January 24, 2025

Language:

ការវាយប្រហារដោយក្លែងបន្លំលទ្ធផលស្វែងរក (Search Engine Optimization Poisoning)

.តើអ្វីជាការក្លែងបន្លំលទ្ធផលស្វែងរក (SEO Poisoning)?

ការក្លែងបន្លំលទ្ធផលស្វែងរក ជាវិធីសាស្ត្រវាយប្រហារសាយប័រដែលឧក្រិដ្ឋសាយប័ររៀបចំធ្វើឱ្យអាល់ហ្កូរីត (algorithm) របស់ម៉ាស៊ីនស្វែងរក (search engine) ដាក់គេហទំព័រក្លែងក្លាយរបស់គេឱ្យនៅលេខរៀងលើគេខ្ពស់ៗក្នុងលទ្ធផលស្វែងរក (search results)។ គេហទំព័រក្លែងក្លាយទាំងនេះច្រើនតែផ្ទុកមេរោគ ឬជាគេហទំព័របន្លំលួចព័ត៌មានសម្ងាត់របស់ជនរងគ្រោះ។

អ្នកវាយប្រហារប្រើប្រាស់ពាក្យគន្លឹះពាក់ព័ន្ធនឹងប្រធានបទឬព្រឹត្តិការណ៍កំពុងពេញនិយម ដូចជាគ្រោះមហន្តរាយ ការចេញលក់ផលិតផលល្បីៗ ឬវិបត្តិសាធារណៈជាដើម។ តាមរយៈការប្រើបច្ចេកទេសដូចជាការញ៉ុកពាក្យគន្លឹះក្នុងគេហទំព័រ (keyword stuffing) តំណភ្ជាប់ទៅសារឥតបានការ និងមាតិកាក្លែងបន្លំ ពួកគេធ្វើឱ្យគេហទំព័រមើលទៅហាក់ដូចជាគេហទំព័រសុចរិត និងទាក់ទាញជនរងគ្រោះដែលមិនបានចាប់អារម្មណ៍សង្ស័យ។

ឧទាហរណ៍មួយចំនួននៃការក្លែងបន្លំលទ្ធផលស្វែងរកមាន៖

  • កម្មវិធីកម្ចាត់មេរោគក្លែងក្លាយ: អ្នកប្រើប្រាស់ដែលស្វែងរកកម្មវិធីកម្ចាត់មេរោគត្រូវបាននាំទៅកាន់គេហទំព័រព្យាបាទ ដែលបន្លំជាអ្នកផ្តល់សេវាដែលគួរឱ្យទុកចិត្តនិងល្បីៗដូចជា Avast, Bitdefender និង Malwarebytes ជាដើម។
  • ការបន្លំទំនិញក្នុងរដូវកាលពិសេស: ក្នុងអំឡុងពេលរដូវកាលមានការទិញទំនិញច្រើន ឧក្រិដ្ឋជនសាយប័របានបង្កើតគេហទំព័រក្លែងក្លាយបន្លំលក់ផលិតផលពេញនិយម ដែលបោកបញ្ឆោតអ្នកប្រើប្រាស់ឱ្យប្រគល់ព័ត៌មាននៃការទូទាត់របស់ពួកគេទៅក្នុងដៃឧក្រិដ្ឋជន។
  • ការកេងប្រវ័ញ្ចលើអ្នកស្វែងរកកម្មវិធី: ការស្វែងរកកម្មវិធីពេញនិយមដូចជា Blender 3D ជាដើមបាននាំអ្នកប្រើប្រាស់ទៅកាន់គេហទំព័រមិនពិតដែលផ្តល់កម្មវិធីមានបង្កប់មេរោគ។

.ផល់ប៉ះពាល់ចម្បងនៃការក្លែងបន្លំលទ្ធផលស្វែងរក

  • ឆ្លងមេរោគ : ការចុចលើតំណភ្ជាប់ទុច្ចរិតអាចធ្វើឱ្យឆ្លងមេរោគចាប់ជំរិតព័ត៌មាន មេរោគឃ្លាំយកព័ត៌មាន ។ល។
  • រងការក្លែងបន្លំយកព័ត៌មាន: ជនរងគ្រោះអាចត្រូវបានអ្នកវាយប្រហារបោកប្រាស់ឱ្យបញ្ចូលព័ត៌មានសម្ងាត់ដូចជាពាក្យសម្ងាត់ ឬព័ត៌មានហិរញ្ញវត្ថុ។
  • ការខូចខាតកេរ្ដិ៍ឈ្មោះ: អាជីវកម្មអាចបាត់បង់កេរ្ដិ៍ឈ្មោះនិងភាពជឿជាក់ពីសំណាក់អតិថិជន នៅពេលអតិថិជនស្វែងរកតាមអ៊ីនធឺណិត ហើយបែរជាជួបគេហទំព័រក្លែងបន្លំជាជាងគេហទំព័រ ឬសេវាកម្មរបស់ខ្លួនទៅវិញ។

.ការការពារប្រឆាំងនឹងការក្លែងបន្លំលទ្ធផលស្វែងរក

អ្នកប្រើ អាចការពារខ្លួនដោយការប្រកាន់យកទម្លាប់សកម្មល្អៗលើអ៊ីនធឺណិតដូចជា :

  • ផ្ទៀងផ្ទាត់ប្រភព: គួរពិនិត្យតំណភ្ជាប់ដោយប្រុងប្រយ័ត្នមុនពេលចុច ជាពិសេសនៅពេលស្វែងរកប្រធានបទ កំពុងពេញនិយម។
  • ប្រើកម្មវិធីការពារសុវត្ថិភាពដែលអាចទុកចិត្តបាន: កម្មវិធីកម្ចាត់មេរោគ និងកម្មវីធីផ្នែកបន្ថែមសម្រាប់កម្មវិធីរុករក (browser extensions) អាចជួយទប់ស្កាត់ និងបំបាំងតំណភ្ជាប់ ឬគេហទំព័រដែលបង្កគ្រោះថ្នាក់។
  • តាមដានព័ត៌មានបច្ចុប្បន្នពីការគំរាមកំហែង:ការយល់ដឹងអំពីព័ត៌មានសន្តិសុខសាយប័រថ្មីៗដែលកំពុងកើតមានឡើង មានសារៈសំខាន់ណាស់សម្រាប់ការមើលដឹងនិងជៀសវាងពីការព្យាបាទ។

អាជីវកម្មគួរការពារគេហទំព័រ និងអត្តសញ្ញាណឌីជីថលរបស់ពួកគេពីការកេងប្រវ័ញ្ច ដោយធ្វើជាដៃគូជាមួយអ្នកផ្តល់សេវា search engine optimization (SEO) ដែលអាចទុកចិត្តបាន។ អ្នកផ្តល់សេវា SEO ដែលអាចទុកចិត្តបានអាចបង្កើនកេរ្ដ៍ឈ្មោះគេហទំព័ររបស់អាជីវកម្ម ហើយកាត់បន្ថយភាពងាយរងគ្រោះ ដូចជា តំណភ្ជាប់ក្លែងក្លាយ ឬការផ្លាស់ប្តូរមាតិកាដែលគ្មានការអនុញ្ញាត ដែលជាសញ្ញាណមួយនៃការក្លែងបន្លំលទ្ធផលស្វែងរក។

អ្នកផ្ដល់សេវាកម្មស្វែងរកធំៗដូចជា Google និង Bing ធ្វើបច្ចុប្បន្នភាពជាប្រចាំនូវអាល់ហ្កូរីតរបស់ពួកគេដើម្បីស្វែងរក និងដាក់ពិន័យគេហទំព័រសង្ស័យដែលបង្ហាញពីអាកប្បកិរិយាព្យាបាទ ដូចជាការញ៉ុកពាក្យគន្លឹះក្នុងគេហទំព័រ សកម្មភាពបង្ហាញតំណភ្ជាប់គួរឱ្យសង្ស័យ និងខ្លឹមសារបំភាន់ដោយប្រើបច្ចេកវិទ្យាដូចជា៖

  • អាល់ហ្កូរីតម៉ាស៊ីនសិក្សា (machine learning algorithms): ឧបករណ៍ទាំងនេះវិភាគគេហទំព័ររាប់ពាន់លានដើម្បីកំណត់សញ្ញាណចេតនាព្យាបាទដែលអាចមាននៅក្នុងគេហទំព័រ។
  • បច្ចេកវិទ្យារុករកដោយសុវត្ថិភាព (safe browsing technology): ថ្នាលដូចជា Google ជាដើមនឹងព្រមានអ្នកប្រើប្រាស់អំពីគេហទំព័រដែលអាចបង្កគ្រោះថ្នាក់ មុនពេលពួកគេអាចចូលទៅគេហទំព័រទាំងនោះបាន។
  • ប្រព័ន្ធកេរ្ដិ៍ឈ្មោះដែនអ៊ីនធឺណិត (domain reputation systems): ម៉ាស៊ីនស្វែងរកនឹងវាយតំលៃភាពជឿជាក់នៃ ដែននានា ដើម្បីបន្ទាបតម្លៃដែនដែលមានជាប់ពាក់ព័ន្ធនឹងសកម្មភាពព្យាបាទ។

.សេចក្តីសន្និដ្ឋាន

ការក្លែងបន្លំលទ្ធផលស្វែងរក ជាការគំរាមកំហែងដែលកើនឡើងទាំងក្នុងវិស័យសន្តិសុខសាយប័រ និងវិស័យទីផ្សារឌីជីថល។ តាមរយៈការកេងប្រវ័ញ្ចបច្ចេកទេស SEO ស្របច្បាប់ ឧក្រិដ្ឋជនសាយប័រអាចបោកបញ្ឆោតអ្នកប្រើប្រាស់ ចែកចាយមេរោគ និងធ្វើឱ្យបាត់បង់ទំនុកចិត្តលើម៉ាស៊ីនស្វែងរក។

សម្រាប់អាជីវកម្ម ភាពជាដៃគូជាមួយអ្នកផ្តល់សេវា SEO ដែលគួរឱ្យទុកចិត្ត ធានាថាគេហទំព័ររបស់គេត្រូវបានធ្វើឱ្យប្រសើរឡើងដោយសុវត្ថិភាព និងមានការការពារភាពងាយរងគ្រោះពីការវាយប្រហាររបស់ឧក្រិដ្ឋជនសាយប័រ។ សម្រាប់អ្នកប្រើប្រាស់ ការប្រកាន់យកទម្លាប់ល្អៗដូចជាការផ្ទៀងផ្ទាត់ប្រភព ការប្រើឧបករណ៍សុវត្ថិភាពដែលអាចទុកចិត្តបាន និងការតាមដានព័ត៌មានអំពីការគំរាមកំហែងដែលកំពុងកើតមានគឺចាំបាច់សម្រាប់រក្សាសុវត្ថិភាពលើអ៊ីនធឺណិត។

. ឯកសារពាក់ព័ន្ធ

  • – https://hackread.com/seo-poisoning-how-scammers-search-engines-traps/
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.