November 21, 2024

Language:

សិក្ខាសាលា​ស្តីពី​ “​សន្តិសុខ​ក្នុង​ការប្រើប្រាស់​បណ្តាញ​សង្គម​ (​Social​ ​Media​ ​Security​)”

រាជធានី​ភ្នំពេញ​៖ ព្រឹក​ថ្ងៃសុក្រ​ ០៦កើត​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃទី០៤​ ខែតុលា​ ឆ្នាំ២០១៩​ នៅ​ទី​ស្តី​ការក្រ​សួង​ លោក​ នាង​ ម៉ៅ​ អគ្គនាយករង​ តំណាង​ ឯកឧត្តម​ ជុន​ វ៉ា​ត អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ស្តី​ពី​ “សន្តិសុខ​ក្នុង​ការប្រើ​ប្រាស់​បណ្តាញ​សង្គម​ (Social​ Media​ Security​)” ។ សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំឡើង​ដោយ​នាយកដ្ឋាន​ឧស្សាហកម្ម​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ និង​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ ក្រោម​ការ​គាំទ្រ​ដោយ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ និង​ឧបត្ថម្ភ​ដោយ​ក្រុម​ហ៊ុន​ edotco​ ដោយមាន​ការចូលរួម​ពី​ក្រសួង​-ស្ថាប័ន​រាជរដ្ឋាភិបាល​, វិស័យ​ឯកជន​, គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ និង​វិស័យ​អប់រំ​ ដោយមាន​សិក្ខាកាម​ចូលរួម​សរុប​ប្រមាណ​ ២៥០នាក់​។

គោលបំណង​នៃ​សិក្ខាសាលា​រៀបចំ​ឡើង​ ​គឺ​ដើម្បី​ធ្វើការ​ចែករំលែក​អំពី​ហា​និ​ភ័យ​ថ្មីៗ​ពាក់ព័ន្ធ​ទៅ​នឹង​​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​រួម​មាន​សុវត្ថិភាព​ក្នុង​ការប្រើប្រាស់​អ៊ី​ម៉ែ​ល​ ​សុវត្ថិភាព​ក្នុង​ការប្រើប្រាស់​បណ្តាញ​សង្គម​ ​និង​ការ​បង្ហាញ​ផ្ទាល់​អំពី​លទ្ធភាព​ក្នុង​ការវាយប្រហារ​ ​និង​វិធីសាស្ត្រ​ការពារ​ ​ទប់​ស្កាត់​ពី​ការវាយប្រហារ​។​

​ក្នុង​ឱកាស​នោះ​ដែរ​ ​លោក​ ​នាង​ ​ម៉ៅ​ ​បាន​មានប្រសាសន៍ថា​ ​ការប្រើប្រាស់​បណ្តាញ​សង្គម​នៅ​ក្នុង​កម្ពុជា​បន្ត​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ ​បណ្តាញ​សង្គម​ហ្វេសប៊ុក​បាន​ក្លាយ​ជា​មធ្យោបាយ​ទំនាក់ទំនង​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​។​ ​តាម​របាយការណ៍​ពី​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ក្នុង​ខែ​សីហា​ ​ឆ្នាំ​២​០​១​៩​ ​កន្លងទៅ​នេះ​បាន​ឱ្យ​ដឹង​ថា​ ​អ្នកប្រើប្រាស់​ទូរស័ព្ទ​ចល័ត​មាន​ចំនួន​ ​២​០​,​៨​លាន​នាក់​ ​ដែល​ស្មើនឹង​ ​១​២​០​ភាគរយ​ ​ជាមួយនឹង​អ្នកប្រើប្រាស់​អ៊ិ​ន​ធឺ​ណិ​ត​ចល័ត​មាន​ចំនួន​ ​១​៥​,​៦​លាន​នាក់​ ​ដែល​ស្មើនឹង​ ​៩​៦​,​១​ភាគរយ​។​ ​បណ្តាញ​ព័ត៌មាន​សង្គម​ហ្វេសប៊ុក​ ​គឺជា​ប្រព័ន្ធ​មួយ​ដែល​ត្រូវ​ ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ជាងគេ​នៅ​កម្ពុជា​ក្នុងចំណោម​ប្រព័ន្ធ​បណ្តាញ​សង្គម​ផ្សេងទៀត​ ​ដែល​មាន​អត្រា​អ្នកប្រើប្រាស់​រហូតដល់​ប្រមាណ​ជា​ ​៨​,​៨​លាន​នាក់​ ​ស្មើនឹង​ ​៥​៤​,​០​២​ភាគរយ​ក្នុង​ខែ​សីហា​ ​ឆ្នាំ​២​០​១​៩​។​

​លោក​បាន​បន្ថែម​ទៀត​ថា​ ​សព្វថ្ងៃនេះ​ ​ទាំង​រាជរដ្ឋាភិបាល​ វិ​ស័​យ​ឯកជន​ ​និង​បុគ្គល​សាធារណៈ​នានា​ ​បាន​ប្រើ់​ប្រាស់​ហ្វេសប៊ុក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​ប្រជាពលរដ្ឋ​ ​និង​អតិថិជន​របស់​ខ្លួន​ដើម្បី​ផ្តល់​ព័ត៌មាន​ថ្មីៗ​ ​ក៏ដូចជា​ទទួល​បាន​ ​មតិ​យោបល់​ត្រល់​ប​មកវិញ​ផង​ដែរ​។​ ​សហគ្រាស​មីក្រូ​ ​ធន​តូច​និង​មធ្យម​ ​បាន​ប្រើប្រាស់​ហ្វេសប៊ុក​ក្នុង​ការ​លក់ទំនិញ​ ​និង​ផលិតផល​របស់​ខ្លួន​ដោយ​ផ្ទាល់​ទៅកាន់​អ្នកប្រើប្រាស់​ ​ឬក៏​ប្រើប្រាស់​ដើម្បី​ធ្វើ​ការបញ្ជូន​ព័ត៌មាន​អំពី​ការផ្ទេរ​លុយកាក់​ជាដើម​។​ ​ទោះជាយ៉ាងណាក៏ដោយ​ ​ការដែល​អ្នកប្រើប្រាស់​មិនបាន​ស្វែងយល់​អំពី​មុខងារ​របស់​ហ្វេសប៊ុក​ឱ្យ​បាន​លំអិត​នោះ​ទេ​ ​អ្នកប្រើប្រាស់​នឹង​អាច​ក្លាយ​ខ្លួន​ទៅជា​ជនរងគ្រោះ​ដោយ​ការប្រើប្រាស់​បច្ចេកវិទ្យា​ជាក់​ជាមិនខាន​។​ ​តួយ៉ាង​ជាឧទាហរណ៍​កន្លង​នេះ​ ​ទាំង​រាជរដ្ឋាភិបាល​ ​និង​វិ​ស័​យ​ឯកជន​បាន​ក្លាយ​ខ្លួន​ទៅជា​ជនរងគ្រោះ​ដោយ​ ​សារ​ចោរ​បច្ចេកវិទ្យា​ធ្វើការ​ជ្រៀតចូល​លួច​កាន់កាប់​គណនី​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ ​ហើយដែល​មាន​ខ្លះ​អាច​ ​ធ្វើ​ការស្រោចស្រង់​មកវិញ​ ​និង​មួយ​ចំនួន​ទៀត​គឺ​មិន​អាច​សង្គ្រោះ​មកវិញ​ឡើយ​។​ ​ចោរ​បច្ចេកវិទ្យា​អាច​ធ្វើការ​ ​ប្រើប្រាស់​គណនី​ដែល​លួច​បាន​ដើម្បី​បន្លំ​បោកប្រាស់​អ្នកដទៃ​ក្នុង​គោលបំណង​ទុច្ចរិត​ណាមួយ​ដែល​មិន​អាច​ ​ប៉ាន់ស្មាន​បាន​។​ ​ព័ត៌មាន​ក្លែងក្លាយ​ ​ឬ​ហៅថា​ ​Fake​ ​News​ ​គឺជា​ប្រធាន​បទ​មួយទៀត​ ​ដែល​បាន​នឹង​កំពុង​វាយលុក​នៅ​ក្នុង​ហ្វេសប៊ុក​នៅ​កម្ពុជា​ផង​ដែរ​។​ ​វា​បាន​ធ្វើ​ឱ្យ​អ្នកប្រើប្រាស់​ពិបាក​បែងចែក​ថា​តើ​ព័ត៌មាន​ណា​ពិត​ ​ឬ​មិន​ពិត​ ​បើសិនជា​មិនបាន​ធ្វើការ​ផ្ទៀងផ្ទាត់​ប្រព័ន្ធ​ឱ្យ​បាន​ច្បាស់លាស់​នោះ​ទេ​ ​ហើយ​បន្ទាប់មក​ធ្វើការ​ ​ចែករំលែក​បន្ត​ព័ត៌មាន​ទាំងនោះ​។​

​មុននឹង​បញ្ចប់​ ​លោក​សង្ឃឹម​ថា​សិក្ខាសាលា​នៅ​ក្នុងថ្ងៃនេះ​នឹងបាន​ជា​ធាតុ​ចូល​មួយ​ដ៏​សំខាន់​សម្រាប់​អស់លោក​-​លោកស្រី​ ​ក្នុង​ការ​ស្វែងយល់​បន្ថែម​អំពី​ចំណេះ​ដឹង​អំពី​សន្តិសុខ​ ​និង​សុវត្ថិភាព​ក្នុង​ការប្រើប្រាស់​បណ្តាញ​សង្គម​ ​ដើម្បី​ធ្វើ​យ៉ាងណា​ ​កាត់បន្ថយ​នូវ​ហា​និ​ភ័យ​ក្នុង​ការ​គ្រប់គ្រង​គណនី​ហ្វេសប៊ុក​របស់​អង្គភាព​របស់​ខ្លួន​ ​ក៏ដូចជា​ក្នុង​ការប្រើប្រាស់​ផ្ទាល់ខ្លួន​ផង​ដែរ​៕

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.