រាជធានីភ្នំពេញ៖ តបតាមការអញ្ជើញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក គឹម អាន ប្រធានការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) បានធ្វើបទបង្ហាញមួយស្តីអំពី “បញ្ហាប្រឈមនៃធុរកិច្ចក្នុងសម័យឌីជីថល” ទៅសិស្ស-និស្សិត និងអ្នកចូលរួមប្រមាណជា ៧០០នាក់ នារសៀលថ្ងៃសៅរ៍ ៣រោច ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នៅអាគារពាណិជ្ជកម្មនិងពិព័រណ៍កោះពេជ្រ (អាគារ F)។
សិក្ខាសាលានេះមានគោលបំណងផ្តល់ជាចំណេះដឹង និងបទពិសោធន៍នានាដល់សិស្ស-និស្សិត និងអ្នកចូលរួមអំពីឧស្សាហកម្ម ៤.០ (Industry 4.0) ផលិតភាពការងារនៅក្នុងយុគសម័យបច្ចេកវិទ្យា។ ក្នុងឱ្យកាសនោះ លោក គឹម អាន បានផ្តល់នូវចំណេះដឹងអំពីបញ្ហាប្រឈមនានាក្នុងយុគ្គសម័យឌីជីថល ដែលផ្តោតសំខាន់ទៅលើហានិភ័យនៃការគំរាមគំហែងតាមប្រព័ន្ធអ៊ិនធឺណិតចំពោះពាណិជ្ជកម្មក្នុងពេលបច្ចុប្បន្ន។ អ្នកពាក់ព័ន្ធក្នុងកិច្ចការនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងសន្តិសុខបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាននៅក្នុងវង្វង់ដែនសមត្ថកិច្ចរបស់ខ្លួន ធ្វើយ៉ាងណាដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិតឲ្យនៅកម្រិតទាបតាមតែអាចធ្វើទៅបាន។
លោកក៏បានលើកឡើងផងដែរថា នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភាគឺបានបញ្ជាក់យ៉ាងច្បាស់អំពីការត្រៀមខ្លួនក្នុងការទទួលយកនូវបដិវត្តន៍ ឧស្សាហកម្ម ៤.០ (Industrial Revolution 4.0) ស្របគ្នាទៅនឹងការធ្វើ digital transformation ដោយការប្រើប្រាស់បច្ចេកវិទ្យា។ ការប្រើប្រាស់បច្ចេកវិទ្យាគឺត្រូវស្វែងយល់អំពីហានិភ័យនឹងការគំរាម គំហែងនានាដែលអាចកើតមានឡើង ព្រមទាំងវិធានការការពារខ្លួនពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន៕