December 22, 2024

Language:

គន្លឹះក្នុងការជ្រើសរើសសេវាកម្មបង្ហោះគេហទំព័រសម្រាប់អាជីវកម្មរបស់អ្នក

១.ព័ត៌មានទូទៅ

ការបង្កើតគេហទំព័រសម្រាប់អាជីវកម្មអនឡាញគឺជាជំហានដ៏សំខាន់មួយសម្រាប់សហគ្រិន។ អ្នកអាចទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនជាច្រើនជាមួយនឹងមាតិកាដែលមានគុណភាពនៅលើគេហទំព័រល្អ។ ប៉ុន្តែ ចំណុចមួយដែលម្ចាស់គេហទំព័ររបស់ក្រុមហ៊ុនភាគច្រើនមិនអើពើឬមើលរំលងគឺ ដំណើរការនៃការជ្រើសរើសសេវាកម្មបង្ហោះគេហទំព័រដែលគេអាចទុកចិត្តបាន។

ការជ្រើសរើសក្រុមហ៊ុនបង្ហោះគេហទំព័រល្អនឹងធានាថាគេហទំព័ររបស់អ្នកដំណើរការបានជាប់លាប់និងមានសុវត្ថិភាពខ្ពស់។ ការជ្រើសរើសខុសអាចបណ្តាលឱ្យមានបញ្ហានិងការខាតបង់ថវិកាច្រើន។ នៅក្នុងអត្ថបទនេះ យើងមានផ្តល់នូវគន្លឹះខ្លះៗក្នុងការជ្រើសរើសសេវាកម្មបង្ហោះគេហទំព័រដែលសមរម្យសម្រាប់អ្នក។

២.ពិចារណាអំពីប្រភេទសេវាកម្មបង្ហោះដែលអ្នកត្រូវការ

ក្រុមហ៊ុនបង្ហោះគេហទំព័រ (domain hosting) ល្អៗមានផ្តល់នូវប្រភេទសេវាកម្មផ្សេងៗគ្នា ហើយការជ្រើសរើសឱ្យបានសមរម្យនឹងអាស្រ័យលើតម្រូវការរបស់អ្នក។ សម្រាប់គេហទំព័រថ្មីដែលមានអ្នកចូលប្រើតិច សេវាបង្ហោះរួម (shared hosting) អាចជាជម្រើសល្អ។ ប្រសិនបើអ្នកគិតថានឹងមានអ្នកចូលប្រើច្រើន ឬអ្នកត្រូវដំណើរការកម្មវិធីច្រើននៅលើគេហទំព័ររបស់អ្នក អ្នកគួរស្វែងរកសេវាបង្ហោះលើក្លោដ (cloud hosting) ឬម៉ាស៊ីនមេឯកជននិម្មិត (virtual private server, VPS)។

ប្រសិនបើអ្នកជាម្ចាស់គេហទំព័រថ្មីមិនសូវមានបទពិសោធន៍ អ្នកគួរជ្រើសរើសក្រុមហ៊ុនដែលផ្តល់សេវាបង្ហោះហើយគ្រប់គ្រងការបង្ហោះនោះផងដែរ (managed hosting)។ នៅពេលអ្នកបង្ហោះគេហទំព័រដោយប្រើសេវាកម្មក្រុមហ៊ុនគ្រប់គ្រងការបង្ហោះ អ្នកមិនចាំបាច់ព្រួយបារម្ភអំពីការអាប់ដេតកម្មវិធីឬបញ្ហាសុវត្ថិភាពឡើយ ព្រោះក្រុមហ៊ុននឹងធ្វើជូនដោយស្វ័យប្រវត្តិ។

លើសពីនេះ អ្នកគួររើសយកក្រុមហ៊ុនដែលមានគម្រោងសេវាកម្មផ្សេងៗគ្នាច្រើន។ នៅពេលដែលតម្រូវការប្រើប្រាស់របស់អ្នកកើនឡើង អ្នកប្រហែលជាត្រូវផ្លាស់ប្ដូរគម្រោងសេវាកម្ម។ ក្រុមហ៊ុនផ្ដល់សេវាកម្មបង្ហោះគេហទំព័រមានគុណភាពល្អភាគច្រើនអនុញ្ញាតឱ្យអ្នកផ្លាស់ប្ដូរដំឡើងគម្រោងសេវាកម្មរបស់អ្នកដោយមិនចាំបាច់ផ្អាកដំណើរការ។

៣.ពិនិត្យមើលមុខងារដែលសេវាកម្មអាចផ្ដល់ជូន

កត្តាមួយទៀតអ្នកគួរពិចារណាគឺ មុខងារនិងលក្ខណៈផ្សេងៗក្នុងគម្រោងដែលគេផ្តល់ជូន។ ឧទាហរណ៍មួយគឺការផ្ទុកទិន្នន័យ។ ប្រសិនបើអ្នកបង្ហោះគេហទំព័រជាមួយក្រុមហ៊ុនដែលចំណាយថវិកាតិច ពួកគេអាចរក្សាទុកទិន្នន័យអ្នកនៅលើ hard disk drive ដែលមានហានិភ័យខូចខាតខ្ពស់។ ដូចនេះ អ្នកគួរស្វែងរកគម្រោងផ្ទុកទិន្នន័យលើ solid-state disk ដែលផ្តល់នូវភាពជឿជាក់និងល្បឿនលឿន។

លើសពីនេះ អ្នកគួរពិចារណារកគម្រោងដែលផ្តល់ការបម្រុងទុកដោយស្វ័យប្រវត្តិ ដែលជាមុខងារចាំបាច់សម្រាប់ការស្ដារទិន្នន័យឡើងវិញបន្ទាប់ពីមានបញ្ហាកើតឡើង។

ដូចគ្នានេះផងដែរ អ្នកគួរពិនិត្យមើលកម្មវិធីគ្រប់គ្រងគេហទំព័រដែលមានរួមបញ្ចូលនៅក្នុងគម្រោងសេវាកម្ម។ សេវាបង្ហោះគេហទំព័រមួយចំនួនមានកម្មវិធីដ៏ពេញនិយមឈ្មោះ cPanel ដែលអនុញ្ញាតឱ្យអ្នកគ្រប់គ្រងគេហទំព័របានយ៉ាងងាយស្រួល។ ប៉ុន្តែ សេវាកម្មបង្ហោះមួយចំនួនទៀតអាចផ្តល់កម្មវិធីផ្សេង ដែលអាចពិបាកក្នុងការប្រើប្រាស់។

៤.ធ្វើតេស្តសេវាកម្មដោះស្រាយបញ្ហាជូនអតិថិជន

សេវាកម្មគេហទំព័ររបស់អ្នកអាចជួបបញ្ហាគ្រប់ពេលវេលា ដែលអាចធ្វើឱ្យមានភាពរអាក់រអួល។ នេះអាចបណ្តាលមកពីកំហុសរបស់អ្នក ឬការវាយប្រហារ ឬកំហុសសេវាកម្មបង្ហោះ។ ប្រសិនបើក្រុមហ៊ុនផ្តល់សេវាបង្ហោះឆ្លើយតបបានលឿន វានឹងផ្ដល់ភាពងាយស្រួលក្នុងការដោះស្រាយបញ្ហាទាំងនេះ។ តែបើសេវាកម្មអតិថិជនឆ្លើយតបយឺតយ៉ាវឬពិបាកទំនាក់ទំនង សេវាកម្មគេហទំព័ររបស់អ្នកអាចស្ថិតក្នុងភាពរអាក់រអួលរយៈពេលយូរ។

ក្រុមហ៊ុនបង្ហោះគេហទំព័រល្អៗផ្តល់ជំនួយដោះស្រាយតាមរយៈមធ្យោបាយច្រើនប្រភេទ ដែលការសន្ទនាផ្ទាល់ (live chat support) ជាមធ្យោបាយពេញនិយមបំផុត។ សេវាកម្មសន្ទនាផ្ទាល់របស់ក្រុមហ៊ុនបង្ហោះគេហទំព័រត្រូវតែមាន២៤ម៉ោងរៀងរាល់ថ្ងៃដើម្បីផ្តល់ជំនួយដល់អតិថិជនបានគ្រប់ពេលវេលា។ សូមសាកល្បងសេវាកម្មផ្ដល់ជំនួយដល់អតិថិជនមុនពេលជ្រើសរើសក្រុមហ៊ុនបង្ហោះគេហទំព័រ។

៥.ពិចារណាលើមុខងារសុវត្ថិភាព

ប្រសិនបើអ្នកមិនប្រើសេវាកម្មបង្ហោះគេហទំព័រដែលមានសុវត្ថិភាពខ្ពស់ទេ គេហទំព័រអ្នកនឹងងាយរងការវាយប្រហារ។ វាប៉ះពាល់ដល់គេហទំព័ររបស់អ្នក និងអាចប៉ះពាល់ដល់អ្នកចូលប្រើសេវាកម្មរបស់អ្នកផងដែរ។

ករណីមួយទៀតគឺ ម៉ាស៊ីនស្វែងរកដូចជា Google ជាដើមនឹងមិនបង្ហាញគេហទំព័ររបស់អ្នកក្នុងលទ្ធផលស្វែងរកទេប្រសិនបើអ្នកបង្ហោះគេហទំព័រលើថ្នាលមានអាសយដ្ឋាន IP ដូចគ្នាជាមួយនឹងថ្នាលឆ្លងមេរោគឬជាថ្នាលសម្រាប់វាយប្រហារ ដែលបណ្តាលឱ្យចំនួនអ្នកចូលប្រើប្រាស់គេហទំព័ររបស់អ្នកថយចុះ ធ្វើឱ្យប៉ះពាល់ខ្លាំងដល់អាជីវកម្មរបស់អ្នក។

ដូច្នេះ ការពិនិត្យមើលមុខងារសុវត្ថិភាពដែលផ្តល់ដោយក្រុមហ៊ុនបង្ហោះគេហទំព័រមានសារៈសំខាន់ណាស់។ ក្រុមហ៊ុនល្អៗជាច្រើនមានមជ្ឈមណ្ឌលទិន្នន័យដែលមានកម្រិតសន្តិសុខខ្ពស់ដែលធ្វើឱ្យទិន្នន័យរបស់គេហទំព័រអ្នកមានសុវត្ថិភាព។ ក្រុមហ៊ុនផ្សេងៗទៀត អាចផ្តល់ឱ្យអ្នកជាវកម្រិតសុវត្ថិភាពសម្រាប់គេហទំព័ររបស់អ្នកបានតាមទំហំថវិកា។

៦.ឯកសារពាក់ព័ន្ធ

  • –   https://www.hackread.com/tips-best-web-hosting-service-business/
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.