December 18, 2024

Language:

គន្លឹះការពារសន្តិសុខព័ត៌មាននៅលើកុំព្យូទ័រយួរដៃថ្មី

ខណៈដែលការធ្វើការ និងសិក្សាពីចម្ងាយតាមរយៈអនឡាញមានការកើនឡើង អ្នកប្រហែលជាកំពុងគិតអំពីការទិញកុំព្យូទ័រយួរដៃថ្មី យ៉ាងណាមិញការទិញកុំព្យូទ័រយួរដៃថ្មីអាចជាដំណោះស្រាយមួយ ព្រោះមនុស្សភាគច្រើនពឹងផ្អែកលើកុំព្យូទ័រយួរដៃដើម្បីមានភាពងាយស្រួលក្នុងការរៀនសូត្រ ការកំសាន្ត និងការប្រកបរបរការងារ។

នៅពេលដែលអ្នកទិញ ឬទទួលបានកុំព្យូទ័រយួរដៃថ្មីអ្នកគួរយល់ដឹងអំពីវិធានការចាំបាច់ដែលត្រូវអនុវត្តដើម្បីបង្កើនសុវត្ថិភាព និងការពារពីការគំរាមកំហែងលើសន្តិសុខព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណែត ​ដោយអ្នកគួរធ្វើការប្រុងប្រយ័ត្នដូចខាងក្រោមដើម្បីជៀសផុតពីការវាយប្រហារពីសំណាក់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណែត។

.ទិញ និងប្រើប្រាស់កម្មវិធីប្រឆាំងមេរោគ

ក្រៅពីការវាយប្រហារលួចចូលវេបសាយរបស់សាជីវកម្មធំៗ ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណែតក៏អាចវាយប្រហារចូលទៅកុំព្យូទ័ររបស់អ្នកប្រើប្រាស់ម្នាក់ៗផងដែរ នៅពេលវាយប្រហារជោគជ័យ និងភ្ជាប់ចូលប្រើទិន្នន័យនៅលើកុំព្យូទ័រយួរដៃរបស់អ្នក ពួកគេអាចឃ្លាំមើលនូវសកម្មភាពមួយចំនួនរបស់អ្នក ហើយលើសពីនេះពួកគេលួចគណនីហិរញ្ញវត្ថុ និងអត្តសញ្ញាណរបស់អ្នកផងដែរ។

ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណែតអាចវាយប្រហារតាមវិធីសាស្រ្តផ្សេងៗជាច្រើន ដូចជាការបោកប្រាស់តាមអ៊ីនធឺណែតដើម្បីបោកបញ្ឆោតអ្នកឱ្យផ្ញើប្រាក់ឱ្យពួកគេ ឬតាមរយៈការបញ្ចូលមេរោគទៅក្នុងវេបសាយដែលអ្នកឧស្សាហ៍ចូលមើលញឹកញាប់ ដើម្បីលួចយកព័ត៌មានសំខាន់របស់អ្នកនៅពេលបញ្ចូលទៅក្នុងវេបសាយ។

កម្មវិធីប្រឆាំងមេរោគ គឺជាវិធីដែលល្អបំផុតដើម្បីជៀសវាងពីការគំរាមកំហែងទាំងនេះ កម្មវិធីប្រឆាំងមេរោគត្រូវបានបង្កើតឡើងដើម្បីចាប់/លុប ឬប្លុក (block) មេរោគ មុនពេលវាឆ្លងចូលកុំព្យូទ័រយួរដៃរបស់អ្នក ហើយមិនប៉ះពាល់ដល់មុខងារ ឬល្បឿនអ៊ីនធឺណែតនោះទេ។

. ធ្វើការអាប់ដេត​ ឬបច្ចុប្បន្នភាពកម្មវិធី

នៅពេលអ្នកចាប់ផ្តើមប្រើប្រាស់កុំព្យូទ័រយួរដៃថ្មី អ្នកគួរធ្វើការអាប់ដេត ឬធ្វើបច្ចុប្បន្នភាពកម្មវិធីផ្សេងៗដែលបានដំឡើងនៅលើកុំព្យូទ័រទៅកាន់ជំនាន់ ឬកំណែចុងក្រោយនៃកម្មវិធី ព្រោះកម្មវិធីដែលមានជំនាន់ ឬកំណែចាស់ៗងាយនឹងរងគ្រោះពីការវាយប្រហារ ហេតុនេះគឺវាមានសារះសំខាន់ណាស់ក្នុងការរក្សាកម្មវិធីឱ្យស្ថិតនៅជំនាន់ ឬកំណែចុងក្រោយបំផុត។ សូមកុំរក្សាទុកកម្មវិធីដោយមិនបានធ្វើការអាប់ដេតជាច្រើនខែ ឬឆ្នាំ ឧ.កម្មវិធីរុករកអ៊ីនធឺណេត “Google Chrome” មានកែប្រែផ្នែកសុវត្ថិភាពពីមួយជំនាន់ទៅមួយជំនាន់ ក្នុងជួសជុលចន្លោះប្រហោងដែលមាននៅក្នុងជំនាន់ ឬកំណែចាស់ ដើម្បីការពារសុវត្ថិភាពពីការវាយប្រហាររបស់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណែត។

.ប្រើបណ្តាញឯកជននិម្មិត (VPN) ដែលអាចទុកចិត្តបាន

នៅពេលដែលអ្នកប្រើអ៊ីនធឺណែតជាលើកដំបូង សូមមានការយកចិត្តទុកដាក់លើបណ្តាញ (network) ដែលអ្នកកំពុងភ្ជាប់ថាតើវាជាបណ្តាញ​ VPN ផ្ទាល់ខ្លួនរបស់អ្នក? ឬជាបណ្តាញ Wi-Fi នៅទីសាធារណៈ ដូចជានៅហាងកាហ្វេ? វាមានភាពខុសគ្នាផ្នែកសុវត្ថិភាពរវាងបណ្តាញទាំងពីរនេះ។

បណ្តាញ Wi-Fi នៅតាមទីសាធារណៈភាគច្រើនមានភាពងាយគ្រោះពីការវាយប្រហាររបស់ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណែតអាចធ្វើការលួចឃ្លាំមើលចរាចរណ៍ទិន្នន័យ ដោយប្រព័ន្ធទាំងនេះមិនបានដាក់លេខកូដសំងាត់ការពារសុវត្ថិភាព និងជាប្រព័ន្ធដែលអាចប្រើប្រាស់បានដោយអ្នកប្រើប្រាស់ទូទៅ ពួកគេអាចប្រើបណ្តាញនេះក្នុងការចម្លងមេរោគទៅក្នុងកុំព្យូទ័រផ្សេងទៀត និងលួចយកទិន្នន័យជាដើម។

ដូច្នេះប្រសិនបើអ្នកត្រូវប្រើបណ្តាញ Wi-Fi នៅទីសាធារណៈ សូមមានការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលបញ្ចូលទៅក្នុងវេបសាយ និងការផ្ញើតាមរយៈអ៊ីម៉ែល ជាពិសេសរាល់ការធ្វើប្រតិបត្តិការជាមួយព័ត៌មានសំខាន់ៗដូចជា ព័ត៌មានគណនីហិរញ្ញវត្ថុ ឬធនាគារអនឡាញ (internet banking) ដែលការប្រតិបត្តិការព័ត៌មានទាំងនេះ អ្នកគួរប្រើប្រាស់តែនៅលើបញ្តាញដែលមានសុវត្ថិភាពដូចជាបណ្តាញ Virtual Private Network (VPN) ជាដើម។

. ត្រូវប្រាកដថាកុំព្យូទ័រយួរដៃរបស់អ្នកត្រូវបានការពារដោយពាក្យសំងាត់

ការដាក់លេខសំងាត់មើលទៅដូចរឿងធម្មតាតែវាជារឿងសំខាន់បំផុតដែលអ្នកមិនគួរមើលរំលង ឧទាហរណ៍ថាអ្នកបានភ្លេចកំព្យូរទ័រយួរដៃនៅក្នុងព្រលានយន្តហោះ ឬនៅកន្លែងទីសាធារណៈណាមួយហើយត្រូវបានគេលួចយក បើកុំព្យូទ័ររបស់អ្នកគ្មានលេខសំងាត់ការពារ គេអាចចូលទៅមើលឯកសារផ្សេងៗដែលអ្នករក្សាទុកក្នុងនោះ អាចរួមមានទាំង ព័ត៌មានលេខសំងាត់គណនីផ្សេងៗ ឬព័ត៌មានកាតឥណពន្ធ (credit card) ប្រសិនបើអ្នកបានរក្សាទុកក្នុងនោះ ហេតុនេះនៅពេលទិញកុំព្យូរទ័រថ្មីសូមរួសរាន់ដាកលេខសំងាត់ការពារហើយកុំចែករំលែកជាមួយអ្នកដ៏ទៃ។

ជាចុងក្រោយ សន្តិសុខ និងសុវត្ថិភាពនៃការប្រើប្រាស់បច្ចេកវិទ្យា គឺស្ថិតនៅក្នុងដៃរបស់លោកអ្នក។ សូមមានការប្រុងប្រយ័ត្នជាប់ជានិច្ច៕

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.