December 25, 2024

Language:

ការណែនាំសម្រាប់អង្គភាព និងអាជីវកម្មដែលអនុវត្តន៍គោលការណ៍នៃការធ្វើការងារពីចម្ងាយ

អង្គភាពនានានៅទូទាំងពិភពលោកបាននឹងកំពុងអនុវត្តន៍គោលការណ៍បែបថ្មីគឺធ្វើការពីចម្ងាយ ឬនៅផ្ទះ ដើម្បីចូលរួមចំណែកការពារ និងទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 ហើយដែលគោលការណ៍នេះត្រូវបានអនុវត្តន៍ផងដែរក្នុងព្រះរាជណាចក្រកម្ពុជា ដូចជានៅតាមក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល គ្រឹះស្ថានឧត្តមសិក្សា និងសាលារៀនមួយចំនួន និងវិស័យឯកជន។

សម្រាប់អង្គភាពដែលមិនធ្លាប់អនុវត្តគោលការណ៍នេះកាលពីមុន អាចជួបភាពស្មុគស្មាញនៅពេលមានការផ្លាស់ប្តូរបែបនេះ។ ដើម្បីជួយសម្រួលក្នុងការអនុវត្តន៍គោលការណ៍នេះឱ្យមានប្រសិទ្ធភាព និងមិនមានភាពស្មុគស្មាញ ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) សូមធ្វើការ “ណែនាំសម្រាប់អង្គភាព និងអាជីវកម្មដែលអនុវត្តន៍គោលការណ៍នៃការធ្វើការងារពីចម្ងាយ” ដែលអ្នកគួរតែពិចារណាទោះបីជាវាមិនទូលំទូលាយ និងពេលខ្លះមិនអាចឆ្លើយតបទៅនឹងគ្រប់អង្គភាព/អាជីវកម្មឡើយ ពីព្រោះរាល់អង្គភាព​/អាជីវកម្ម គឺមានលក្ខណៈខុសៗគ្នា តែនេះអាចជាឯកសារណែនាំមួយដើម្បីជួយសម្របសម្រួលបានខ្លះដែរ។

ការណែនាំសម្រាប់អង្គភាពអាចយកទៅអនុវត្តន៍មានដូចខាងក្រោម៖

អង្គភាព/អាជីវកម្ម

  • ធ្វើការកំណត់នូវសមាជិកបុគ្គលិក ឬតួនាទីដែលអាចមានលទ្ធភាពធ្វើការពីចម្ងាយ ហើយសម្រាប់អ្នកដែលមិនអាចធ្វើការពីចម្ងាយបាន និងអ្នកដែលអាចធ្វើបានតែតម្រូវការឱ្យមានការផ្លាស់ប្តូរខ្លះ
  • ប្រឹក្សាជាមួយម្ចាស់អង្គភាព ឬអាជីវកម្ម ដើម្បីកំណត់ថាការងារ និងប្រតិបត្តិការអ្វីខ្លះដែលសំខាន់សម្រាប់ដំណើរការរបស់ប្រចាំថ្ងៃរបស់អង្គភាព/អាជីវកម្ម វាអាចរួមបញ្ចូលទាំងតម្រូវការក្នុងការប្រើប្រាស់អុីមែលជាដើម
  • ធ្វើការស្ទង់មតិ (survey) ដើម្បីកំណត់លទ្ធភាពរបស់កុំព្យូទ័រដែលអាចត្រូវបានប្រើសម្រាប់ការងារ ក៏ដូចជាលទ្ធភាពនៃការប្រើប្រាស់អុីនធឺណែតល្បឿនលឿន
  • រៀបចំគោលការណ៍ណែនាំសម្រាប់បុគ្គលិកដែលធ្វើការពីចម្ងាយ ដោយរួមមានទាំងការប្រើប្រាស់ និងការភ្ជាប់មកកាន់ប្រព័ន្ធរបស់ក្រុមហ៊ុន និងគោលការណ៍ណែនាំអំពីសុវត្ថិភាពក្នុងការប្រើប្រាស់
  • រៀបចំ និងបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលស្តីពី “ការធ្វើការងារពីចម្ងាយ ឬនៅផ្ទះ” ដើម្បីឱ្យបុគ្គលិកដឹងពីរបៀបរបបនៃការភ្ជាប់មកប្រព័ន្ធពីចម្ងាយ តាមរយៈការប្រើប្រាស់កម្មវិធីផ្សេងៗ និងការអនុវត្តល្អៗដែល បុគ្គលិកគួរអនុវត្តន៍
  • ប្រើប្រាស់នូវប្រភេទសេវាកម្មដែលអាចធ្វើការប្រជុំអនឡាញ (video conferencing) និងប្រភេទសេវាកម្មផ្សេងៗទៀតដូជា Zoom, Cisco WebEx ឬ Google Hangouts ដោយទិញអាជ្ញាប័ណ្ណឱ្យបានត្រឹមត្រូវផងដែរ
  • បង្កើតផែនការទំនាក់ទំនង ដើម្បីឱ្យបុគ្គលិកដែលធ្វើការពីចម្ងាយអាចប្រត្តិការការក្នុងសកម្មភាពការងារប្រចាំថ្ងៃរបស់អង្គភាព/អាជីវកម្ម ដូចជាការប្រើប្រាស់នូវសេវាកម្ម Zoom conference ដែលអាចជួយឱ្យការធ្វើការដូចជួបមុខគ្នាផ្ទាល់ៗ

សន្តិសុខព័ត៌មាន

  • ត្រូវប្រាកដថាឧបករណ៍ទាំងអស់​ ដែលត្រូវប្រើប្រាស់ភ្ជាប់ពីចម្ងាយមានកំណែចុងក្រោយបំផុតនៃកម្មវិធីប្រព័ន្ធប្រតិបត្តិការ កម្មវិធីសុវត្ថិភាព និងកម្មវិធីផ្សេងៗទៀត
  • ត្រូវប្រាកដថាបុគ្គលិកធ្វើការពីចម្ងាយទាំងអស់អាចភ្ជាប់ និងប្រើប្រាស់ Virtual Private Network (VPN) សម្រាប់ប្រភេទសម្រាប់មុខជំនួញ ​ហើយមានអាជ្ញាប័ណ្ណគ្រប់គ្រាន់សម្រាប់បុគ្គលិកទាំងអស់ដែលធ្វើការពីចម្ងាយ
  • ធ្វើការណែនាំបុគ្គលិកអំពីការគំរាមកំហែងថ្មីលើអុីនធឺណែតដែលបានប្រើប្រាស់ស្ថានភាពនៃករណីជំងឺកូវីដ១៩ ជាប្រធានបទ អាចមានទាំងការវាយប្រហារបោកបញ្ឆោតថ្មីៗ និងការប៉ុនប៉ងលួចយកព័ត៌មានគណនី VPN ជាដើម
  • រៀបចំ និងអនុវត្តគោលការណ៍សន្តិសុខសម្រាប់បុគ្គលិកដែលធ្វើការពីចម្ងាយ ដែលអាចមានទាំងគោលការណ៍នៃការចាក់សោកុំព្យូទ័រនៅពេលដែលពួកគេមិនប្រើប្រាស់
  • ប្រើប្រាស់មុខងារផ្ទៀងផ្ទាត់សោរពីរជាន់ ឬច្រើនជាន់ (two-factor ឬ multi-factor authentication)​ដោយការផ្ទៀងផ្ទាត់ជា smart card ឬសោសុវត្ថិភាព (security keys)។

បុគ្គលិក

  • ប្រកាន់ខ្ជាប់នូវគោលការណ៍តម្លាភាពជាមួយបុគ្គលិករបស់អ្នក និងទំនាក់ទំនងគ្នាឱ្យបានញឹកញាប់
  • ធ្វើការត្រួតពិនិត្យមើលបុគ្គលិកជារៀងរាល់ថ្ងៃប្រសិនបើអាចធ្វើបាន ដើម្បីបញ្ជាក់ថាពួកគេមានមិនមានបញ្ហា ឬការទើសទាល់ណាមួយក្នុងការធ្វើការពីចម្ងាយ ប្រសិនបើមានត្រូវដោះស្រាយជូនពួកគេតាមការសមស្រប
  • ត្រូវប្រាកដថាបុគ្គលិកទាំងអស់អាចប្រើប្រាស់មធ្យោបាយជាសម្លេង (voice communication) ដែលអាចប្រើការបាន ហើយពេលខ្លះទាមទារឱ្យមានការចំណាយទៅលើតម្លៃនៃមធ្យោបាយទំនាក់ទំនងនោះ ដើម្បីទទួលបានសម្លេងដែលលឺច្បាស់ចំពោះការប្រើប្រាស់សេវាកម្ម voice over IP​ ជាដើម
  • មិនគួរគ្រប់គ្រងបុគ្គលិកបែប micro-manage នោះទេ ព្រោះអាចឱ្យពួកគេមានការភ័យខ្លាច និងនាំធ្វើឱ្យលក្ខខណ្ឌដែលធ្វើការពីចម្ងាយ ឬនៅនៅផ្ទះមិនមានភាពល្អប្រសើរ ហើយពួកគេចាំបាច់ត្រូវធ្វើការតាមគំរូការងាររបស់ពួកគេ
  • រៀបចំឱ្យមាននូវលេខទូរស័ព្ទ និងអាស័យដ្ឋានអុីមែល សម្រាប់បុគ្គលិកអាចទំនាក់ទំនង និងបញ្ចេញមតិអំពីការព្រួយបារម្ភរបស់ពួកគេអំពី ក្រុមហ៊ុន ការធ្វើការងារនៅផ្ទះ ឬសូម្បីតែស្ថានភាពពាក់ព័ន្ធនឹងជំងឺកូវីដ១៩

ហេដ្ឋារចនាសម្ព័ន្ធ

  • គួរពិនិត្យឱ្យបានច្បាស់ថាប្រព័ន្ធបណ្តាញរបស់អ្នកមានកម្រិត bandwidth គ្រប់គ្រាប់សម្រាប់បុគ្គលិកអាចភ្ជាប់ចូលបាន ឬអ្នកគួរបន្ថែមទំហំឱ្យធំជាងនេះ
  • គួរពិនិត្យថាបុគ្គលិករបស់អ្នកអាចប្រើប្រាស់កម្មវិធីនៅលើក្លោដ (cloud) បានដែរឬទេ ដោយមិនចាំបាច់ឆ្លងកាត់បណ្តាញក្រុមហ៊ុន
  • គួររៀបចំឱ្យមាននូវការបម្រុងទុកសេវាកម្មរបស់អ្នកបន្ថែម ដើម្បីការពារនៅពេលមានបញ្ហាគាំង ឬមិនដំណើរការ បុគ្គលិកនៅតែអាចបន្តធ្វើការបាន
  • អ្នកគួរកែប្រែ និងរៀបចំការណែនាំនេះឱ្យត្រូវនឹងតម្រូវការជាក់ស្តែងរបស់អង្គភាព/អាជីវកម្ម និងលក្ខខណ្ឌដែលប៉ះពាល់ដល់អង្គភាព/អាជីវកម្មរបស់អ្នក ហើយចំណុចទាំងអស់ខាងលើនេះអាចគ្រប់គ្រាន់សម្រាប់អ្នកយកធ្វើជាគោលក្នុងការចាប់ផ្តើម និងសម្រួលការគិតរបស់អ្នកដើម្បីបន្ថែមតម្រូវការផ្សេងទៀតដែលអ្នកត្រូវធ្វើ។ ហើយត្រូវចាំថាការអនុវត្តនេះវាមិនមែនសម្រាប់អនុវត្តន៍យូរអង្វែងនោះទេ លុះត្រាតែបុគ្គលិករបស់អ្នកចូលចិត្តការអនុវត្តនូវគោលការណ៍នេះហើយវាមិនប៉ះពាល់ដល់ផលិតភាព និងប្រសិទ្ធភាពការងារអ្នកអាចពិចារណាក្នុងការអនុវត្តបន្តទៀត។

វេបសាយពាក់ព័ន្ធ

  • https://www.forbes.com/sites/waynerash/2020/03/18/checklist-for-companies-with-remote-employees-due-to-covid-19/
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.