបទៅនឹងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ។

ក្នុងឱកាសនោះ លោក ឌឿក វិសាល ប្រធានការិយាល័យនិយាមត្រួតពិនិត្យ និងហានិភ័យ​ នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមលើកឡើងពិភាក្សាអំពី បច្ចេកវិទ្យា ប្រព័ន្ធរាយការណ៍ អនឡាញ (INHOPE ICCAM) ធ្វើយ៉ាងណាអោយមានទំរងរាយការណ៍ខ្លី និងងាយស្រួលបញ្ជូន (Submit) ដើម្បីអោយ កុមារ និងប្រជាពលរដ្ឋទូទៅយល់ និងងាយប្រើបាន។ ហើយក៏បាន លើកឡើងអោយមានការតភ្ជាប់ប្រព័ន្ធ INHOPE ទៅកាន់ស្ថាប័នពាក់ព័ន្ធមានដូចជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃ ពិសេសភ្ជាប់ជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ជាដើម ដើម្បីអោយមានប្រព័ន្ធរាយការរួមបានលឿន។ ចំពោះ ប្រព័ន្ធរាយការណ៍ INHOPE គួរតែមានការវិភាគទិន្នន័យ ជាមុនសិនដើម្បីកំណត់ថាទិន្នន័យនឹងពិតជាត្រូវបាន គេរំលោភបំពានមុន នឹងរាយការណ៍ទៅកាន់បណ្តាស្ថាប័ន បណ្តាញផ្សេងៗ។

ទន្ទឹមនឹងនោះលោកស្រី តាន់ សុដានី ប្រធាននាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានលើកឡើងថា “កិច្ចប្រជុំនេះពិតជាសំខាន់ណាស់ដើម្បីពិនិត្យមើលយន្តការដែលកំពុងមានស្រាប់ក្នុងឆ្លើយតបទៅនឹងអំពើប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ (OCSEA) និងប្រមូលធាតុចូលអំពីភាពចាំបាច់ និងភាពដែលអាចទៅរួចក្នុងការតំឡើងប្រព័ន្ធរាយការណ៍ថ្នាក់ជាតិរួមមានស្ថាប័នជំនាញទទួលខុសត្រូវជាក់លាក់”។

សូមបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០១៥ អង្គការសកម្មភាពដើម្បីកុមារ (APLE) បានដាក់ឱ្យដំណើរការប្រព័ន្ធរាយការណ៍ពិសេសតាមអ៊ីនធឺណិតសម្រាប់រាយការណ៍ករណីរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ។

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.