រាជធានីភ្នំពេញ៖ តបតាមការអញ្ជើញរបស់សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា លោក គឹម អាន ប្រធានការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) បានធ្វើបទបង្ហាញមួយស្តីអំពី “បញ្ហាប្រឈមនៃធុរកិច្ចក្នុងសម័យឌីជីថល” ទៅដល់សិស្ស-និស្សិតប្រមាណជា ៥០០នាក់ នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅសាលស្រីឌីម នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ។
សិក្ខាសាលានេះមានគោលបំណងផ្តល់ជាចំណេះដឹង និងបទពិសោធន៍នានាដល់សិស្ស-និស្សិតអំពីបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដែលប្រើប្រាស់សម្រាប់វិស័យធុរៈកិច្ច។ ក្នុងឧិកាសនោះ លោក គឹម អាន បានផ្តល់នូវចំណេះដឹងអំពីបញ្ហាប្រឈមនានាក្នុងយុគ្គសម័យឌីជីថល ដែលផ្តោតសំខាន់ទៅលើហានិភ័យនៃការគំរាមគំហែងតាមប្រព័ន្ធអ៊ិនធឺណិតចំពោះពាណិជ្ជកម្មក្នុងពេលបច្ចុប្បន្ន។ អ្នកពាក់ព័ន្ធក្នុងកិច្ចការនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងវង្វង់ដែនសមត្ថកិច្ចរបស់ខ្លួន ធ្វើយ៉ាងណាដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិតឲ្យនៅកម្រិតទាបតាមតែអាចធ្វើទៅបាន៕